
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង៩:០០នាទីព្រឹក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង នាយក និងនាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋាន នៅបន្ទប់ប្រជុំផ្ទាល់ និងឯកឧត្តម ជាទីប្រឹក្សា លោក អ្នកស្រី និងនាងកញ្ញា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ តាមបណ្តាញវីដេអូ កម្មវិធី BlueJeans សរុបប្រមាណ៥០នាក់។
គោលបំណងនៃកិច្ចប្រជុំដើម្បី:
- បច្ចុប្បន្នភាពនៃសកម្មភាពរបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ស្ថានភាពរាលដាល និងគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍ និងបទអន្តរាគមន៍។
- សមិទ្ធផលដែលសម្រេចបាន និងឧបសគ្គ ក្នុងការអនុវត្តផែនការសកម្មភាព និងផែនការបន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់ដែលបានចូលរួម និងបានជម្រាបជូនពីដំណើរការនៃកិច្ចប្រជុំ តាមរបៀបវារៈដូចខាងក្រោម ៖
១- បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត
២- បទបង្ហាញ ស្តីពីអាទិភាពនៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (NSPV) និងកិច្ចសហការជាមួយដៃគូសំខាន់ៗ ដោយឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស។
៣- មតិសំណេះសំណាលរបស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី
៤- កិច្ចការផ្សេងៗ។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការធ្វើ របាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ខែមីនា។
ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទបង្ហាញដោយផ្តោតលើចំណុចសំខាន់ៗស្តីពីលទ្ធផលសកម្មភាពការងារដូចខាងក្រោម ៖
I- បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារដែលសម្រេចបាន ៖
• បានបញ្ចប់កម្មវិធីវិនិយោគសាធារណៈ (PIP)៣ឆ្នាំរំកិល សម្រាប់ឆ្នាំ២០២២-២០២៤។
• បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី២។
• បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ និងប្រចាំខែ។
• បញ្ចប់វឌ្ឍនភាពនៃការតាមដានរួមគ្នាចំពោះសូចនាករនៃការអនុវត្តកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០១៩-២០២០ និងគោលដៅសូចនាកររួម ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
• បានពិភាក្សាជាមួយអភិបាលរងរាជធានី ដើម្បីរៀបចំកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីការអនុវត្ត ស.ជ.ណ ២១៣។
២- បញ្ហាប្រឈម ៖
• ក្រុមបុរសរួមភេទជាមួយបុរសបានយល់ថា បុរសរួមភេទជាមួយបុរសមិនមានការចម្លងមេរោគអេដស៍ទេ។
• ការទំនាក់ទំនងរបស់បុរសរួមភេទជាមួយបុរសមានការងាយស្រួល ដោយគ្រាន់តែញាក់ភ្នែកដាក់គ្នា ក៏ឈានទៅដល់ការរួមភេទ។
• ស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តផលប៉ះពាល់ដល់ការអនុវត្តសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
៣- ជំហានសម្រាប់ខែបន្ទាប់ ៖
• គ្រោងរៀបចំវិបស្សនា ឆ្នាំ២០២១ (២៨-៣១មីនា នៅខេត្តក្រចេះ)។
• ជំរុញការបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
• ជំរុញការបញ្ចូលសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
• បន្តសហការជាមួយ LHSS បង្កើតM&E framework សម្រាប់អនុវត្ត NSP V & SCN 213
• បន្តជំរុញអន្តរាគមន៍កម្មវិធីការពារការចម្លងមេរោគអេដស៍ តាមរយៈអន្តរាគមន៍ផ្សព្វផ្សាយអប់រំដល់ក្រុមប្រជាជនគន្លឹះ ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស (Condom use, PrEP, PEP, U=U)។
