
ពោធិ៍ម្រាល បរសេដ្ឋ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ វេទិកានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក អ្នកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ អភិបាលស្រុក តំណាងមន្ទីរ ការិយាល័យជំនាញជុំវិញស្រុកបរសេដ្ឋ អាជ្ញាធរឃុំពោធិ៍ម្រាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនប្រមាណ៥០នាក់។
មានប្រសាសន៍បើកវេទិកា ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាការជួបគ្នាក្នុងវេទិកាសាធារណ:លើក ដំបូង បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជំងឺ កូវីដ-១៩។ ជំងឺនេះកាចសាហាវដោយសាររកវាក់សាំងមិនទាន់បាន។ ដូច្នេះ ហើយទើបក្រសួងសុខាភិបាលណែនាំឱ្យរាល់ការជួបជុំគ្នាមិនត្រូវលើសពី៥០នាក់។ ឯកឧត្តមបានបន្តថា ជំងឺនេះក៏បានធ្វើឱ្យពិភពលោករាំងស្ទះដំណើរសេដ្ឋកិច្ចផងដែរ។ ប៉ុន្តែ សេដ្ឋកិច្ចយើងមិនបានដុនដាប និងស្ទះដំណើរការឡើយ។ ការជួបជុំគ្នាក្នុងកម្រិតតូចនៅថ្ងៃនេះ ព្រោះយើងមិនអាចរង់ចាំបន្តទៀត។ យើងត្រូវមកស្តាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីយល់ដឹង និងរកវិធីដោះស្រាយ។ ហើយចាប់ពីពេលនេះតទៅ យើងបន្តការងារជួបជុំនៅក្នុងរង្វង់ក្រោម៥០ នាក់។
បន្ទាប់មក លោក ឈឺន សុធន អភិបាលស្រុក បានរាយការណ៍ជូនអង្គវេទិកាអំពី ស្ថានភាពទូទៅ និងការអភិវឌ្ឍក្នុងស្រុក ដោយក្នុងលោកបញ្ជាក់ថា អត្រាភាពក្រីក្រនៅបរសេដ្ឋមានចំនួន១៣%។ ក្នុងនោះ ទាំងកម្រិតក្រ១ និងក្រ២ មានចំនួន៣៣៣៩គ្រួសារ។ ហើយក្នុងដំណាក់កាលកូវីដ-១៩នេះ បានបន្ថែមគ្រួសារក្រីក្រចំនួន៣០៩គ្រួសារទៀត ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ជាកិច្ចបន្ត ឯកឧត្តមទេសរដ្ឋមន្ត្រីបានជូនវេទិកាទៅអ្នកចូលរួមឱ្យឡើងមានយោបល់ ឬលើកជាសំណូមពរ។ ក្នុងនោះ មានការលើកឡើងពីសំណើសុំស្ពាននៅភូមិម្រាលត្នោតខាងជើង និងផ្លូវចំនួន២ខ្សែនៅភូមិចម្រើនផល និងភូមិស្រែខ្ញែ បញ្ហាការអាស្រ័យផលត្រពាំងនៅភូមិតានួន បញ្ហាក្រុមហ៊ុនអាហារបំប៉នដែលឃោសនាឱ្យប្រជាជនបង់ប្រាក់២០០០ដុល្លារអាម៉េរិកដើម្បីចូលជាសមាជិក និងការបង្ហូរកាកសំណល់ពីកសិដ្ឋានចិញ្ចឹមជ្រូកចូលប្រឡាយជាដើម។ មុននឹងឆ្លើយតបដោះស្រាយជូនប្រជាជន ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើ លោកអភិបាលស្រុក ប្រធានក្រុមការងារឃុំ នាយករដ្ឋបាលស្រុក និងតំណាងការិយាល័យជំនាញឡើងឆ្លើយបំភ្លឺជាបន្តបន្ទាប់។
ក្រោយពីស្តាប់ការបកស្រាយរួចមក ឯកឧត្តមទេសរដ្ឋ មន្ត្រីបានធ្វើការបូកសរុប និងណែនាំដូចខាងក្រោម :
១) សូមកុំឱ្យប្រជាពលរដ្ឋជឿលើក្រុមហ៊ុនណាដែលមានសកម្មភាពជាចរឹតបោកប្រាស់ ដូចជាឱ្យទិញផលិតផលរបស់ខ្លួន មួយវគ្គដំបូងថ្លៃ២០០០ដុល្លារ រួចចូលជាសមាជិក គេឱ្យប្រាក់ខែ១ខែ ៥០០ដុល្លារ ឬចូលរួមឱ្យគេខ្ចីប្រាក់ ដោយឱ្យការប្រាក់១០%ក្នុងមួយខែជាដើម។
២) រាល់កសិដ្ឋានចិញ្ចឹមសត្វត្រូវតែគោរពស្តង់ដារអនាម័យ និងបរិស្ថាន។ ត្រូវចៀសវាងបង្ហូរសារធាតុអាក្រក់ ឬលាមកសត្វទៅក្នុងប្រឡាយទឹក អូរ ឬត្រពាំង បឹងបួរ ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ទឹក។
៣) ទាក់ទងនឹងស្ពាននៅភូមិម្រាលត្នោតខាងជើង សូមលោកអភិបាលស្រុកទាក់ទងជាមួយកងវិស្វកម្ម ឱ្យជួយផ្តល់ស្ពានឆ្លងកាត់បណ្តោះអាសន្ន សម្រាប់សិស្សានុ សិស្ស ស្រួលធ្វើដំណើរទៅសាលារៀន ទម្រាំគម្រោងសាងសង់របស់អង្គការ JICAចាប់ដំណើរការ។
៤) ចំពោះបញ្ហានៅភូមិតានួន សូមអាជ្ញាធរស្រុក ឃុំ ចុះទៅរៀបចំសណ្តាប់ធ្នាប់ ណែនាំថ្នាក់ដឹកនាំភូមិឱ្យធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដោយរុះរើសំណង់អនាធិបតេយ្យដែលកូនចៅខ្លួនធ្វើជាបន្ទាន់ និងនាំគ្នាធ្វើបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋទាំងអស់ឱ្យបានឆាប់រហ័ស។
៥) ចំណែកឯផ្លូវចំនួន២ខ្សែនៅភូមិចម្រើនផល និងភូមិស្រែខ្ញែ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យលើកសំណើជាបន្ទាន់ទៅកងវិស្វកម្ម ដើម្បីសុំឱ្យជួយសាងសង់ផ្លូវទាំងពីរខ្សែតាមសំណូមពរ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គវេទិកាថា ដោយសារកូវីដ-១៩ ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍អាចមានការយឺតយ៉ាវ។ ប៉ុន្តែ យើងនៅតែបន្តការងារអភិវឌ្ឍន៍ និងដោះស្រាយជាជំហានដោយមិនបោះបង់ចោលទេ។
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក