
នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១
ទីកន្លែង : ស្នាក់ការគណបក្សឃុំពោធិ៍ម្រាល និងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សមាសភាពចូលរួម : ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលស្រុក ប្រធានក្រុមការងារចុះជួយឃុំ នាយករដ្ឋបាលស្រុក សមាជិកគណៈកម្មាធិការបក្សស្រុក សមាជិកអចិន្រ្តៃយ៍បក្សឃុំ សមាជិកគណៈកម្មាធិការបក្សឃុំ សមាជិកសាខាបក្ស អនុសាខាបក្ស ប្រធាន-អនុប្រធានភូមិ និងជំនួយការភូមិផងដែរ។
ក្រោមអធិបតីភាព : ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុបរសេដ្ឋ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ពង្រឹងសាមគ្គីផ្ទៃក្នុង ពង្រឹងសមាជិកបក្សឃុំ។
១.មតិបើក: ឯកឧត្តមប្រធានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាជិកដែលបានអញ្ជើញចូលរួម និងបាន អនុញ្ញាតឱ្យប្រធានបក្សឃុំទាំង២ឡើងធ្វើរបាយការណ៍បច្ចុប្បន្នភាព។ ជាពិសេសចំពោះស្ថានភាពទូទៅនៅក្នុងភូមិ ហើយបានអនុញ្ញាតឱ្យមេភូមិនីមួយៗរាយការណ៍ម្តងម្នាក់ៗ ក្នុងភូមិរៀងខ្លួន។ ក្នុងនោះ ផ្តោតសំខាន់លើ ទី១) ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ទី២) ទប់ស្កាត់គណបក្សប្រឆាំង ទី៣) វិធានការការពារការចម្លងមេរោគអេដស៍ និងទី៤) វិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ លើសពីនេះទៅទៀត ឯកឧត្តមក៏ស្នើឱ្យលើកឡើងពីចំណុចអសកម្មដែលកើតមានឡើង ព្រមទាំងបញ្ហាដែលជាឧបសគ្គ និងសំណូមពរផងដែរ។
២. របាយការណ៍ :
ក)- ស្ថានភាពទូទៅ ឃុំពោធិ៍ម្រាល ៖
• ឃុំមាន១៨ ភូមិ មាន២,៧៩៩ គ្រួសារ គ្រួសារបក្សមានចំនួន២,៥៣១ ស្មើនឹង៩០%។
• ចំនួនប្រជាជនសរុបក្នុងភូមិ១១,៨៤៨ នាក់ (ស្រី៦,០០៥)។
• យុវជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៧,៤៥១នាក់ (ស្រី៤,០០៥)។
• ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៧,៣៧៦នាក់(ស្រី៤,០០៧)។
• សមាជិកបក្សបច្ចុប្បន្នភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន៦,១៨៨នាក់ ស្មើនឹង៨៣% (ស្រី៤,០០៧)។
• ចំនួនប្រជាជនចំណាកស្រុកក្នុងប្រទេស២,១៣១នាក់ និងប្រជាជនចំណាកស្រុកក្រៅប្រទេស១១៣នាក់និងបានណែនាំឱ្យធ្វើចត្តាឡីស័កចំពោះពលករដែលវិលត្រឡប់មកពីក្រៅប្រទេស។
• ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានដូចជា អត្រានុកូលដ្ឋាន និងលិខិតស្នាមផ្សេងៗ។
• សកម្មភាពក្រុមការងារគណបក្ស គឺបានចុះជាប់ជាប្រចាំតាមមូលដ្ឋានភូមិ ឃុំ ក្នុងការពង្រឹងសមាជិកបក្ស ផ្សព្វផ្សាយគោលនយោបាយរបស់បក្ស។
• ដោះស្រាយរាល់បញ្ហាបាតុភាពផ្សេងៗ និងដោះស្រាយតាមលទ្ធភាពជូនប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន។
• រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សរួមមាន ៖ គណៈកម្មាធិការបក្ស២៧នាក់ (ស្រី២នាក់) ក្រុមប្រឹក្សាឃុំ ៧នាក់ (ស្រី២នាក់) ប៉ុស្តិ៍នគរបាលរដ្ឋបាល១នាក់ មណ្ឌលសុខភាព១នាក់ នាយកសាលា២នាក់ មេភូមិ១៣នាក់ ស្មៀនឃុំ១នាក់ និងយុវជន២នាក់។
• សាខាបក្ស ចំនួន២២សាខា អនុសាខាចំនួន៥៤ និងក្រុមបក្សចំនួន២,៥៣១។
• ការអភិវឌ្ឍន៍ភូមិ ឃុំ ៖ មានកសិដ្ឋានចិញ្ចឹមសត្វ ដូចជា ចិញ្ចឹមកង្កែប បង្កង មាន់ ទា ជ្រូក និងដំណាំកសិកម្មជាច្រើនមុខទៀត។
ខ)- ស្ថានភាពទូទៅ ឃុំនិទាន ៖
• ឃុំមាន១៥ ភូមិ មាន២,៣១០គ្រួសារ គ្រួសារបក្សមានចំនួន១,៨០៥ ក្រុមបក្ស២០សាខា និង៤៥អនុសាខា
• ចំនួនប្រជាជនសរុបក្នុងភូមិ៩,៨២២នាក់ (ស្រី៥,០៩១)។
• យុវជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៦,៤៣៧នាក់ (ស្រី៣,៥០១)។
• ក្រុមប្រឹក្សាឃុំ ៧រូប (គណបក្សខ្មែររួបរួមជាតិ៣រូប)
• ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៖ ផ្តល់ជូនតាមតម្រូវការ ដោយមិនប្រកាន់និន្នាការនយោ បាយ។
• ការអភិវឌ្ឍន៍ភូមិ ឃុំ ឆ្នាំ២០២០ ៖ នៅភូមិដីក្រហម ជួសជុលផ្លូវ បានចំនួន៤ខ្សែប្រវែង៤,២៥០ម ដាក់លូ៣កន្លែង ភូមិត្រពាំងអណ្តូងចំនួន១ខ្សែ ប្រវែង២០៣១ម ដាក់លូ៣កន្លែង ភូមិពោធិ៍ត្បែងចំនួន១ខ្សែ ប្រវែង១,៣០០ម ភូមិត្រាំកក់ចំនួន២ខ្សែ ប្រវែង២,៨០០ម ។
បញ្ហប្រឈមដែលកើតមានក្នុងភូមិ ដូចជា ៖
• មានការអូសទាញប្រជាពលរដ្ឋក្នុងភូមិឱ្យចងការប្រាក់ ដោយផ្តល់នូវការប្រាក់ខ្ពស់
• មេការប្រាក់នៅមិនទាន់មានចំណាត់ការ (ទទួលសងវិញតែ២%)
• នៅក្នុងភូមិមានសាខាលក់ផលិតផលសំអាង និងអាហារបំប៉នជាច្រើន
• ពលករចំណាកស្រុកក្នុងស្រុក និងក្រៅប្រទេស
សំណូមពរមានដូចជា ៖
• សូមឱ្យអាជ្ញាធរមានចំណាត់ការលើមេការប្រាក់តាមនីតិវិធីច្បាប់ឱ្យបានឆាប់។
• សូមពិនិត្យឡើងវិញសាខាលក់ផលិតផលសំអាង និងអាហារបំប៉នក្នុងភូមិ
៣.ការពិភាក្សា : ឯកឧត្តមទេសរដ្ឋមន្ត្រីបានទទួលយកនូវសំណូមពរទាំងអស់ពីប្រធានភូមិ ដើម្បីយកទៅ ពិនិត្យ និងដោះស្រាយជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបសេដ្ឋ។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា ៖
៤.សេចក្តីសម្រេច (ការផ្តល់អនុសាសន៍)៖
• សូមកោតសរសើរចំពោះវឌ្ឍនភាពការងារកន្លងមក ការអនុវត្តភូមិ ឃុំមានសុវត្ថិភាព អាជ្ញាធរគ្រប់គ្រងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាស្ថិរភាព ជូនប្រជាជនគ្រប់មូលដ្ឋានបានល្អ ក្នុងរយៈពេលមានបញ្ហាជំងឺកូវីដ-១៩ ។
• បញ្ហាជំងឺកូវីដ-១៩ វាមិនទាន់វិលត្រឡប់ទៅសភាពដើមវិញទេ យើងត្រូវតែរក្សានូវវិធានការការពារការចម្លងជំងឺកូវីដ-១៩នេះ ដោយរក្សាអនាម័យ ដូចជា ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ចេះរស់នៅដោយមានគម្លាតសុវត្ថិភាពចំងាយ១.៥ ម ពីគ្នា និងណែនាំឱ្យធ្វើចត្តាឡីស័កចំពោះពលករដែលវិលត្រឡប់មកពីក្រៅប្រទេស។ ប្រទេសកម្ពុជាក៏ត្រៀមលក្ខណៈចាក់វ៉ាក់សាំងនេះផងដែរសម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលមានចំនួន១លានដូស ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលចិន។
