
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:០០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំវិបស្សនាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ វិបស្សនានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី តាមបណ្តាញវីដេអូ កម្មវិធីZoom សរុប៦០គណនី (ប្រមាណ៧០នាក់)។
វិបស្សនាធ្វើឡើងពេញមួយថ្ងៃ។ ដំណើរការនៅពេលព្រឹកមានតាមរបៀបវារៈដូចខាងក្រោម :
១) មតិស្វាគមន៍វិបស្សនា ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) សុន្ទរកថាបើកអង្គវិបស្សនា ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរ
៣) បទបង្ហាញស្តីពី ការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដល់ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា (USAID Support for Cambodia HIV/AIDS Response) ដោយលោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទាក់ទង និងចលនាប្រភពធនធាន
៤) បទបង្ហាញស្តីពី ការយល់ដឹងអំពីការអនុវត្តជំនួយមូលនិធិសកលនៅកម្ពុជា (Understanding Global Fund Grant Implementation in Cambodia) ដោយឯកឧត្តមវេជ្ជបណ្ឌិត ហេង ហៃ អគ្គលេខាធិការរង
៥) បទបង្ហាញស្តីពីជំនាញទន់ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
៦) ការពិភាក្សា និងសំណួរចម្លើយ (យុទ្ធសាស្ត្រ)
៧) អនុសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី