ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

វេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី​នយោបាយ និងការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា

ស្វាយចចិប : នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ នៅសាលាឃុំ​ស្វាយចចិប ក្នុងស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ បាន​អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងវេទិកា​សាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និងការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ វេទិកានេះ​មានការ​ចូលរួម​ពីឯកឧត្តម អស់លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ អភិបាល​ស្រុក តំណាង​មន្ទីរ ការិយាល័យ​ជំនាញ​ជុំវិញស្រុកបរសេដ្ឋ អាជ្ញាធរ​ឃុំស្វាយចចិប កងកម្លាំង​ប្រដាប់​អាវុធ និងប្រជាជន​ប្រមាណ ៩០នាក់។

ជាកិច្ចកិច្ចចាប់ផ្តើម លោកអភិបាល​ស្រុកឡើងរាយ ការណ៍ជូន​អង្គវេទិកា ដោយសង្កត់​បញ្ជាក់ថា ស្រុក​បរសេដ្ឋបាន​សម្រេច ការតបណ្តាញ​អគ្គិសនី​ចូលគ្រប់ភូមិ​ទាំង២១៨ និងទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ការបញ្ចប់ការ​បន្ទោរបង់​ពាសវាល​ពាសកាល ពីក្រសួង​អភិវឌ្ឍន៍​ជនបទ​ផងដែរ។

មានប្រសាសន៍ដឹកនាំវេទិកា ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា បើនិយាយ​ពីសុខសន្តិភាព របបគ្រប់គ្រង​ប្រទេសយើង​សព្វថ្ងៃបាននាំមក​នូវសន្តិភាព២២ឆ្នាំហើយ បើគិត​ពីឆ្នាំ១៩៩៨មក។ ដោយសារ​មានសុខសន្តិភាព​បរិបូណ៌ ទើបយើងមាន​ការអភិវឌ្ឍ។ ហើយបើ​តាមរបាយការណ៍​របស់លោក​អភិបាលស្រុក ភូមិចំនួន​២១៨ស្មើ១០០% មានអគ្គិសនី​ប្រើប្រាស់ហើយ។ ឯភាពក្រីក្រ​មានចំនួន ១៣,៤៣%។ ដោយសារ​យើងលែងក្រ ដូច្នេះគេលែងសូវ​ជួយហើយ គឺគេឱ្យលុយខ្ចី​ដើម្បីអភិវឌ្ឍ។ របបដឹកនាំ​របស់យើងសព្វថ្ងៃ​គឺជារបប​ប្រជាធិបតេយ្យ។ បើជារបប​ផ្តាច់ការ​ដូចការលើកឡើង​របស់ក្រុមប្រឆាំងនោះ យើងមិនចបាច់​ចុះមកជួបគ្នា​ដូចក្នុងវេទិកា​នេះទេ។ យើងក៏បានរៀបចំការបោះឆ្នោតជាទៀងទាត់​រៀងរាល់ ៥ឆ្នាំម្តង។ អំណាច​កើតចេញ​មកពីប្រជាជន។ ឯកឧត្តម​សង្កត់ធ្ងន់ថា សិទ្ធិមនុស្ស​រក្សាបាន​តែនៅពេល​ប្រទេស​មានសុខ​សន្តិភាពទេ។

ជាកិច្ចបន្ត ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យអ្នកចូលរួម លើកជាសំណួរ ឬសំណូមពរ។ ជាមួយគ្នានោះ មេភូមិ តំណាងភូមិ និងប្រជាពលរដ្ឋ​បានលើកជា​សំណូមពរ និងសំណួរ​ពាក់ព័ន្ធនឹង ១) ហេដ្ឋារចនា​សម្ព័ន្ធ (ទ្វារទឹក ក្នុងភូមិត្រយឹងទេរ និងផ្លូវនៅ​ភូមិឫស្សីយល់) ២) អត្តសញ្ញាណប័ណ្ណ ៣) ការអប់រំ (ការកំណត់​អាយុសិស្ស)។

