ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ជាមួយ​តំណាងទីភ្នាក់ងារ សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ

នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអនុញ្ញាតអោយ​ក្រុមការងារ​អនុវត្តគម្រោងថ្មី ប្រព័ន្ធ​សុខាភិបាល​មូលដ្ឋាន (LHSS) ដឹកនាំ​ដោយលោកវេជ្ជ. ចក់ ចន្ថា ចូលជួបសម្តែង​ការគួរសម ដើម្បីណែនាំ​ក្រុមការងារ និងពិភាក្សា​អំពីការ​បន្ស៊ីគ្នារវាងទស្សនវិស័យ​របស់អ.ជ.ប.ជ.អ ជាមួយ​ក្របខណ្ឌ​សកម្មភាព​នៃគម្រោង នៃទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍអន្តរជាតិ (USAID)។

គោលបំណង ៖ ដើម្បីណែនាំក្រុមការងារ​អនុវត្តគម្រោង និងពិភាក្សាលើទិសដៅ​គម្រោងការ​ធ្វើឱ្យមានចីរភាព​នៃប្រព័ន្ធ​សុខាភិបាល​មូលដ្ឋាន (LHSS) ការគាំទ្រ​ហិរញ្ញប្បទាន​ដោយទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍​ចំពោះ​ប្រតិភូទាំងអស់ ៖
តួនាទីភារកិច្ចរបស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ គឺមានកិច្ចសហប្រតិបត្តិការ​យ៉ាងសកម្ម និងមាន​យន្តការ​ប្រកបដោយ​សក្តានុពល​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ជាមួយ​នឹងក្រសួង ស្ថាប័ន ព្រមទាំង​អង្គការ​ដៃគូនានា ដើម្បីដាក់​ចេញនូវ​វិធានការ​ទប់ស្កាត់ ការការពារ​កុំឱ្យមាន​ជំងឺអេដស៍​រីករាលដាល។       ដោយផ្តោតលើ​ចំណុច​សំខាន់ៗ​ជាច្រើន ដូចជា ស្ថានភាព​នៃការរីករាល​ដាល​មេរោគអេដស៍ ការឆ្លើយតប​ប្រយុទ្ធនឹង​ជំងឺអេដស៍        បទពិសោធន៍​អនុវត្ត​សកម្មភាព​ជាអាទិភាព និងទស្សន​វិស័យ​ក្នុងកិច្ច​សហប្រតិបត្តិការ​រឹងមាំ​ជាមួយ​គ្រប់ដៃគូ។ ក្នុងនោះមានការ​ដាក់អោយ​អនុវត្តនូវ​វិធីសាស្រ្តថ្មីៗ និងការបង្ការការ​ឆ្លងមេរោគអេដស៍​មុនពេល​ប្រឈម​របស់​សហគមន៍ ក្នុងការបង្ការ ការព្យាបាល និងសេវ៉ាថែទាំសុខភាព។ អ.ជ.ប.ជ.អ បានធ្វើឱ្យ​មានវឌ្ឍនភាព​យ៉ាងល្អ​ក្នុងការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ដោយធ្វើ​សមាហរណកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែលគ្រប​ដណ្តប់​ទៅលើ​វិស័យ​សាធារណៈ និងឯកជន ដោយ​អនុវត្តតាម​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ទូលំទូលាយ និងពហុវិស័យ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ រួមបញ្ចូល​ទាំងតួនាទី​ច្បាស់លាស់​ក្នុងការ​ដាក់ចេញ​គោលនយោបាយ​ផងដែរ។   អ.ជ.ប.ជ.អ បានអនុវត្ត​វិធានការ​ទាំង៦​នៃសជណ​លេខ២១៣ ដោយ​បានចាប់ផ្តើម​ធ្វើនៅ​ខេត្តកំពង់ស្ពឺ សម្រាប់​យកទៅ​អនុវត្ត​នៅខេត្ត​ផ្សេងៗ​ទៀត។

ជាកិច្ចបន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញតជូន ប្រតិភូនៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ(USAID) មាន​មតិសំណេះសំណាល ៖
១- លោកវេជ្ជ. ចក់ ចន្ថា ប្រធានក្រុម ផ្នែកពង្រឹង​ប្រព័ន្ធ​សុខាភិបាល (USAID) បានលើក​ឡើងនូវចំណុច    សំខាន់ៗ ដូចជា៖
•    យើងបន្តកិច្ចសហ​ប្រតិបត្តិការ ដើម្បី​បញ្ចប់ការ​ចម្លង​រាលដាល​មេរោគ​អេដស៍ ដើម្បី​ឆ្ពោះទៅ​សម្រេច គោលដៅ​ឆ្នាំ២០២៥។
•    គម្រោងមាន​បំណង​ពង្រឹង​សមត្ថភាព​ថ្នាក់ខេត្ត ដើម្បីរៀបចំ​ផែនការ​សកម្មភាព​ថ្នាក់ក្រោមជាតិ ផែនការថវិកា ការតាមដាន និងរាយការណ៍​ហិរញ្ញវត្ថុ ក្នុងការ​ឆ្លើយតប​បញ្ហា​សុខភាព​ទូទៅ រួមនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍។
•    កំណត់ពីបញ្ហាប្រឈម ក្នុងការផ្តល់សេវាកម្ម ដើម្បីឆ្លើយតប​នឹងជំងឺអេដស៍។
•    ផ្តល់ថវិកាជូនសហគមន៍​ក្នុងការចូលរួម និងរក្សានិរន្តរភាព។

២- លោក Nick Edwards ប្រធានគម្រោង LHSS នៃអង្គការ Abt Associates
•    រីករាយនឹងពង្រឹងកិច្ចសហការជាមួយ និងគាំទ្រ អ.ជ.ប.ជ.អ ដើម្បីរៀបចំ​ផែនការ​សកម្មភាព និងដាក់បញ្ចូល​ថវិកា​ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅថ្នាក់​ក្រោមជាតិ។
•    ពង្រឹងសមត្ថភាពដល់មន្រ្តី អ.ជ.ប.ជ.អ ដើម្បីត្រួតពិនិត្យ​វឌ្ឍនភាព​នៃការ​អនុវត្ត​សេចក្តីជូន​ដំណឹង​លេខ២១៣  សជណ.សស ការប្រមូល​ទិន្នន័យ ការក្សា និងការ​វិភាគ​ទិន្នន័យ  ឆ្ពោះទៅ​រក្សានិរន្តរ​ភាព​នៃការឆ្លើយតប​នឹង​មេរោគ​អេដស៍។
•    នឹងធ្វើការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្កើតឱ្យមាន​ប្រព័ន្ធ​ទិន្នន័យជាតិ និងវិភាគ    វឌ្ឍនភាព​នៃសេចក្តី​ជូនដំណឹង​លេខ២១៣  សជណ.សស។

៣- លោកវេជ្ជ. ស្រី មុនី ទីប្រឹក្សាជាន់ខ្ពស់ នៃគម្រោង LHSS នៃអង្គការ Abt Associates (Principal Advisor of LHSS of Abt Associates) ។
•    គម្រោងថ្មីនេះនឹងជួយពង្រឹងធនធានមនុស្ស តាមរយៈការ​បណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំ​បច្ចេកទេស ដើម្បី​ចែករំលែក​ព័ត៌មាន​ជាយុទ្ធសាស្ត្រ។
•    ជួយពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លែ លើកផែនការ​សកម្មភាព។

    បន្ទាប់មក កិច្ចពិភាក្សាបានដំណើរការបន្តក្នុងនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍   សំណេះ​សំណាល និងផ្តល់នូវ​អនុសាសន៍​លើចំណុច​សំខាន់ៗ​ដូចខាងក្រោម ៖
•    អ.ជ.ប.ជ.អ គាំទ្រនូវកញ្ចប់​សកម្មភាពធំៗ ដែលគម្រោង LHSS បានលើកឡើង គឺស្របគ្នានឹង   ទស្សនវិស័យ និងទិសដៅ​ការងារដែល អ.ជ.ប.ជ.អ. កំពុង​ដាក់ចេញ។
•    អ.ជ.ប.ជ.អ កំពុងធ្វើការដើម្បីឱ្យសហគមន៍ចូលរួម​ប្រកបដោយ​និរន្តរភាព និងជម្រុញឱ្យ​មានដំណោះស្រាយ​គោលនយោបាយ អាចជួល​អ្នកជំនួយ​ការ​បច្ចេកទេស ដើម្បី​បញ្ជ្រាប​ការងារ​ឆ្លើយតបនឹង​មេរោគអេដស៍​នៅមូលដ្ឋាន។
•    អ.ជ.ប.ជ.អ បានបញ្រ្ជាបកម្មវិធីអេដស៍ទៅក្នុងផែនការ​សកម្មភាព​ការងារ ថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​មួយចំនួន​ហើយ។ ស្នើ​គម្រោង​ថ្មីនេះ​ពិនិត្យលទ្ធភាព​ជួយ អ.ជ.ប.ជ.អ ពង្រីកការងារ​នេះទៅឱ្យ​បានច្រើន​ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់​តាមដែល​អាចធ្វើបាន ក្នុងរូបភាព​ជាការគាំទ្រ​សិក្ខាសាលា វគ្គបណ្តុះ​បណ្តាល រឺមានការ​គាំទ្រ​ថ្លៃបេសកកម្ម​ដល់មន្ត្រីយើង​ចុះទៅធ្វើការ បណ្តុះបណ្តាល។
•    អ.ជ.ប.ជ.អ បានលើកទឹកចិត្ត​ជំរុញឱ្យថ្នាក់ក្រោមជាតិ​ធ្វើបច្ចុប្បន្នភាព​គណៈកម្មាធិការ​អេដស៍​រាជធានី ខេត្ត ក្រុង ស្រុក ឱ្យដំណើរការ និងលើក​ទឹកចិត្ត​ឱ្យមានការ​ប្រជុំ​ជាទៀងទាត់។
•    ស្នើគម្រោងនេះគាំទ្រ អ.ជ.ប.ជ.អ ក្នុងការជួយ​បណ្តុះបណ្តាលឃុំ សង្កាត់ ឱ្យចេះធ្វើ​គម្រោង​សំណើថវិកា និងចេះប្រើប្រាស់​ថវិកា ចេះធ្វើ​សេវា​សង្គម ដែលមាន​កំណត់​ក្នុងសៀវភៅ​ក្រសួង​មហាផ្ទៃ ដោយចាប់​ផ្តើមពី​ឃុំទាំងអស់​ក្នុងស្រុកបសេដ្ឋ និងយក​ខេត្តកំពង់ស្ពឺ​ជាគំរូក្នុង ការអនុវត្ត​កម្មវិធី​ប្រយុទ្ធនឹង​ជំងឺអេដស៍។
•    ក្នុងខែកន្លងទៅនេះយើងបានរៀបចំវគ្គបណ្តុះ​បណ្តាល​នៅកំពង់ស្ពឺ ដែលមានសមាសភាព​ចូលរួមពី អភិបាលខេត្ត ប្រធានមន្ទីរ​សុខាភិបាល ប្រធាន​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុខេត្ត ប្រធាន​រតនាគារ​ខេត្ត ប្រធាន​មន្ទីរពាក់ព័ន្ធ អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សា ឃុំ ស្មៀនឃុំ ប្រធាន​មន្ទីរពេទ្យ​បង្អែក និងមណ្ឌល​សុខភាព។ ការងារ​បែបនេះ​នឹងត្រូវ​ធ្វើនៅ​គ្រប់ខេត្ត នាឆ្នាំថ្មីនេះ ស្របពេល​ដែលគម្រោង LHSS         ចាប់ផ្តើម​អនុវត្ត។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)ដើម្បី​បន្តកិច្ច​សហប្រតិបត្តិការ​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍​ឱ្យកាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។
អង្គប្រជុំបាន​បញ្ចប់​នៅវេលាម៉ោង​១១:១៥ នាទី ប្រកបដោយ​បរិយាកាស​រីករាយ និងស្និទ្ធស្នាល​ក្រៃលែង។