ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ការចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៅឃុំពោធិអង្រ្គង ឃុំពោធិចំរើន និង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

នៅថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១
ទីកន្លែង : នៅទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំពោធិអង្រ្គង ពោធិចំរើន និងទួលអំពិល ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោមអធិបតីភាព : ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជន    កម្ពុជា អនុប្រធាន​ក្រុមការងារ​គណបក្សចុះជួយ​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ បានអញ្ជើញចុះជួប​សំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ​មូលដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាព​សមាជិកបក្ស ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និងពង្រឹង​សមាជិក​បក្សឃុំ។
សមាសភាពចូលរួម : ពិធីនៅឃុំទាំង៣នេះមាន ការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី ជាអនុប្រធាន សមាជិក​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយឃុំ ប្រធាន​គណបក្សស្រុក ប្រធាន​គណបក្សឃុំ និងភូមិ សរុប​ប្រមាណ​១៨០នាក់។
១.មតិបើក: ឯកឧត្តម​ប្រធានមាន​មតិស្វាគមន៍ និងថ្លែងអំណរគុណ​ចំពោះ​សមាជិកដែលបាន​អញ្ជើញចូលរួម និងបាន​អនុញ្ញាតឱ្យ​ប្រធានបក្ស​ឃុំទាំង៣ឡើង​ធ្វើរបាយការណ៍បច្ចុប្បន្នភាព ជាពិសេស​ចំពោះស្ថានភាព​ទូទៅនៅក្នុងភូមិ ហើយបានអនុញ្ញាតឱ្យ​មេភូមិនីមួយៗ​រាយការណ៍​ម្តងម្នាក់ៗ ក្នុងភូមិរៀងខ្លួន។ ក្នុងនោះ ផ្តោតសំខាន់លើ   ទី១) ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ  ទី២) ទប់ស្កាត់​គណបក្ស​ប្រឆាំង ទី៣) វិធានការការពារ​ការចម្លង​មេរោគអេដស៍ និងទី៤) វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន។ លើសពីនេះ​ទៅទៀត ឯកឧត្តម ក៏ស្នើឱ្យ​លើកឡើង​ពីចំណុច​អសកម្ម​ដែលកើតមានឡើង ព្រមទាំងបញ្ហា​ដែលជាឧបសគ្គ និងសំណូមពរ​ផងដែរ។
២. របាយការណ៍ :
ក)- ស្ថានភាពទូទៅ ឃុំពោធិអង្រ្គង ៖
•    ឃុំមាន១៩ ភូមិ មាន៤,២៥៧ គ្រួសារ គ្រួសារបក្សមានចំនួន៣,១៣១ ស្មើនឹង៧៣.៥៤%។
•    ប្រជាជនសរុបចំនួន១៨,៦៤៩ នាក់ (ស្រី៩,៤០៦)។
•    ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន១១,០១៤នាក់(ស្រី៦,០៣២)។
•    ប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន១២,២៧៩នាក់ (ស្រី៦,៥៥៧)។
