នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីធ្លាខាងមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំ ផ្តល់សាររំលឹកអំពីការបង្ការការចម្លងមេរោគអេដស៍ ដែលជាសារដាស់តឿនក្រើនរំឭកដល់សាធារណជនទូទៅ ពិសេសក្រុមប្រជាពលរដ្ឋប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ជាងគេ ក៏ដូចជាយុវវ័យ កុំឱ្យភ្លេចខ្លួន បាត់បង់ការទទួលខុសត្រូវ ភាពម្ចាស់ការ និងជួយខ្លួនឯងកុំឱ្យឆ្លងមេរោគអេដស៍ក្នុងទិវាអន្តរជាតិនៃក្ដីស្រឡាញ់១៤ កុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានអញ្ជើញទស្សនានៅតាមបណ្តាស្តង់តាំងពិពណ៌ដែលមានដូចជា ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមស្រីស្អាត ឬ Smart Girl ជាដើម។ នៅចំពោះមុខក្រុមបុរសរួមភេទជាមួយបុរស (MSM) ឯកឧត្តម បានថ្លែងលើកទឹកចិត្តឱ្យសកម្មជនទាំងនោះខិតខំបន្តយកចិត្តទុកដាក់ ផ្តល់សារឱ្យកាន់តែទូលំទូលាយដល់ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ (TG) ដើម្បីឱ្យទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ដោយហេតុថា ចំនួនប្រជាជន ទាំងពីរក្រុមនេះ កំពុងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃមេរោគអេដស៍។ ចំនួនប្រជាជន ទាំងពីរក្រុមនេះ កំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ គឺកើនឡើងជាង៣ម៉ឺននាក់ មកជិត៩ម៉ឺននាក់ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ។ ឯអត្រាឆ្លងក៏មានកំរិតខ្ពស់ គឺប្រមាណ៤% បើប្រៀបធៀបនឹង អត្រាឆ្លងក្នុងចំណោមប្រជាជនទូទៅដែលមានត្រឹមតែ០.៥%។ នេះជាហានិភ័យខ្ពស់ ដែលជាការព្រួយបារម្ភរបស់យើង។ ជាការឆ្លើយតប យើងត្រូវខិតខំផ្សព្វផ្សាយឱ្យមានការប្រើប្រាស់យ៉ាងទូលំទូលាយនូវស្រោមអនាម័យ និងការធ្វើតេស្តឈាម ដែលសព្វថ្ងៃគេអាចធ្វើបានដោយខ្លួនឯង ហើយនិងប្រើវិធីបង្ការដោយលេបថ្នាំការពារជាមុនដូចជា PreP ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងបញ្ជាក់ចំពោះមុខបណ្តាញទូរទស្សន៍ក្នុងស្រុកថា ប្រសិនបើយើងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ក្នុងចំណោមបុរសរួមភេទជាមួយបុរស (MSM) និងក្រុមបំប្លែងភេទ (TG) បានយើងប្រាកដជាទទួលជោគជ័យ សម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដូចផែនការ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក៏ប្រទេសកម្ពុជាយើង កំពុងឈានមុខនៅក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ក្នុងពិភពលោក។ តាមការចេញផ្សាយរបស់អង្គការUNAIDS នៅក្នុងរបាយការណ៍ឆ្នាំ២០២០ បានឱ្យ ដឹងថា ៖
• ក្នុងចំណោមប្រជាជនរស់នៅជាមួយមេរោគអេដស៍ (PLHIV) ដែលបានដឹងពីស្ថានភាពនៃ មេរោគអេដស៍របស់ខ្លួន បានទទួលសេវាព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ប្រទេស កម្ពុជាយើងឈរក្នុងចំណោមប្រទេសដែលសម្រេចគោលដៅ៩៥ទី២ ដែលគេកំណត់គោលដៅនៅឆ្នាំ២០៣០។
• ក្នុងចំណោមអ្នកបានទទួលសេវាព្យាបាលដែលគេឃើញថា មេរោគអេដស៍ថយចុះរហូតមើលលែងឃើញ ប្រទេសកម្ពុជាយើងស្ថិតនៅក្នុងចំណោមប្រទេសទី២ ដែលសម្រេចគោលដៅ៩៥ ទី៣ ដែលគេកំណត់ថា ត្រូវសម្រេចឱ្យបាននៅឆ្នាំ២០៣០។
• ប្រទេសកម្ពុជាឈរមុខគេ ក្នុងចំណោមប្រទេសដែលផ្តល់សេវាបង្ការដល់ក្រុមនារីបម្រើសេវាកម្សាន្ត។
យុទ្ធនាការផ្សព្វផ្សាយអប់រំ បានផ្តល់សារអប់រំ ចែកជូនអាវយឺត ខិត្តប័ណ្ណ/ប័ណ្ណព័ត៌មានអប់រំផ្សព្វផ្យាយពីមេរោគអេដស៍និងជំងឺអេដស៍ ផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ និងចែកស្រោម អនាម័យជូនដោយឥតគិតថ្លៃទៀតផង។
យុទ្ធនាការផ្សព្វផ្សាយអប់រំនេះ បានរៀបចំឡើងដោយមានការសហការជាមួយអង្គការជាដៃគូរ រួមមាន រ៉ាក់, FHI360, AHF, PSI និងអង្គការដៃគូរជាច្រើនទៀត។
ឯកសារសម្រាប់ទាញយក
ចំណងជើង | ទំហំ | ការទាញយកឯកសារ |
---|---|---|
![]() | 0.86 MB | ![]() |