
នៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង៩:០០ព្រឹក នៅសណ្ឋាគារភ្នំពេញ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ ដោយមានការគាំទ្រពីអង្គការ UNAIDS, USAID និងPEPFAR។ សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាប្រធាន អនុប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ពីបណ្តាក្រសួង ស្ថាប័ន រាជធានី ឯកឧត្តម លោកជំទាវ និងអស់លោក ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការង ប្រធាននាយកដ្ឋានអាជ្ញាធរ ព្រមទាំងតំណាងអង្គការUNAIDS, USAID, HP+, KHANA, HACC និងឆេក សរុបប្រមាណ៦០នាក់។ ជាមួយគ្នានោះ ឯកឧត្តម លោកជំទាវ លោក អ្នកស្រី ប្រធាន អនុប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងខេត្តដែលមិនបានចូលរួមនៅកន្លែងប្រារព្ធពិធី ក៏បានចូលរួមតាមបណ្តាញវីដេអូ កម្មវិធីBlueJeans សរុប ៣៨គណនីផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គពិធីថា ផែនការយុទ្ធសាស្រ្តជាតិ លើកទី៥នេះ ត្រូវបានរៀបចំដោយទីប្រឹក្សាជាតិ និងអន្តរជាតិ ក្រោមកិច្ចសម្របសម្រួលពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត លើកទី៥ ត្រូវបានដាក់ជូនពិភាក្សា និងអនុម័តលើខ្លឹមសារ និងវិធីសាស្រ្ត ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០១៩។ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ពី ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល តំណាងប្រជាជនគន្លឹះ តំណាងអ្នកផ្ទុកមេរោគអេដស៍ក៏បានផ្តល់នូវធាតុចូល នៅក្នុងសិក្ខាសាលាផ្តល់សុពលភាពលើសេចក្តីព្រាងចុងក្រោយផងដែរ។
បន្ទាប់មកលោកវេជ្ជបណ្ឌិត ទេព ណាវុធ ប្រធាននាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវបានធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្រ្តជាតិ លើកទី៥ ដោយជម្រាបជូនអង្គពិធីអំពី គោលបំណង គោលការណ៍ និងសេចក្តីលម្អិតនៃយុទ្ធសាស្រ្តទាំង៤ ដែលរួមមាន ៖ ១) ផ្តល់សេវាបង្ការ ថែទាំ ព្យាបាល និងការគាំទ្រដ៏ទូលំទូលាយជាពហុវិស័យ ២) ធ្វើសមាហរណកម្មការឆ្លើយតបមេរោគអេដស៍ នៅក្នុងប្រព័ន្ធសុខាភិបាល ក្រសួងពាក់ព័ន្ធ និងស្ថាប័នសម្របសម្រួលថ្នាក់ជាតិ ៣) ពង្រីកវិសាលភាពគាំពារសង្គម និងលើកកម្ពស់ការទទួលបានសេវាសុខភាព សង្គម និងច្បាប់ សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ និង៤) បង្កើនហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដល់៥០% នៃការចំណាយលើកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ទាំងអស់នៅឆ្នាំ២០២៣ និងវិភាជថវិការបស់រាជរដ្ឋាភិបាលដល់អង្គការសង្គមស៊ីវិល សម្រាប់ការផ្តល់សេវាកម្មវិធីអេដស៍សំខាន់ៗ។
បន្តមក នៅក្នុងចំណាប់អារម្មណ៍របស់តំណាងអង្គការសង្គមស៊ីវិល ដែលថ្លែងដោយ លោក សុខ ចំរើន បាន កោតសរសើរចំពោះការរៀបចំនូវផែនការយុទ្ធសាស្រ្តលើកទី៥នេះឡើង។ ចំណែកឯ លោកស្រីវេជ្ជបណ្ឌិត Khin Cho Win Htin ទីប្រឹក្សាព័ត៌មានយុទ្ធសាស្រ្តអង្គការ UNAIDS ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការប្រយុទ្ធនឹងជំងឺអេដស៍រាប់ទសវត្សរ៍ និងជោគជ័យដ៏ល្បីល្បាញនៅកម្ពុជា មានឫសគល់ចេញមកពី គំនិតឆ្នៃប្រឌិត ការគោរពសិទ្ធិមនុស្ស និងសមភាពយេនឌ័រ ដំណោះស្រាយដោយផ្តោតលើសហគមន៍ ការប្តេជ្ញាចិត្ត នយោបាយ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ លោក John Eyres នាយកការិយាល័យUSAIDប្រចាំកម្ពុជា បានថ្លែងកោតសរសើរអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដែលបានស្នើរាជរដ្ឋាភិបាលកម្ពុជាឱ្យប្តេជ្ញាបង្កើនថវិកាទិញឱសថប្រឆាំងនឹងមេរោគអេដស៍ពី១,៥លាននៅឆ្នាំ២០២០ ដល់៥លានដុល្លារនៅឆ្នាំ២០២៣។ ហើយនៅក្នុងឱកាសរំឭកខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា USAID និង PEPFAR នៅតែប្តេជ្ញាបន្តជួយប្រជាជនកម្ពុជាដើម្បីឈានទៅសម្រេចគោលដៅក្នុងការលុបបំបាត់មេរោគអេដស៍។ ជាពិសេសសហរដ្ឋអាម៉េរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការត្រួតពិនិត្យការអនុវត្ត សជណ២១៣។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតដែលបង្ហាញពីសុច្ឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅ៩៥-៩៥-៩៥ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥នេះ គឺបានរៀបចំឡើងក្រោមចក្ខុវិស័យរួមមួយដើម្បីបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយមិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់រងគ្រោះ និងក្នុងក្តីសង្ឃឹមដ៏មុតមាំថាកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយគ្នានេះ បើទោះបីយើងប្រឈមនឹងបញ្ហាធនធាននៅក្នុងអំឡុងពេលដែលមានបញ្ហាកូវីដ-១៩ នេះក៏ដោយ ក៏យើងនៅតែអាចសម្រេចបាននៅគោលដៅ ៩៥-៩៥-៩៥ ជាក់ជាមិនខាន ប្រសិនបើយើងធ្វើការឆ្លើយតបរួមគ្នាក្រោមស្ថាប័នសម្របសម្រួលតែមួយ ផែនការយុទ្ធសាស្រ្តតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីថា ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ អង្គការ UNAIDS បានប្រកាសទទួលស្គាល់ហើយថាកម្ពុជាសម្រេចបាន ៨៤-១០០-៩៦ នៃគោលដៅ ៩៥-៩៥-៩៥ ដែលរាជរដ្ឋាភិបាលបានកំណត់ថានឹងត្រូវសម្រចឱ្យបាននៅឆ្នាំ២០២៥។ ដូច្នេះ ការងារដែលសំខាន់នាពេលនេះ គឺយើងទាំងអស់គ្នាត្រូវប្រឹងប្រែងពុះពាររួមគ្នា រកគ្រប់មធ្យោបាយដើម្បីសម្រេចគោលដៅ ៩៥ ទី១ ឱ្យបាន១០០% ឬ៩៥% តាមការកំណត់។ ម៉្យាងទៀត ទិសដៅយើងនាពេលនេះគឺត្រូវឈានទៅសម្រេចឱ្យបាននូវគោលដៅអ្នកឆ្លងថ្មី ក្នុងមួយឆ្នាំមិនឱ្យលើសពី៣៦០នាក់ ឬ ១នាក់ក្នុង១ថ្ងៃ និងអ្នកស្លាប់ដោយសារជំងឺអេដស៍ មិនឱ្យលើសពី១.០០០នាក់ ឬ ៣នាក់ ក្នុង១ថ្ងៃ។











ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV News
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក
ឯកសារសម្រាប់ទាញយក