•    សមាជិកបក្សបច្ចុប្បន្នភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៧,៦៣៤នាក់ ស្មើនឹង៦២.១៧% នៃប្រជាជន១៨ឆ្នាំឡើង ស្មើនឹង៦៩.៣១%   នៃប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
•    ចំនួនប្រជាពលរដ្ឋចំណាកស្រុក ក្នុងស្រុកចំនួន ៧៨៣នាក់ កម្មកររោងចក្រ៣,៤៥៩នាក់
•    ចំនួនកម្មករចំណាកស្រុកក្រៅប្រទេស១៤៨នាក់ បានណែនាំឱ្យធ្វើចត្តាឡីស័ក។
•    ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានដូចជា អត្រានុកូលដ្ឋាន និងលិខិតស្នាមផ្សេងៗ។
•    សកម្មភាពក្រុមការងារគណបក្ស គឺបានចុះជាប់ជាប្រចាំតាមមូលដ្ឋានភូមិ ឃុំ ក្នុងការពង្រឹងសមាជិកបក្ស ផ្សព្វផ្សាយគោលនយោបាយរបស់បក្ស។
•    ដោះស្រាយរាល់បញ្ហាបាតុភាពផ្សេងៗ និងដោះស្រាយតាមលទ្ធភាពជូនប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន។
•    រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សរួមមាន ៖ គណៈកម្មាធិការបក្ស២៧នាក់ (ស្រី២នាក់)  ក្រុមប្រឹក្សាឃុំ ១១នាក់ (ស្រី២នាក់) ជំនួយការឃុំ៣នាក់ សាខាបក្ស​ចំនួន​២៥ អនុសាខាចំនួន៦៣ និងក្រុមបក្សចំនួន៣១៣១។
•    ការអភិវឌ្ឍន៍ភូមិ ឃុំ ៖ មានកសិដ្ឋានចិញ្ចឹមសត្វ២៣កន្លែង
ខ)- ស្ថានភាពទូទៅ ឃុំពោធិចំរើន ៖
•    ឃុំមាន១៤ ភូមិ មាន២,២០៨គ្រួសារ គ្រួសារបក្សមានចំនួន១,៩២៣ ស្មើនឹង៨៧.០៩%។
•    ប្រជាជនសរុបចំនួន៩,៤៤១ នាក់ (ស្រី៥,១៨៤)។
•    ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៥,៥៣២នាក់(ស្រី២,៩៩២)។
•    ប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៦,០០៩នាក់ (ស្រី៣,២៧៧)។
•    សមាជិកបក្សបច្ចុប្បន្នភាព​មានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៤,៦៦០នាក់ ស្មើនឹង៧៧.៥៥% នៃប្រជាជន១៨ឆ្នាំឡើង ស្មើនឹង៨៤.២៤%  នៃប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
•    រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សរួមមាន ៖ គណៈកម្មាធិការបក្ស២១នាក់ ក្រុមប្រឹក្សាឃុំ ០៧នាក់ ជំនួយការឃុំ២នាក់ សាខាបក្សចំនួន២០ អនុសាខាចំនួន៤២ និងក្រុមបក្សចំនួន១៩២៣។

គ)- ស្ថានភាពទូទៅ ឃុំទួលអំពិល ៖
•    ឃុំមាន១៥ ភូមិ មាន៣,២០២គ្រួសារ គ្រួសារបក្សមានចំនួន២,៣១១ ស្មើនឹង៧២.១៧%។
•    ប្រជាជនសរុបចំនួន១២,៣២៧ នាក់ (ស្រី៦,៥៥៣)។
•    ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៧,៤៧៩នាក់(ស្រី៤,១៦៨)។
•    ប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៨,៣០៥នាក់ (ស្រី៤,៤៦៤)។
•    សមាជិកបក្សបច្ចុប្បន្នភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៥,៧០៣នាក់ ស្មើនឹង៦៨.៦៦% នៃប្រជាជន១៨ឆ្នាំឡើង ស្មើនឹង៧៦.២៥%  នៃប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
•    រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សរួមមាន ៖ គណៈកម្មាធិការ​បក្ស២១នាក់ ក្រុមប្រឹក្សាឃុំ០៧នាក់ ជំនួយការឃុំ២នាក់ សាខាបក្សចំនួន១៩ អនុសាខាចំនួន៤៥ និងក្រុមបក្សចំនួន២៣១១។

បញ្ហាប្រឈមដែលកើតមានក្នុងភូមិ ដូចជា ៖
•    មានការអូសទាញប្រជាពលរដ្ឋក្នុងភូមិឱ្យចងការប្រាក់ ដោយផ្តល់នូវការប្រាក់ខ្ពស់។
•     មេការប្រាក់២នាក់ នៅតែមានសេរីភាព មិនទាន់មានការសងការប្រាក់តាមកិច្ចសន្យា ហើយបន្តការសាងសង់ផ្ទះ។
•    ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងជាច្រើនដង ប៉ុន្តែមិនទាន់មានចំណាត់ការពីតុលាការ។
•    ពលករចំណាកស្រុកក្នុងស្រុក និងក្រៅប្រទេស មានចេញ ចូលជាបន្តបន្ទាប់។
សំណូមពរមានដូចជា ៖
•    សូមឱ្យអាជ្ញាធរមានចំណាត់ការលើមេការប្រាក់តាមនីតិវិធីច្បាប់ឱ្យបានឆាប់។
•    ស្នើសុំបញ្ជូលជាសមាជិកក្រុមការងារគណបក្សចុះជួយឃុំពោធិចំរើន និងឃុំពោធិអង្រ្គង។
•    សូម ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយស្រុកបសេដ្ឋ មេត្តាជួយរកយុត្តិធម៌ និងពន្លឿន       ចំណាត់ការជូនពួកគាត់ផង។

៣.ការពិភាក្សា : ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលយកនូវសំណូមពរទាំងអស់ពីប្រធានភូមិ ដើម្បីយកទៅ      
ពិនិត្យ និងដោះស្រាយជាមួយក្រុមការងារចុះជួយស្រុកបសេដ្ឋ។
•    មេឃុំ រៀបចំរបាយការណ៍ទាក់ទងទៅនឹងមេការ ចងការប្រាក់ខ្ពស់ជូន ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋ។
•    នៅក្នុងភូមិមានសាខាលក់ផលិតផលសម្អាង និងអាហារបំប៉នជាច្រើន សូមពិនិត្យឡើងវិញ និងតាមដានសកម្មភាព​សាខាលក់​ផលិតផល​សម្អាង និង​អាហារ​បំប៉ន​ក្នុងភូមិ។
•    ឯកឧត្តមប្រធាន បានឯកភាពក្នុងការស្នើសុំបញ្ជូលជាសមាជិកក្រុមការងារគណបក្សចុះជួយឃុំទាំងពីរ
៤.សេចក្តីសម្រេច (ការផ្តល់អនុសាសន៍)៖
យើងមានការផ្អាកការជួបប្រជុំមួយរយៈ ដោយសារកូវីដ-១៩។ ប៉ុន្តែ ឯកឧត្តម លោកជំទាវ ក្រុមការងារ និងអាជ្ញាធរស្រុក ឃុំ បានបន្តការងារ ព្រមទាំងធ្វើឱ្យមានការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់។ ដូច្នេះ សូមសរសើរក្រុមការងារ​ដែលបានធ្វើកន្លងមក។ យើងនៅមិនទាន់​ដឹងថា ស្ថានភាព​កូវីដនឹងធូរស្រាល​នៅពេល​ណាទេ។ ប៉ុន្តែ ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ប្រទេសយើង​គ្រប់គ្រង​សភាពការណ៍​បានជោគជ័យ​ដោយសារ​មានវិន័យ ពាក់ម៉ាស លាងដៃ និងគោរពតាម​វិធីការពារ​ដែលមាន​ប្រសិទ្ធភាព។ មន្រ្តីមូលដ្ឋាន​តាមដាន ក្តាប់ជាប់ និងធ្វើចត្តាឡីស័ក​ត្រឹមត្រូវ។ នៅឆ្នាំ២០២២ យើងសង្ឃឹមថា​សភាពការណ៍​នឹងវិលត្រឡប់​ទៅរកសភាព​ធម្មតា​វិញ។ ប៉ុន្តែនៅពេលនេះ​យើងត្រូវ​បន្តវិធានការ​សុខាភិបាល​បន្តទៀត (៣ការពារ និង ៣កុំ)។

ដរាបណានៅតែមានកូវីដ-១៩ យើងនៅតែមានបញ្ហាខាង សេដ្ឋកិច្ច ជាពិសេស វិស័យទេសចរណ៍​នៅតែមានការ​លំបាក។ ដូច្នេះ យើងត្រូវ​ត្រៀមផល​ប៉ះពាល់​សេដ្ឋកិច្ច ក្នុងលក្ខខណ្ឌថា រដ្ឋមិនកាត់បន្ថយថវិកាទេ តែត្រូវមានការសន្សំសំចៃ។ ប្រទេសយើងនៅទប់ទល់បាន ក្នុងឆ្នាំ២០២០កន្លងទៅការនាំចេញ នាំចូលមាន​ប្រមាណ៣០ពាន់​លានដុល្លារ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកជាសំណួរថា តើបច្ចុប្បន្ននេះ យើងមានការ​រីកចម្រើនអ្វីខ្លះ? យើងមានមាស​តម្កល់​ទុក៤៤តោន។ យើងសង្ឃឹមថា​នៅឆ្នាំ២០៣០ យើងនឹង​ប្រែក្លាយជា​ប្រទេសដែលមាន​ចំណូល​មធ្យមកម្រិតខ្ពស់។ ហើយនៅឆ្នាំ២០៥០ យើងនឹងក្លាយ​ជាប្រទេស​ចំណូលខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសង្កត់បញ្ជាក់ថា បានជាយើងមានការរីកចម្រើន គឺដោយសារមានសុខសន្តិភាព។ បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការ​អភិវឌ្ឍន៍ និងមានការរីក​ចម្រើនឡើយ។ គោលនយោបាយ​របស់យើង គឺពង្រឹង​សន្តិភាព។
ឯកឧត្តម ក៏បានបញ្ជូន​សារថា សព្វថ្ងៃនៅមានអ្នក​នៅសង្ឃឹមថា បក្សសង្គ្រោះជាតិ​រស់ឡើងវិញ ត្រង់ចំណុចនេះ​គឺមិនអាចទៅរួចទេ ពួកគេមានតែ​បង្កើតគណបក្ស​ថ្មីទេ។ សូមអ្នកទទួល​ខុសត្រូវក្នុងភូមិ ប្រាប់អ្នកដែលនៅ​រង់ចាំថា​ទៅមិនរួចទេ។ គេចោទថា កុំម្មុយនីស្ត តែក្រោយឆ្នាំ១៩៩៣ យើងប្រែក្លាយ​ជាពហុបក្ស​ហើយ។ ប្រទេស    កម្ពុជា មិនមែន​ឯកបក្សទេ ប៉ុន្តែបោះឆ្នោត​ជាប់តែ១បក្ស មិនអាចទៅ​បន្ទោស​ប្រជាជនទេ។ យើងបោះឆ្នោត​៥ឆ្នាំម្តង ដោយសាររដ្ឋ​ធម្មនុញ្ញ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​សម្តែងមតិ។ យើងមាន​ចេតនា​កាន់អំណាច ដោយមាន​ការគាំ​ទ្រពីប្រជាជន ដោយបម្រើប្រជាជន និងយកប្រជាជន​ជាធំ។

គោលបំណងនៃការជួបប្រជុំគ្នានៅថ្ងៃនេះ គឺយើងចង់យល់ដឹងអំពី​ការគ្រប់គ្រង​សមាជិកបក្ស​របស់យើង។ ការធ្វើបច្ចុប្បន្នភាព​សមាជិកបក្ស តើបានដល់ណា​ហើយ? តើមានការផ្ទៀងផ្ទាត់​ចំនួន​សមាជិកបក្ស និងបញ្ជីគ.ជ.បច្បាស់លាស់​ដែរឬទេ? ជាមួយគ្នានោះ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បានណែនាំ​សមាជិកដែលចូលរួម​ក្នុងកិច្ចប្រជុំថា យើងត្រូវក្តាប់​សមាជិកបក្ស​ឱ្យបានច្បាស់ និងត្រូវត្រៀម​ខ្លួនពីឥឡូវ។ ក្នុងនោះដែរ យើងក៏ត្រូវពិនិត្យមើល​សមាសភាព​ក្រុមប្រឹក្សា​ឃុំរបស់​យើងថា តើមានប្រសិទ្ធភាព​ឬទេ? ត្រូវធ្វើការកែ​សម្រួល​ដែឬទេ? បើមានសមាជិក​ដែលចាស់ពេក ហើយចង់ឈប់ ត្រូវរកអ្នកជំនួស? ប៉ុន្តែ បើមេឃុំ ឬសមាជិក​ក្រុមប្រឹក្សាថា នៅមានកម្លាំង និងមានការគាំទ្រ​ពីប្រជាជនត្រូវលើក​ទឹកចិត្តគាត់​ឱ្យបន្ត។ ក្នុងរយៈពេល ១៤ខែខាងមុខ យើងត្រូវ​ត្រៀមលក្ខណៈ ដើម្បីយកការគាំទ្រ​ពីប្រជាជន។