• បន្តវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពការងារដល់មន្ត្រីអគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ
II- បទបង្ហាញ ស្តីពីអាទិភាពនៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ (NSPV) និងកិច្ចសហការជាមួយដៃគូសំខាន់ៗ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញពីសកម្មភាពជាអាទិភាពនៃ ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥(NSPV) និងកិច្ចសហការជាមួយដៃគូ សំខាន់ៗ ដែល ជាតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវធ្វើដូចខាងក្រោម ៖
• បានរៀបចំកិច្ចប្រជុំ GDJ ធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ផ្តោតទៅលើការពិនិត្យ និងពិភាក្សាអំពីដំណើរការនៃរបាយការណ៍ Joint Monitoring Indicator(JMI) ពិនិត្យលើការប៉ានប្រមាណការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ការធ្វើបច្ចុប្បន្នភាពនៃផែនការអាទិភាពរបស់ដៃគូនៅ ឆ្នាំ២០២១ ការពង្រឹង យន្តការសម្របសម្រួល និង AOB ផងដែរ។ កិច្ចប្រជុំលើកទី២គ្រោងនឹងរៀបចំនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយពិនិត្យមើលផែនការសកម្មភាពរបស់ដៃគូនីមួយៗ និងពិភាក្សាលើការពង្រឹងការសម្របសម្រួលនិងតាមដានការអនុវត្តផែនការសកម្មភាពទាំងនោះអោយមានប្រសិទ្ធិភាពខ្ពស់។
• ត្រូវពង្រឹងយន្តការដឹកនាំ សម្របសម្រួល និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
• ត្រូវពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នដៃគូ អង្គការសង្គមស៊ីវិល និងរៀបចំឱ្យមានគណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុក ខណ្ឌ និងឃុំ សង្កាត់គ្រប់រាជធានី ខេត្ត និងធ្វើផែនការថវិកា ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺអេដស៍ ឱ្យល្អប្រសើរឡើង។
• ត្រូវពង្រឹងរចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនេះ ទាំងតួនាទី ទាំងថវិកា និងសូចនាករ ហើយត្រូវ ទទួលខុសត្រូវរួមគ្នា។
• ធ្វើអោយមានផែនការអនុវត្តអាទិភាព ចាត់ទុកដូចជាផែនការអាទិភាពពាក់កណ្តាលអាណត្តិ (midterm priority action) នៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទី៥ដោយពិនិត្យមើលតាមយុទ្ធសាស្ត្រនីមួយៗដែលត្រូវបានសម្របសម្រួលដោយនាយកដ្ឋាននីមួយៗយោងតាមការបែងចែកភារកិច្ចក្នុងកិច្ចប្រជុំថ្នាក់អនុប្រធាននិងអគ្គលេខាធិការដ្ឋាននាពេលកន្លងទៅ។
• ត្រូវរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍ ដោយទាញយកជំនួយពីដៃគូអភិវឌ្ឍ ដល់ក្រុមការងារទទួលខុសត្រូវទៅលើយុទ្ធសាស្រ្តនីមួយៗដែលមាននៅក្នុងផែនការយុទ្ធសស្រ្តជាតិលើកទី៥ ដើម្បីជជែកពិភាក្សារកអាទិភាពរួមគ្នា និងរកយន្តការជំរុញការអនុវត្តអាទិភាពទាំងនោះក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍។
III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១- មុខសញ្ញាសំខាន់បំផុត គឺការរួមភេទរវាងបុរសជាមួយបុរស (MSM) ដែលមានការងាយស្រួលក្នុងការទំនាក់ទំនងដើម្បីរួមភេទ គ្រាន់តែសម្លឹងមើលគ្នាដោយក្រសែភ្នែក ហើយសួរទៅដែគូ Top ឬ Bottom ជាកាស្រេច។ ជាមធ្យមពួកគាត់រកដៃគូរួមភេទបានពី៣ទៅ៤នាក់ក្នុងមួយយប់ ពេលខ្លះប្រើស្រោម ពេលខ្លះទៀតមិនប្រើស្រោមទេ។
២- ករណីក្រុមបុរសរួមភេទជាមួយបុរស ដែលមានទិន្នន័យនៃការឆ្លងថ្មីកើនឡើង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវខិតខំរកទិន្នន័យឱ្យបានច្បាស់លាស់ ហើយធ្វើបច្ចុប្បន្នភាពទិន្នន័យនោះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជាផ្លូវការ និងយកជាការបាន។
