
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ជំនួយការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុបចំនួន៤៧នាក់។
គោលបំណងនៃកិច្ចប្រជុំ:
- ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពនៃសកម្មភាពរបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ដើម្បីបានដឹងពីស្ថានភាពរាលដាល និងគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍ និងបទអន្តរាគមន៍។
- ដើម្បីបានដឹងពីសមិទ្ធផលដែលសម្រេចបាន និងឧបសគ្គដែលកើតមានឡើងក្នុងការអនុវត្តផែនការសកម្មភាព និងលើកផែនការសកម្មភាពអនុវត្តសម្រាប់ខែបន្ទាប់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់ដែលបានចូលរួម និងបានជម្រាបជូនពីដំណើរការនៃកិច្ចប្រជុំ តាមរបៀបវារៈដូចខាងក្រោម ៖
១) បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ប្រចាំខែមករា ឆ្នាំ២០២១ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត
២) បទបង្ហាញ ស្តីពីអាទិភាពនៃផែនការយុទ្ធសាស្ត្រជាតិលើកទី៥ សម្រាប់ឆ្នាំ២០២១ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
៣) មតិសំណេះសំណាលរបស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការធ្វើ របាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ខែកុម្ភៈ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទបង្ហាញដោយផ្តោតលើចំណុចសំខាន់ៗស្តីពីលទ្ធផលសកម្មភាពការងារដូចខាងក្រោម ៖
I- បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារដែលសម្រេចបាន ៖
• បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១។
• បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ និងប្រចាំខែ។
• បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលសូចនាករ ស.ជ.ណ ២១៣។
• រៀបចំផែនការសកម្មភាព និងថវិកាអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២១។
• រៀបចំថវិការជ្ជទេយ្យបុរេប្រទានឆ្នាំ២០២១ ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (FMIS)។
• បានបញ្ចប់លើគោលការណ៍ណែនាំស្តីពីការការពារជាសកល។
• បានរៀបចំផែនការយុទ្ធសាស្រ្តទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ (Fast Track City on HIV) នៅខេត្តបាត់ដំបង។
• បានបែងចែកការទទួលខុសត្រូវផែនការយុទ្ធសាស្ត្រជាតិលើកទី៥ និងលិខិតស.ជ.ណ២១៣។
២- បញ្ហាប្រឈម ៖
• ស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តផលប៉ះពាល់ដល់ការអនុវត្តសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍។
• នីតិវិធីក្នុងការចំណាយតាមរជ្ជទេយ្យបានកែប្រែ និងមានការរឹតត្បិតក្នុងការចំណាយថវិកាជាតិ។
• មិនទាន់មានថវិកា ដើម្បីដំណើរការសកម្មភាពនៅដើមឆ្នាំ២០២១។
• ចំនួនឆ្លងថ្មីនៅតែខ្ពស់ ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស។
• ការបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅមិនទាន់បានអនុវត្ត។
៣- ជំហានសម្រាប់ខែបន្ទាប់ ៖
• ជំរុញ និងលើកទឹកចិត្តឱ្យអនុវត្តនវានុវត្តន៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
• ជំរុញបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
• ជំរុញបញ្ចូលសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី/ខេត្ត ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់។
II- បទបង្ហាញ ស្តីពីអាទិភាពនៃផែនការយុទ្ធសាស្ត្រជាតិលើកទី៥ សម្រាប់ឆ្នាំ២០២១ ដោយឯកឧត្តម ទា ផលា
• កំណត់ពេលវេលាតាមផែនទីបង្ហាញផ្លូវប្រកបដោយនិរន្តរភាពចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០៣០។
• គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣ សជណ.សស (SCN213) និងតាមផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ (NSPV) នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
• ការផ្តល់អាទិភាពដល់តំបន់ភូមិសាស្ត្រសម្រាប់ធ្វើអន្តរាគមន៍ ជាពិសេសអនុវត្តទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ (Fast Track City)។
• ដើម្បីទទួលបានជោគជ័យ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាអ្នកអនុវត្តនូវគោលនយោបាយរបស់ជាតិ ជាអ្នកដឹកនាំ សម្របសម្រួលការងារ ពិនិត្យតាមដាន និងវាយតម្លៃ ក្រសួង ស្ថាប័ន រាជធានី/ខេត្ត ក្រុង និងអង្គការក្រៅរដ្ឋាភិបាល។
• នាយកដ្ឋាននីមួយៗត្រូវអនុវត្តការងារទៅតាមសូចនាករ/គោលដៅឱ្យបានជាក់លាក់។
• ត្រូវធ្វើអ្វីៗដែលត្រឹមត្រូវ (Do the right things) ដោយមានការលើកទឹកចិត្តជាអាទិភាព ដូចជាផ្តល់មូលនិធិ ផ្តល់តួនាទី និងការទទួលខុសត្រូវ។
• ពិនិត្យឡើងវិញលើគោលនយោបាយជាមួយស្ថាប័នផ្សេងៗ ដើម្បីផ្លាស់ប្តូរឥរិយាបថ និងការប្រើប្រាស់ធនធានក្នុងការដោះស្រាយឧបសគ្គដែលបានកំណត់ពីរបៀបរបបចីរភាពបន្ថែមទៀត។
• សម្រាប់ការកំណត់គោលដៅចីរភាពឆ្នាំ២០២៥ គឺត្រូវអនុវត្តឱ្យបាននូវ៩៥% បីដងថែមទៀត (៩៥%ប្រាំមួយដង)។
III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១) បញ្ហាជំងឺកូវីដ-១៩ វាមិនទាន់វិលត្រឡប់មកសភាពដើមវិញទេ ប្រទេសនីមួយៗបានជួបនូវឱនភាពថវិកា និងវិបត្តិ សេដ្ឋកិច្ចធ្ងន់ធ្ងរ ប៉ុន្តែប្រទេសកម្ពុជាមិនមានផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរឡើយ ហើយរាជរដ្ឋាភិបាលបានបន្តផ្តល់សាច់ប្រាក់ជូនដល់ជនក្រីក្រ អ្នកសម្រាលកូន កម្មការិនី ព្រមទាំងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ យើងត្រូវអនុវត្តនូវវិធានការ “៣កុំ និង៣ការពារ” ដើម្បីការពារ ការចម្លងជំងឺកូវីដ-១៩ ៣ការពារ គឺ១) ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ២) រក្សាអនាម័យឱ្យបានស្អាតជានិច្ច ដោយប្រើទឹកស្អាតលាងដៃជាមួយសាប៊ូ ឬអាល់កុល ៣) អនុវត្តរក្សាគម្លាតសុវត្ថិភាពបុគ្គល (ចំងាយ១.៥ ម ពីគ្នា) និងគម្លាតសុវត្ថិភាពសង្គម ព្រមទាំងណែនាំឱ្យធ្វើចត្តាឡីស័កចំពោះពលករដែលវិលត្រឡប់មកពីក្រៅប្រទេស។ ប្រទេសកម្ពុជាក៏ត្រៀមលក្ខណៈចាក់វ៉ាក់សាំងនេះផងដែរសម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលមានចំនួន១លានដូស ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣កុំ គឺ១) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ហើយប្រើម៉ាស៊ីនត្រជាក់ច្រើន ២) កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបប្រជុំគ្នាច្រើន ឬពិធីដែលមានការជួបជុំគ្នាច្រើន ៣) កុំនៅជិត ឬនៅក្បែរ ឬប៉ះពាល់គ្នា ដោយត្រូវប្រើវិធីសំពះគ្នា លើកដៃជាសញ្ញា ឬងក់ក្បាល ឬឱបគ្នា ឬកាន់ដៃគ្នាជាដើម។
