
នៅព្រឹកថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន នាយកខុទ្ទល័យ អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា និងជំនួយការនៅបន្ទប់ប្រជុំផ្ទាល់ និងពីលោក លោកស្រី អ្នកនាងកញ្ញា ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីតាមប្រព័ន្ធ វីដេអូ កម្មវិធីBlueJeans សរុបចំនួន៥០នាក់។
គោលបំណងនៃកិច្ចប្រជុំ:
- ដើម្បីស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃសកម្មភាពរបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ដើម្បីដឹងពីស្ថានភាពរាលដាល និងគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍ និងបទអន្តរាគមន៍។
- ដើម្បីដឹងពីសមិទ្ធផលដែលសម្រេចបាន និងឧបសគ្គដែលកើតមានឡើងក្នុងការអនុវត្តផែនការសកម្មភាព និងលើកផែនការសកម្មភាពអនុវត្តសម្រាប់ឆ្នាំ២០២១។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់ដែលបានចូលរួម និងបានជម្រាបជូនពីដំណើរការនៃកិច្ចប្រជុំ តាមរបៀបវារៈដូចខាងក្រោម :
I)- បទបង្ហាញស្តីពីរបាយការណ៍សង្ខេបនៃលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
ប្រចាំខែវិច្ឆិកា និងខែធ្នូ ដោយឯកឧត្តមអគ្គលេខាធិការ។
II)- បទបង្ហាញ ស្តីពីការរៀបចំសម្របសម្រួលក្នុងការអនុវត្តសកម្មភាពឆ្នាំ២០២១ ដោយឯកឧត្តម ទា ផលា
III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
I- បទបង្ហាញសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារដែលសម្រេចបាន
• បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១១។
• បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ ប្រចាំឆ្នាំ។
• រៀបចំរបាយការណ៍កិច្ចប្រជុំពេញអង្គលើកទី២ សន្និបាត និងរបាយការណ៍ប្រចាំឆ្នាំ។
• រៀបចំផែនការសកម្មភាព និងថវិកាអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២១។
• រៀបចំបញ្ចប់គោលការណ៍ណែនាំ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ជាសកល។
• រៀបចំបញ្ចប់ពាក្យបំព្រួញទាក់ទងនឹងការងារមេរោគអេដស៍ និងជំងឺអេដស៍។
• បានរៀបចំវគ្គបណ្តុះបណ្តាលគម្រោងមូលនិធិសកល។
• បិទបញ្ជីចំណាយថវិកាជាតិ និងថវិកាមូលនិធិសកលឆ្នាំ២០២០។
២- បញ្ហាប្រឈម
• ស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តផលប៉ះពាល់ដល់ការអនុវត្តសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍។
• នីតិវិធីចំណាយថ្មី ធ្វើឱ្យមានការប៉ះពាល់លើការដកថវិកាមកអនុវត្ត ដូចជាជុំរជ្ជទេយ្យមានកម្រិតទឹកប្រាក់តិច។
• មិនទាន់មានការបញ្ជាក់លើនីតិវិធី ចំណាយសោហ៊ុយបេសកកម្មក្នុងប្រទេស និងកិច្ចប្រជុំ សិក្ខាសាលា និង បណ្តុះបណ្តាល។
• ថវិកានៃគម្រោងមូលនិធិ (២០២១-២០២៣) មិនទាន់កំណត់ច្បាស់លើការដកមកប្រើប្រាស់បាននៅឡើយ។
II)- បទបង្ហាញ ស្តីពីការរៀបចំសម្របសម្រួលក្នុងការអនុវត្តសកម្មភាពឆ្នាំ២០២១
ដោយឯកឧត្តម ទា ផលា
• ត្រូវបន្តការអនុវត្តសេចក្តីជូនដំណឹងលេខ ២១៣.សជណ.សស ទៅគ្រប់ក្រសួង និងរាជធានី ខេត្ត។
• ត្រូវអនុវត្តទៅតាមផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ (២០១៩-២០២៣)។
• ត្រូវរៀបចំអនុវត្តផែនការយុទ្ធសាស្រ្តជាតិលើកទី៥នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
• ការផ្តល់អាទិភាពដល់តំបន់ភូមិសាស្ត្រសម្រាប់ធ្វើអន្តរាគមន៍។
• តួនាទីរបស់អ.ជ.ប.ជ.អ គឺជាអ្នកដឹកនាំ ដើម្បីសម្របសម្រួល ដើម្បីកៀរគរធនធាន និងដើម្បីតាមដាន
ដែលជាផែនទីបង្ហាញផ្លូវប្រកបដោយភាពជោគជ័យ។
• ការដាក់ផែនការសម្រាប់ឆ្នាំ ២០២១ នាយកដ្ឋាននីមួយៗត្រូវអនុវត្តការងារទៅតាមសូចនាករ/គោលដៅឱ្យបានជាក់លាក់។
• ដើម្បីរក្សាចីរភាពយូរអង្វែង ក្នុងនាមយើងជាអ្នកសម្របសម្រួលការងារ ជាអ្នកអនុវត្តគោលនយោបាយរបស់ជាតិ យើងត្រូវដឹងថា អង្គការក្រៅរដ្ឋាភិបាលគេធ្វើអ្វី ហើយយើងត្រូវដឹងអ្វីពីគេ។
III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១) ឯកឧត្តម ទា ផលា និងឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត រួមទាំងអនុប្រធាន ត្រូវរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីរកដំណោះស្រាយបញ្ហាជាអាទិភាព និងលើកគម្រោងផែនការសកម្មភាពចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
២) គោលដៅរបស់យើងត្រូវទប់ស្កាត់អ្នកឆ្លងថ្មីឱ្យនៅត្រឹម១នាក់ក្នុងមួយថ្ងៃ អាវុធដែលយើងមានសម្រាប់យកទៅអនុវត្ត ឱ្យ មានប្រសិទ្ធភាព គឺសជណ២១៣។
៣) ពិនិត្យមើលលើគណៈកម្មាធិការអេដស៍ខេត្ត បានដំណើរការហើយឬនៅ បានរៀបចំហើយឬនៅ នៅថ្នាក់ស្រុក ថ្នាក់ឃុំ/ សង្កាត់ បើសិនជាមានអង្គការអន្តរជាតិ អង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍នៅក្នុងខេត្ត ត្រូវបញ្ចូលពួកគាត់ជាសមាជិកថ្នាក់ខេត្ត។
៤) ស្ថានភាពជំងឺកូវីដ-១៩ នៅតែជាបញ្ហា វាមិនទាន់វិលត្រឡប់ទៅសភាពដើមវិញទេ ប្រទេសនីមួយៗបានជួបនូវ ឱនភាពថវិកា និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប៉ុន្តែប្រទេសកម្ពុជាមិនមានផលប៉ះពាល់សេដ្ឋកិច្ចឡើយ ហើយរាជរដ្ឋាភិបាលបានបន្តផ្តល់សាច់ប្រាក់ជូនដល់ជនក្រីក្រ អ្នកសម្រាលកូន កម្មការិនី ព្រមទាំងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។
៥) រាជរដ្ឋាភិបាលមានគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូស ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
៦) ទោះបីជាជំងឺកូវីដ-១៩ នៅតែរាតត្បាត ដែលបណ្តាលឱ្យយើងមិនអាចចេញបេសកកម្មក្នុងរយៈពេលមួយឆ្នាំបានដូចធម្មតាក៏ដោយ តែយើងក៏បានបន្តការអនុវត្តនូវសជណ២១៣ តាមរយៈការប្រជុំក្រុមប្រឹក្សាបច្ចេកទេស មានកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងពីរលើក និងសិក្ខាសាលានៅខេត្តកំពង់ស្ពឺ។
៧) បន្តរៀបចំសិក្ខាសាលាពន្លឿនទីក្រុងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ( Fast Track City) ឱ្យបានគ្រប់ខេត្ត ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ដោយយកខេត្តអាទិភាពដូចជា រាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងគោលបំណង ទី១) ឱ្យដំណើរការគណៈកម្មាធិការអេដស៍ ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់។ ចំពោះថ្នាក់ឃុំ/សង្កាត់មានការងាយស្រួលក្នុងការរៀបចំបញ្ចូលជាសមាសភាពគណៈកម្មាធិការអេដស៍ ដូចជា ទី១ គណៈកម្មាធិការកិច្ចការនារី និងកុមារ អង្គការសង្គមស៊ីវិល និងអ្នកដែលមានឥទ្ធិពលក្នុងសង្គម ទី២) ណែនាំគាត់ឱ្យចេះរៀបចំសកម្មភាពការងារតាមសភាពការជាក់ស្តែង ទី៣) ប្រើថវិកាសេវាសង្គម។
៨) ត្រូវបន្តសហការជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ក្នុងការជួយការព្យាបាល ការថែទាំ ការគាំទ្រ និងលើកថវិកា ព្រមទាំងក្តាប់ឱ្យបាននូវការងារដែល NCHADS បានធ្វើ ដូចជាការរៀបចំស្ពត់ខ្លីៗ ការអប់រំផ្សព្វផ្សាយ។
៩) ត្រូវបន្តអនុវត្តការងារនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ដើម្បីពិនិត្យមើលថា តើបានរៀបចំគណៈកម្មាធិការអេដស៍ហើយឬនៅ បានដំណើរការហើយឬនៅ មានសកម្មភាពហើយឬនៅ បានរៀបចំគម្រោងផែនការហើយឬនៅ?។
១០) ត្រូវរៀបចំផែនការសកម្មភាព និងផែនការថវិកាឱ្យត្រូវគ្នា ធ្វើយ៉ាងណាឱ្យសកម្មភាពការងារអេដស៍ ឱ្យទៅជាការងារជាប់ជាប្រចាំ (Routine) របស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង។
១១) ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត (Methodology) ស្វែងយល់នូវអ្វីដែលថ្មី ចែករំលែកបទពិសោធន៍ គ្នាទៅវិញទៅមក ជួបប្រជុំពិភាក្សាគ្នា ជួយពង្រឹងដល់មន្រ្តី ដើម្បីឱ្យមានការរីកចម្រើនដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
១២) កិច្ចសន្យាសង្គម (Social contract) ធ្វើចេញពីថ្នាក់ក្រោមជាតិ យកថវិកាឃុំ/សង្កាត់ ថវិកាសេវាសង្គម យកមកជួលអង្គការសង្គមស៊ីវិលឱ្យធ្វើការងារអេដស៍ នៅថ្នាក់ក្រោមជាតិ មួយកន្លែងបាន២ឬ៣នាក់កាន់តែល្អ។
១២) ជំនួយការនៅថ្នាក់ឃុំ/សង្កាត់ណាដែលមានជំងឺអេដស៍ច្រើន យកគាត់ទៅធ្វើការងារអេដស៍នៅថ្នាក់ស្រុក ដើម្បីឱ្យគាត់ចុះទៅធ្វើការងារអេដស៍នៅតាមឃុំផ្សេងៗទៀត។
១៣) បន្តធ្វើសិក្ខាសាលារកធាតុថ្មីចូល និងវគ្គបំពាក់បំប៉ន ដើម្បីងាយស្រួលក្នុងការសម្របសម្រួលការងាររបស់យើងនាពេលខាងមុខ។
១៤) ឃើញមានរបាយការណ៍ចុងក្រោយ អ្នកសរសេរខិតខំសរសេរព័ត៌មានបានជាច្រើន ប៉ុន្តែខ្វះអ្នកត្រួតពិនិត្យ ការសរសេរអត្ថបទមានការខុសច្រើន ដូចជាតួរលេខ អត្រាអ្នកឆ្លង ។ល។ ឯកសារដាក់ជូនឯកឧត្តមទេសរដ្ឋមន្រ្តី គឺជាឯកសារផ្លូវការ ដូច្នេះគ្រប់ឯកសារទាំងអស់មុននឹងដាក់ជូនឯកឧត្តមទេសរដ្ឋមន្រ្តីសម្រេច ត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់។
១៥) យើងត្រូវប្រជុំពិភាក្សាគ្នាជាមួយអន្តរក្រសួង និងអនុវត្តការងារជាមួយក្រុមស្រីស្រស់ដែលបានលើកនូវបញ្ហាជាច្រើននៅក្នុងកិច្ចប្រជុំពេញអង្គ និងសន្និបាតអ.ជ.ប.ជ.អ។ ទី១) សារអប់រំអំពីសុវត្ថិភាពផ្លូវភេទវាមិនបានស៊ីជំរៅ ដែលយើងបញ្ជូនទៅមិនដល់ ទី២) នៅមានការរើសអើង (គ្រូពេទ្យ) ទី៣) សាម៉ីខ្លួនមានការអៀនខ្មាស់ មិនទៅទទួល សេវា។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែប្រសើរឡើង។ យើងទាំងអស់គ្នាត្រូវខិតខំពង្រឹងសមត្ថភាព ស្វែងយល់ពីការវិវត្តន៍នៃកម្មវិធីអេដស៍នៅក្នុងគេហទំព័រនានា ដូចជាកម្មវិធីរបស់ UNAIDS មូលនិធិសកល និងបៀលហ្គេតជាដើម ដើម្បីឱ្យមានការយល់ដឹងបានច្រើន សម្រាប់ទៅចូលរួមប្រជុំនៅអន្តរជាតិ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១: ៤៥នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
កិច្ចប្រជុំរួមប្រចាំខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី | 1.84 MB | ![]() |