• ធ្វើបច្ចុប្បន្នភាពនៃសមាជិកគណបក្ស ដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំ២០២២ ដោយត្រួតពិនិត្យ ផ្ទៀងផ្ទាត់នឹងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្នាំ២០២០។
• យើងត្រូវតែរក្សាឱ្យបានថា សមាជិកបក្សម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹកនៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ។
• បន្តអប់រំប្រជាជនឱ្យបានយល់ដឹងពីវិធានការអនុវត្តច្បាប់ ចំពោះជនដែលប្រព្រឹត្តិបទល្មើស ពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ធ្វើការវាយបកទៅលើពួកប្រឆាំងក្រៅច្បាប់ ចំពោះការផ្សព្វផ្សាយនៃការវិលត្រឡប់របស់មេឧទ្ទាម។
• ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីណែនាំ ដើម្បីឱ្យរដ្ឋបាលឃុំនីមួយៗ អាចជ្រើសរើសជំនួយការរដ្ឋបាលឃុំប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការជួយបម្រើការងារតាមតម្រូវការជាក់ ស្តែង។ រដ្ឋបាលឃុំ ដែលមានក្រុមប្រឹក្សាចំនួន៥រូប ដល់០៧រូប អាចជ្រើសរើសជំនួយការចំនួន២រូប និងរដ្ឋបាលឃុំ ដែលមានក្រុមប្រឹក្សាចំនួន០៩រូប ដល់១១រូប អាចជ្រើសរើសជំនួយការចំនួន៣រូប។
• ចំពោះបញ្ហាមេរោគអេដស៍ បើសិនជាមាននរណាម្នាក់ក្នុងភូមិ មានផ្ទុកមេរោគអេដស៍ សូមទៅទទួលសេវាសុខាភិបាលសាធារណៈ និងលេបថ្នាំឱ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ។ តើថ្នាក់ឃុំ បានរៀបចំបង្កើតគណៈកម្មាធិការអេដស៍ហើយឬនៅ បានដំណើរការហើយឬនៅ បានរៀបចំគម្រោងផែនការហើយឬនៅ?។ ចំពោះថ្នាក់ឃុំមានការងាយស្រួលក្នុងការរៀបចំបញ្ចូលជា សមាសភាពគណៈកម្មាធិការអេដស៍ ដោយយកគណៈកម្មាធិការកិច្ចការនារី និងកុមារ អង្គការសង្គមស៊ីវិល និងអ្នកដែលមានឥទ្ធិពលក្នុង សង្គម។
• ចំពោះបញ្ហាគ្រឿងញៀន សូមអាណាព្យាបាលត្រូវអប់រំណែនាំកូនចៅក្នុងគ្រួសារឱ្យជៀសឆ្ងាយពីគ្រឿង ញៀន។ គ្រឿងញៀនបំផ្លាញគ្រួសារឱ្យវិនាស ដូច្នេះត្រូវទប់ស្កាត់នៅតាមសាលាកុំឱ្យគ្រឿងញៀន ចូលបាន។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះសមាជិកក្រុមការងារបក្សទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ និងសកម្មក្នុងការគ្រប់គ្រងតាមភូមិនីមួយៗបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំឭកថា សូមឱ្យមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាជន ព្រមទាំងបន្តពង្រឹងកម្លាំងនៅមូលដ្ឋានឱ្យមានភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
របាយការណ៍ការចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ឃុំពោធិ៍ម្រាល និងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ | 0.91 MB | ![]() |