ចំពោះបញ្ហាជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី​បានថ្លែងនូវការ​បារម្ភអំពីការ​ផ្ទុះឡើងវិញ ជាពិសេសក្នុង​ចំណោម​យុវវ័យអាយុតិច​ជាង៣០ឆ្នាំ។ ក្រុមយុវវ័យ​នេះមួយចំនួន​មានប្រពន្ធ និងមានប្តីផង ដែលបច្ចុប្បន្ន​មានប្រមាណ៩ម៉ឺននាក់។ ដើម្បីចូលរួម​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តមស្នើសុំ ឃុំចាត់ជំនួយ​ការ១នាក់ធ្វើការងារ​អេដស៍។ ជាមួយគ្នានេះ ឃុំត្រូវបង្កើតគណ:កម្មការអេដស៍ឃុំ ដោយសមាសភាពមកពី គណ:កម្មការកិច្ចការនារី និងកុមារ មណ្ឌលសុខភាព អង្គការសុខភាព​ឬអេដស៍ និងអ្នកដែលពូកែ​ឃោសនា និងមានឥទ្ធិពល​ក្នុងឃុំ។ សាលាស្រុក​បសេដ្ឋនឹងរៀបចំ​កម្មវិធីមួយ អញ្ជើញឃុំធ្វើការងារ​លម្អិតរឿងនេះ។ ហើយខ្ទង់​ចំណាយ​ដែលអាច  យកមកធ្វើការ គឺខ្ទង់សេវាសង្គម។ ការងារអេដស៍ដែលមូលដ្ឋានត្រូវធ្វើ មានការពិនិត្យមើលថា អ្នកជំងឺមានទៅទទួលសេវា លេបថ្នាំទៀងទាត់ និងមានបណ្ណក្រីក្រដែរឬទេ? តើកូនៗគាត់បានទទួលការអប់រំដែឬទេ?

យើងត្រូវអប់រំយុវវ័យឱ្យចេះ​បង្ការការចម្លង ដោយការប្រើ​ស្រោមអនាម័យ ធ្វើតេស្តឈាម បើមានការសង្ស័យ​ថាឆ្លង​មេរោគអេដស៍។ ពេលមានយន្តការ​ហើយនោះ យើងនឹងទៅ​និយាយ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ឱ្យទម្លាក់លុយ​មកជួយ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំថា ៖
១) ឆ្នាំ២០២២  ជាឆ្នាំនៃការតេស្តបញ្ជាក់​មើលសមត្ថភាព យើងត្រូវ​ជោគជ័យ​បន្តទៀត។ ដូច្នេះ សូមសហការគ្នាឱ្យបាន​ជោគជ័យ​ដ៏ត្រចះត្រចង់។
២) ត្រូវយកចិត្តទុកដាក់សកម្មភាព​គណបក្សផ្សេងៗ ក៏ដូចជា សកម្មភាព​ក្រុមបោកប្រាស់​ប្រជាពលរដ្ឋ​ដែលខ្ចីប្រាក់ឱ្យ​ការខ្ពស់ និងបណ្ដាញ​លក់ផលិតផល​ជាដើម។
៣) នៅក្នុងឃុំ មេឃុំធំជាងគេ ដូច្នេះស្មៀនត្រូវពន្លឿនការបោះត្រា និងត្រូវយកត្រាមកទុកនៅសាលាឃុំ។
៤) យើងជាមន្រ្តីគណបក្សប្រជាជនត្រូវបម្រើប្រជាជន និងផ្តល់សេវាសាធារណៈល្អ។ ពីថ្ងៃនេះទៅមុខខំធ្វើឱ្យ     
មានការគាំទ្រពីប្រជាជន។ បើមេឃុំមានការងារខាងក្រៅ មិននៅសាលា​ឃុំត្រូវសរសេរ​លើក្តារខៀន ដើម្បី   ផ្តល់ដំណឹង ឬដាក់​លេខទូរស័ព្ទ ដែលជាការ សម្រួល​ដល់ការ​មករក​សេវារបស់​ប្រជាពលរដ្ឋ។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍ការចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៅឃុំពោធិអង្រ្គង ឃុំពោធិចំរើន និង​ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១2.06 MB