ជាការឆ្លើយតបមុនសម្រេចដោះស្រាយជូនម្ចាស់សំណួរ ក៏ដូចជាប្រជាពលរដ្ឋ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ លោកអភិបាលស្រុក តំណាងមន្ទីរ និងលោកមេឃុំ ឡើងឆ្លើយ និងបំភ្លឺ។ ទាក់ទងនឹង ទ្វារទឹក មន្ទីរធនធានទឹក និងឧតុនិយម បានទទួលយក​ទៅដោះស្រាយជូន។ ចំពោះការ​យឺតយ៉ាវ និងការចំណាយ​ក្រៅផ្លូវការ​ក្នុងការចេញ​អត្តសញ្ញាណប័ណ្ណ លោកអធិការ​រងស្រុកបាន ស្នើថា បើរយៈពេល​ដែលទទួលបាន​លើសពី​៣០ថ្ងៃ សូមទាក់ទងទៅ​លោកសួរនាំ ដើម្បីពិនិត្យ​ដោះស្រាយ។ ចំណែកឯការ​កំណត់អាយុសិស្ស តំណាង​មន្ទីរអប់រំ យុវជន និងកីឡា បានបំភ្លឺថា ការកំណត់​អាយុ​ចូលរៀន អាយុ៦ឆ្នាំ គឺយោងតាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ ក្នុងរយៈពេល​កន្លងមក ប្រជាពលរដ្ឋ​បានយកកូន​ដែលមិនទាន់ដល់​អាយុយក​ទៅផ្ញើសាលា។ កុមារទាំងនោះ​រៀនពូកែ ដូច្នេះក៏ចុះឈ្មោះ​ឱ្យចូលរៀន​ហើយបាន​ឡើងថ្នាក់។ ប៉ុន្តែ ដល់ប្រឡង​ពេលមធ្យម​សិក្សា​បឋមភូមិ ដែលត្រូវ​ពិនិត្យអាយុ ឪពុកម្តាយ​នាំគ្នារត់ការ​កែអាយុកូន។ លោកបន្តថា ក្រុមដែល​មិនគ្រប់​អាយុសុទ្ធតែ​ពូកែទាំងអស់។ ដូច្នេះ សូមស្នើ​បន្ធូរបន្ថយ​ការកំណត់​អាយុ។ ជាដំណោះស្រាយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំសំណុំ​ឯកសារស្នើសុំ​ទៅឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីទទួលបាន​ការអនុញ្ញាត​ពិសេស។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលទទួលខុសត្រូវ​ជំងឺអេដស៍ ចង់រៀបចំការងារ​អេដស៍​ឱ្យបានល្អ។ ក្រុមការងារ​អាជ្ញាធរ​នឹងចុះមក​សហការការ​រៀបចំសិក្ខាសាលា​ជាមួយស្រុក​នានាក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ និង១៤ ខែតុលានេះ។ សព្វថ្ងៃ យើងមាន​ការបារម្ភ​យុវវ័យ​ដែលជា​ក្រុមបុរសរួមភេទ​ជាមួយបុរស។

នៅទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ជូនវេទិកាថា រាជរដ្ឋាភិបាល​នឹងខិតខំ​បន្ត​គោលនយោបាយ​ក្នុងវិស័យ​សុខាភិបាល​ទប់ស្កាត់​កុំឱ្យមាន​ការឆ្លង​ជំងឺកូវីដ-១៩បន្ត​ទៅទៀត ហើយនិង​បន្តឧបត្ថម្ភ​គ្រួសារក្រីក្រ​រហូត​ដល់ដំំណាច់​ឆ្នាំ២០២០។ ជាមួយគ្នានោះ ឯកឧត្តម​បានសង្កត់ធ្ងន់ថា ដើម្បី​ការពារ និងយកឈ្នះ​ជំងឺអេដស៍ ស្រោមអនាម័យ​ជារបស់​ប្រើប្រាស់​ដែលសំខាន់​ចាំបាច់។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា