
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង១៣៖០០ ដល់ ១៥៖០០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលចប់អាណត្តិ បានដឹកនាំកិច្ចប្រជុំផ្ទេរតំណែងមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចជូនអ្នកស្រី Fiu Fesaitu Williame-Igara សមាជិកក្រុមប្រឹក្សាភិបាលថ្មី តាមបណ្តាញវីដេអូ កម្មវិធីBlueJeans។
កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោកជំទាវ Roslyn Morauta អនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល លោក Maximilian Mueller និងអ្នកស្រី Camila Vega តំណាងលេខាធិការដ្ឋានមូលនិធិសកល អ្នកស្រី Fiu Fesaitu Williame-Igara សមាជិកក្រុមប្រឹក្សាតំបន់ប៉ាស៊ីហ្វិកខាងលិចបន្តតំណែងពីឯកឧត្តមទេសរដ្ឋមន្ត្រី សាស្រ្តាចារ្យ Pham Le Tuan សមាជិកក្រុមប្រឹក្សាភិបាលឆ្លាស់វេន ឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ ជនបង្គោលខាងទំនាក់ទំនងដែលចប់អាណត្តិ និងលោក Elden Chamberlain ជនបង្គោលខាងទំនាក់ទំនងថ្មី។ កិច្ចប្រជុំក៏មានការចូលរួមជាសាក្សីដោយ លោកវេជ្ជបណ្ឌិត ជីម ទូឡុច (Jim Tulloch) សមាជិកគណៈកម្មាធិការយុទ្ធសាស្រ្តមូលនិធិសកល អ្នកស្រី Siula Bulu អតីតសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល តំណាងប្រទេសវ៉ានូទូ លោក Matthew Morris ទីប្រឹក្សាលោកជំទាវ Roslyn ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត ជាអនុប្រធាន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ឯកឧត្តម ស៊ុត ថងផាន់ នាយកខុទ្ទកាល័យ និងលោក ស៊ន ច័ន្ទវីរៈ ជាជំនួយការផងដែរ។ គណនី (account) ចំនួន១៣ ត្រូវបានប្រើប្រាស់ ដែលមានអ្នកចូលរួមជាង ២០នាក់។
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១) សុន្ទកថាស្វាគមន៍ដោយឯកឧត្តមទេសរដ្ឋមន្រ្តី
២) ចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយស លោកជំទាវ Roslyn Morauta
៣) របាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ជាសមាជិកក្រុមប្រឹក្សាភិបាលដែលចប់អាណត្តិ
៤) របាយការណ៍របស់ជនបង្គោលខាងទំនាក់ទំនង ដោយឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ
៥) ចំណាប់អារម្មណ៍របស់អ្នកស្រី Fiu Fesaitu Williame-Igara សមាជិកក្រុមប្រឹក្សាភិបាលដែលចូលកាន់តំណែងថ្មី
៦) ចំណាប់អារម្មណ៍របស់សាស្ត្រាចារ្យ Pham Le Tuan សមាជិកក្រុមប្រឹក្សាភិបាលឆ្លាស់វេនដែលចូលកាន់តំណែងថ្មី
៧) ការតម្រង់ទិសថ្នាក់ដឹកនាំថ្មីនៃមណ្ឌលតំំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយ លោក Maximilian Mueller តំណាងលេខាធិការដ្ឋានមូលនិធិសកល
៨) ការតម្រង់ទិសជនបង្គោលខាងទំនាក់ទំនង និងការផ្ទេរឯកសារ ព្រមទាំងកុំព្យូទ័រ
៩) ការឯកភាពលើពេលវេលាផ្ទេរថវិកា និងទំនាក់ទំនងជាមួយលេខាធិការដ្ឋាន
១០) បញ្ហាផ្សេងៗ
១១) ប្រសាសន៍បិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី