
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង៩៖០០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយប្រចាំឆ្នាំ២០២១ ស្តីពីការវាយតម្លៃអំពីការរំពឹងទុកប្រចាំប្រទេសរបស់មូលនិធិសកលនៅកម្ពុជា តាមបណ្តាញវីដេអូ កម្មវិធីZoom។
សិក្ខាសាលានេះមានការចូលរួមពី លោកស្រីបណ្ឌិត Vladanka Andreeva នាយកអង្គការUNAIDS ប្រចាំកម្ពុជា លោក Ian Ramage នាយកប្រចាំប្រទេសក្រុមស្រាវជ្រាវអង្គរ តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតំណាងប្រជាជនគន្លឹះដែលរងផលប៉ះពាល់ផងដែរ។
មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តីបានរំឭកថា តាំងពីឆ្នាំ២០១៧មក កម្ពុជាត្រូវបានជ្រើសរើស និងស្នើដោយក្រុមបច្ចេកទេសវាយតម្លៃរបស់មូលនិធិសកលជាប្រទេសមួយក្នុងចំណោមប្រទេស៨ ក្នុងការធ្វើការវាយតម្លៃអំពីការរំពឹងទុកប្រចាំប្រទេស ដើម្បីផ្តល់នូវអនុសាសន៍ពេញលេញមួយ នៃការអនុវត្ត និងផលប៉ះពាល់នៃដំណើរការកម្មវិធីមូលនិធិសកល និងការវិនិយោគដោយការប្រើវិធីសាស្រ្តជាច្រើនក្នុងការផ្តល់នូវទិដ្ឋភាពជាក់ស្តែងមួយនៃការអនុវត្ត ប្រសិទ្ធភាព និងផលប៉ះពាល់នៃការគាំទ្រពី មូលនិធិសកល។ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ការវាយតម្លៃអំពីការរំពឹងទុកប្រចាំប្រទេសនៅកម្ពុជា បាននិងកំពុងបន្តការវាយតម្លៃដំណើរការមូលនិធិសកល និងផលប៉ះពាល់នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា សិក្ខាសាលានេះនឹងគ្របដណ្តប់លើ ៖ ១) ការវិភាគទៅលើជំនួយសម្រាប់ជំងឺអេដស៍ របេង គ្រុនចាញ់ និងប្រព័ន្ធសុខាភិបាលអទុព្វលភាព និងចីរភាព (RSSH) ២) ការរកឃើញពីការវាយតម្លៃការរំពឹងទុកប្រចាំប្រទេសស្តីពីការស្នើសុំថវិកាជំនួយឆ្នាំ២០២០ និងដំណើរការធ្វើហិរញ្ញប្បទាន និង៣) ការរកឃើញចេញពីជំងឺអេដស៍ និងជំងឺរបេង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកនូវបញ្ហាមួយចំនួននៃការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាដែលកាន់តែស្មុគ្រស្មាញ ក្នុងពេលដែលហានិភ័យ និងភាពងាយរងគ្រោះមានការផ្លាស់ប្តូរយ៉ាងលឿន។ តាមគំរូOptima (Optima Model) ដែលធ្វើឡើងដោយអង្គការUNAIDS បានរកឃើញថា គោលដៅ៩៥-៩៥-៩៥គឺអាចសម្រេចបាន។ ក៏ប៉ុន្តែ ផ្អែកតាមគំរូនេះ ការធ្វើការតាមទម្លាប់ជាធម្មតាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ពីឆ្នាំ២០១៩ កម្ពុជាមិននៅលើផ្លូវឈានទៅកាត់បន្ថយបាន៩០%នៃអត្រាឆ្លងថ្មីមុនឆ្នាំ២០២៥ចេញពីបន្ទាត់មូលដ្ឋានឆ្នាំ២០១០ឡើយ ហើយភាពមិនច្បាស់លាស់ក្នុងការផ្តល់ជំនួយក្នុងការបង្ការជំងឺអេដស៍នៅកម្ពុជាធ្វើឱ្យកម្ពុជាមានហានិភ័យក្នុងការកើនឡើងករណីឆ្លងថ្មី។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា កូវីដ-១៩បានធ្វើឱ្យផ្លាស់ប្តូរយ៉ាងធំធេងលើសុខភាព នយោបាយ និងសេដ្ឋកិច្ចសកល។ ផលប៉ះពាល់លើអ្នករស់នៅ និងរងផល់ប៉ះពាល់ពីជំងឺងេដស៍ របេង គ្រុនចាញ់ និងកម្មវិធីប្រយុទ្ធនឹងជំងឺទាំង៣ទំនងជាមានសភាពធំសម្បើមណាស់។ ជំងឺរាតត្បាតសកល កូវីដ-១៩ អាចធ្វើឱ្យបរាជ័យដល់វឌ្ឍនភាពរយៈពេល២០ឆ្នាំនៃការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ចេញពីការលំបាកទាំងនោះ យើងត្រូវការស្វែងរកនូវច្រកផ្សេងក្នុងការអនុវត្តសេចក្តីជូនដំណឹងលេខ ២១៣សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងជួបប្រាស្រ័យជាមួយអ្នកដែលពាក់ព័ន្ធដើម្បីគិតប្រកបដោយការច្នៃប្រឌិត និងគាំទ្រការច្នៃប្រឌិតដែលពង្រឹងនូវភាពជាអ្នកដឹកនាំ ធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូ ព្រមទាំងបង្កើនការវិនិយោគក្នុងស្រុកដើម្បីចែករំលែកការទទួលខុសត្រូវ និងបញ្ចប់នូវការឆ្លងរាលដាលជំងឺអេដស៍។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យអ្នកចូលរួមទាំងអស់ពិភាក្សាលើការរកឃើញ និងអនុសាសន៍នានា។ ក្នុងនោះ ធាតុចូលសំខាន់ចាំបាច់ទាំងឡាយនឹងពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធ ដែលឈានទៅធ្វើឱ្យមានការផ្លាស់ប្តូរគោលនយោបាយ និងកម្មវិធីសម្រាប់ប្រទេសឈានទៅធ្វើការឆ្លើយតបប្រកបដោយចីរភាព។