
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារជាមួយ លោកស្រីទន្តបណ្ឌិត វ៉្លាដាន់កា អាន់ឌ្រីវ៉ា (Vladanka ANDREEVA) នាយិកាប្រចាំប្រទេស និងលោក អ៊ឹង ប៉ូលីន ទីប្រឹក្សាគាំទ្រសហគមន៍នៃអង្គការ UNAIDS ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួមមាន ឯកឧត្តម ទា ផលា ឯកឧត្តម រស់ សីលវ៉ាត់ ឯកឧត្តម ឈឹម ឃិនដារ៉េត និងឯកឧត្តម ស៊ុត ថងផាន់។
កិច្ចពិភាក្សាផ្តោតលើប្រធានបទ ៖
១)- ការត្រៀមចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីស្តីពីមេរោគអេដស៍ ឆ្នាំ២០២១
មហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍នៅថ្ងៃទី ៨-១០ ខែមិថុនាឆ្នាំ ២០២១ ដោយមានការសម្របសម្រួលដោយអង្គការ UNAIDS នឹងដោយមានការចូលរួមពីរដ្ឋាភិបាលពីប្រទេសជាសមាជិក តំណាងអង្គការសង្គមស៊ីវិល សហគម និងដៃគូដទៃទៀតនៅទូទាំងពិភពលោក រួមទាំងពីតំបន់អាស៊ី និងប៉ាស៊ីហ្វិកផងដែរ។ លោកស្រីទន្តបណ្ឌិត វ៉្លាដាន់កា អាន់ឌ្រីវ៉ា បានពិភាក្សាជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍ ដោយរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិមួយជាមួយដៃគូពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការត្រៀមប្រតិភូថ្នាក់ជាតិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតបទៅលោកស្រីវិញថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងសម្របសម្រួល និងចាត់ចែង បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយឯកឧត្តមទេសរដ្ឋមន្ត្រីក៏នឹងពិគ្រោះយោបល់ និងស្នើសុំអនុសាសន៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍នេះ នឹងមានការអនុម័តសេចក្តីប្រកាសគោលនយោបាយថ្មីស្តីពីមេរោគអេដស៍។ រាល់កិច្ចប្រជុំជាន់ខ្ពស់ពីមុនៗ ស្តីអំពីមេរោគអេដស៍ និងសេចក្តីប្រកាសគោលនយោបាយដែលពាក់ព័ន្ធនានា បានជះឥទ្ធិពលជាវិជ្ជមានដល់ការឆ្លើយតបនឹងមេរោគអេដស៍ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាមធ្យោបាយសំខាន់សម្រាប់ឱ្យមានសាមគ្គីភាពសកល និងការរក្សាមេរោគអេដស៍ក្នុងរបៀបវារៈអន្តរជាតិ។
២)- លទ្ធភាពផ្តល់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់អ្នកផ្តល់សេវាមេរោគអេដស៍ និងដល់អ្នកផ្ទុកមេរោគអេដស៍។ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា ការចាក់វ៉ាក់សាំងសម្រាប់បង្ការការចម្លងជំងឺកូវីដ-១៩ វាមានសារៈសំខាន់ណាស់ ក្នុងការបង្ការជំងឺកូវីដ-១៩។ ប៉ុន្តែមិនទាន់មានគោលការណ៍ណែនាំជាក់លាក់ណាមួយនៅឡើយ ក្នុងការចាក់វ៉ាក់សាំងសម្រាប់បង្ការការចម្លងជំងឺកូវីដ-១៩ ចំពោះអ្នកផ្ទុកមេរោគអេដស៍។ ចំពោះអ្នកផ្តល់សេវាមេរោគអេដស៍ យើងលើកទឹកចិត្តដល់មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងក្រសួងសុខាភិបាល គិតគូរចាត់ចែង។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រីករាយក្នុងកិច្ចសហប្រតិបត្តិការ និងត្រៀមលក្ខណៈចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់ពិភពលោកស្តីពីមេរោគអេដស៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពលើការស្នើសុំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិមួយដោយកំណត់យកថ្ងៃទី១៩ មេសា ឆ្នាំ២០២១ និងបានចាត់តាំងឯកឧត្តម ទា ផលា ឯកឧត្តម រស់ សីលវ៉ាត់ ឯកឧត្តម ឈឹម ឃិនដារ៉េត និង លោក អ៊ឹង ប៉ូលីន ពិភាក្សាគ្នារៀបចំពីបែបបទ និងនីតិវិធីសម្រាប់ដំណើរការកិច្ចប្រជុំពិគ្រោះយោបល់នេះ។