២) ត្រូវរៀបចំសិក្ខាសាលាគម្រោងពន្លឿនទីក្រុងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ( Fast Track City) ឱ្យបានគ្រប់ខេត្ត ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ដោយយកខេត្តអាទិភាពដូចជា រាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងគោលបំណង ទី១) ឱ្យដំណើរការគណៈកម្មាធិការអេដស៍ ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់។ ចំពោះថ្នាក់ឃុំ/សង្កាត់មានការងាយស្រួលក្នុងការរៀបចំបញ្ចូលជាសមាសភាពគណៈកម្មាធិការអេដស៍ ដូចជា ទី១) គណៈកម្មាធិការកិច្ចការនារី និងកុមារ អង្គការសង្គមស៊ីវិល និងអ្នកដែលមានឥទ្ធិពលក្នុងសង្គម ទី២) ណែនាំគាត់ឱ្យចេះរៀបចំសកម្មភាពការងារតាមសភាពការជាក់ស្តែង ទី៣) ប្រើថវិកាសេវាសង្គម។
៣) ពិនិត្យមើលលើគណៈកម្មាធិការអេដស៍ខេត្ត បានដំណើរការហើយឬនៅ បានរៀបចំហើយឬនៅ នៅថ្នាក់ស្រុក ថ្នាក់ឃុំ/ សង្កាត់ បើសិនជាមានអង្គការអន្តរជាតិ អង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍នៅក្នុងខេត្ត ត្រូវបញ្ចូលពួកគាត់ជាសមាជិកថ្នាក់ខេត្ត។
៤) ត្រូវបន្តអនុវត្តការងារនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ដើម្បីពិនិត្យមើលថា តើបានរៀបចំគណៈកម្មាធិការអេដស៍ហើយឬនៅ បានដំណើរការហើយឬនៅ មានសកម្មភាពហើយឬនៅ បានរៀបចំគម្រោងផែនការហើយឬនៅ?។
៥) នៅក្នុងឆ្នាំ២០២១នេះ ដើម្បីសម្រេចគោលដៅគោលការណ៍សជណលេខ ២១៣ នោះ វិធានការណ៍ត្រូវ ពង្រឹង យន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នដៃគូ អង្គការសង្គមស៊ីវិល និងរៀបចំឱ្យមានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុក ខណ្ឌ និងឃុំ សង្កាត់គ្រប់រាជធានី ខេត្ត និងធ្វើផែនការថវិកា ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺអេដស៍ ឱ្យល្អប្រសើរឡើង។
៦) ត្រូវរៀបចំកិច្ចប្រជុំជាមួយដៃគូ និងក្រុមការងារទទួលខុសត្រូវទៅលើយុទ្ធសាស្រ្តនីមួយៗដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តជាតិលើកទី៥ ដើម្បីជជែកពិភាក្សារកយន្តការជំរុញការងារប្រយុទ្ធនឹងជំងឺអេដស៍។
៧) ឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុកតាមក្រសួង និងខេត្ត ត្រូវរៀបចំកិច្ចប្រជុំជាមួយ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពិនិត្យមើល និងជជែកពីសកម្មភាពការងារគន្លឹះៗ ឱ្យស្របគ្នានឹងគោលការណ៍នយោបាយយុទ្ធសាស្រ្តនីមួយៗ គោលការណ៍សជណ លេខ២១៣ និងគោលការណ៍របស់មូលនិធិសកល។ បែងចែក ឯកឧត្តម លោកជំទាវ ជាអនុប្រធានឱ្យទទួលបន្ទុកការងារអេដស៍តាមស្រុក/ខណ្ឌនៃខេត្ត/ក្រុងអាទិភាពទាំង៤ ដែលជាខេត្តពន្លឿនទីក្រុង។
៨)ចំពោះក្រុមបុរសស្រឡាញ់បុរស ដែលមានករណីឆ្លងថ្មីកើនឡើងខ្ពស់ ត្រូវសិក្សាឱ្យបានច្បាស់លាស់ពីប្រភពនៃ ករណីឆ្លង និងត្រូវរកវិធានការទប់ស្កាត់នៃការឆ្លង។
៩)ស្នើបន្តធ្វើការងារជាក្រុម ដោយ ឯកឧត្តមវេជ្ជ. ទា ផលា ជាអ្នកបច្ចេកទេស អគ្គលេខាធិការដ្ឋានជាអ្នកអនុវត្ត និងនាយកដ្ឋានជាអ្នកគាំទ្រ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែប្រសើរឡើង។ យើងទាំងអស់គ្នាត្រូវបន្តពិនិត្យ និងតាមដាននូវការអនុវត្តស.ជ.ណ.លេខ២១៣ ដើម្បីឆ្ពោះទៅទប់ស្កាត់ការចម្លងថ្មី។ អគ្គលេខាធិការដ្ឋាន ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្រ្តី និងអនុវត្តការងាររបស់ស្ថាប័ន ប្រព្រឹត្តទៅដោយរលូន និងរីកចម្រើន ត្រូវខិតខំប្រឹងប្រែងធ្វើការងារ កុំមើលបណ្តំាគ្នា មានសាមគ្គីភាពផ្ទៃក្នុងល្អ និងគោរពវិន័យពេលម៉ោងធ្វើការងារ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១: ២៥នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
កិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី | 2.01 MB | ![]() |