៣- ត្រូវប្រជុំពិគ្រោះគ្នា សិក្សាពីប្រភពនៃការឆ្លង និងស្វែងរកពីវិធានការការពារ ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ហើយផ្សព្វផ្សាយសារឱ្យបានទូលំទូលាយ ឱ្យទៅដល់ក្រុមគោលដៅ (MSM, TG & EW)។
៤- អគ្គលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសជួបប្រជុំគ្នា ដើម្បីពិនិត្យមើលសកម្មភាពអាទិភាពដែលមាននៅក្នុង ផែនការយុទ្ធសាស្រ្តជាតិលើកទី៥ មករៀបចំជាផែនការសកម្មភាពសម្រាប់ការអនុវត្តន៍ប្រយុទ្ធនឹងជំងឺអេដស៍ បន្ទាប់មកដាក់ជូនឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពិនិត្យ និងសម្រេចជាផ្លូវការ។
៥- ក្រសួងមហាផ្ទៃមានផែនការ និងថវិកាសម្រាប់ការងារអេដស៍រួចហើយ ស្នើសុំឱ្យគាត់រៀបចំគណៈកម្មាធិការអេដស៍ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ។ ឯកឧត្តម ជា ប៉ោ ពិភាក្សាជាមួយប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ ហើយអ.ជ.ប.ជ.អ ធ្វើសំណើទៅ សម្តេចក្រឡាហោម ដើម្បីចេញនូវសេចក្តីណែនាំជាផ្លូវការទៅ ថ្នាក់ខេត្តទូទាំងប្រទេសអនុវត្តការងារអេដស៍។
៦- ថ្នាក់ដឹកនាំទាំងអស់ត្រូវមូលមតិគ្នាផ្តល់ជាគំនិត (Conception) លើសកម្មភាពពាក់កណ្តាលអាណត្តិ (Midterm action) ហើយអ្នកបច្ចេកទេសចូលរួមស្តាប់ ដោយមានការឯកភាពរួមមួយ រួចដាក់សំណើជូន ឯកឧត្តមប្រធានពិនិត្យ និងសម្រេច។
៧- ឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុកក្រសួង និងខេត្ត ត្រូវរៀបចំផែនការសកម្មភាពអាទិភាព ឱ្យស្របគ្នានឹងគោលការណ៍នយោបាយយុទ្ធសាស្រ្តនីមួយៗ ដើម្បីដាក់ជូនទៅក្រសួង និងខេត្តអនុវត្ត ការងារប្រយុទ្ធនឹងជំងឺអេដស៍។
៨- គម្រោងពន្លឿនទីក្រុងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ( Fast Track City) នៅរាជធានីភ្នំពេញបានទំនាក់ទំនងរួចហើយ ប៉ុន្តែនៅខេត្តអាទិភាពដូចជា បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ត្រូវគិតគូធ្វើ ប្រសិនបើធ្វើមិនបាន អាចរកវិធីធ្វើតាមវីដេអូខនហ្វឺរ៉ែន។
៩- អគ្គលេខាធិការដ្ឋាន រៀបចំធ្វើសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធិផលនៃការអនុវត្តគម្រោងផែនការសកម្មភាពនិងការរៀបចំផែនការសកម្មភាព (Retreat) មុនចូលឆ្នាំថ្មី នៅខេត្តក្រចេះ ប្រសិនបើធ្វើមិនបាន អាចពិនិត្យធ្វើតាមវីដេអូខនហ្វឺរ៉េន។
១០-ការរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងគ្រោងនៅក្នុងខែមិថុនាខាងមុខ អគ្គលេខា ធិការដ្ឋាន ត្រូវរៀបចំកិច្ចប្រជុំជាពីររបៀប គឺ ១) រៀបចំកិច្ចប្រជុំនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ២)រៀបចំកិច្ចប្រជុំតាមវីដេអូខនហ្វឺរេន រៀបចំរបៀបវារៈ និងឯកសារដែលពាក់ព័ន្ធ។
១១-រាល់ឯកសារទាំងអស់ ត្រូវថតចម្លងទុកនៅក្នុងបណ្ណាល័យចំនួនមួយច្បាប់។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែប្រសើរឡើង។ យើងទាំងអស់គ្នាត្រូវបន្តពិនិត្យ និងតាមដាននូវការអនុវត្តស.ជ.ណ.លេខ២១៣ ដើម្បីឆ្ពោះទៅទប់ស្កាត់ការចម្លងថ្មី។ អគ្គលេខាធិការដ្ឋាន ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្រ្តី និងអនុវត្តការងាររបស់ស្ថាប័ន ប្រព្រឹត្តទៅដោយរលូន និងរីកចម្រើន ត្រូវខិតខំប្រឹងប្រែងធ្វើការងារ កុំមើលបណ្តំាគ្នា មានសាមគ្គីភាពផ្ទៃក្នុងល្អ និងគោរពវិន័យពេលម៉ោងធ្វើការងារ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១: ១៧នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
របាយការណ៍ប្រជុំរួមប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ | 1.92 MB | ![]() |