
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការ-រង លោក អ្នកស្រី អ្នកនាងកញ្ញា ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ចូលរួមតាមបណ្តាញ វីដេអូកម្មវិធី Zoom សរុបចំនួន៥០នាក់/គណនី។
គោលបំណងនៃកិច្ចប្រជុំដើម្បី:
- ធ្វើបច្ចុប្បន្នភាពនៃសកម្មភាពរបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ស្ថានភាពរាលដាល និងគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍ និងបទអន្តរាគមន៍។
- សមិទ្ធផលដែលសម្រេចបាន និងឧបសគ្គ ក្នុងការអនុវត្តផែនការសកម្មភាព និងផែនការបន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់ដែលបានចូលរួម និងបានជម្រាបជូនពីដំណើរការនៃកិច្ចប្រជុំ តាមរបៀបវារៈដូចខាងក្រោម ៖
១- បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ប្រចាំខែ
មេសា ឆ្នាំ២០២១ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត។
២- បទបង្ហាញ ស្តីពីការសម្របសម្រួលនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយ
ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស។
៣- មតិសំណេះសំណាលរបស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី
៤- កិច្ចការផ្សេងៗ។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការធ្វើ របាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ប្រចាំខែមេសា ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ខែឧសភា។
ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទបង្ហាញដោយផ្តោតលើចំណុចសំខាន់ៗស្តីពីលទ្ធផលសកម្មភាពការងារដូចខាងក្រោម ៖
I- បទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន
១- សកម្មភាពការងារដែលសម្រេចបាន ៖
• រៀបចំសកម្មភាពសម្រាប់អង្គវិប្បសនាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
• បានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីចំនួន៣លើក ពីវិធីសាស្រ្ត ទី១)- វិភាគការឆ្លើយតប ទី២)- វិភាគរកគម្លាត ទី៣)- កំណត់អាទិភាព។
• បានរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២២-២០២៤។
២- បញ្ហាប្រឈម ៖
• ស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តផលប៉ះពាល់ដល់ការអនុវត្តសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍។
• មិនអាចផ្តល់សេវាអប់រំដោយផ្ទាល់បាន។
• មិនអាចចុះទៅជំរុញការងារ FTC នៅតាមខេត្តគោលដៅបាន។
៣- ជំហានសម្រាប់ខែបន្ទាប់ ៖
• ត្រៀមរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១។
• រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៥។
• បន្តវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពការងារដល់មន្ត្រីអគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ។
៤- សំណូមពរ ៖
• ឯកឧត្តម អគ្គលេខាធិការ ស្នើសុំឱ្យ អគ្គលេខាធិការរង ធ្វើបទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាព ការងាររបស់ថ្នាក់ដឹកនាំប្រចាំខែ ម្តងម្នាក់ៗ សម្រាប់ខែក្រោយៗ។
II- បទបង្ហាញ ស្តីពីការវិភាគរបស់ក្រុមការងារវាយតម្លៃលទ្ធផលការរំពឹងទុកថ្នាក់ប្រទេស (PCE) ស្តីអំពីការចូលររួមវិភាគទានរបស់មូលនិធិជំនួយ លើកម្មវិធីមេរោគអេដស៍នៅកម្ពុជា ដោយឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស។
• ឯកឧត្តម ទា ផលា បានទទួលយកនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស្តីអំពីការងារGDJ និងHight-Level Meeting ដើម្បីរៀបចំ និងសម្របសម្រួល។
• ចំពោះក្រុមប្រឹក្សាគោលនយោបាយ (Policy Board) សម្រាប់ខែមិថុនា ២០២១ ទោះជាកូវីដ-១៩ នៅតែបិទខ្ទប់ យើងត្រូវតែបន្តអនុវត្ត គម្រោងពន្លឿនទីក្រុង ( Fast Track City) នៅខេត្ត/រាជធានីទាំង៤ ដែលមានបទពិសោធន៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ក្នុងនោះដោយរៀបចំជា៣ចំណុច គឺទី១)- ថវិកា (Funding) ទី២)- ការបែងចែកមុខងារ (Function) ទី៣)- ការធ្វើប្រតិភូកម្ម (Functionary)។
• ត្រូវអនុវត្តសកម្មភាពផែនការយុទ្ធសាស្រ្តជាតិលើកទី៥ ឱ្យបានរលូន ជោគជ័យ និងមានប្រសិទ្ធភាព។
• ត្រូវយកយន្តការគោលការណ៍ Three Ones Principles ដើម្បីធ្វើការសម្របសម្រួល។
• ក្នុងចក្ខុវិស័យនៃការប្រយុទ្ធនឹងជំងឺអេដស៍គឺ ទី១)- ពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ការ (Leadership and ownership) ទី២)- ភាពជាដៃគូ (Partnership) ទី៣)- ការវិនិយោគ (Investment)។
• ស្នើសុំឱ្យមានការកែសម្រួលរចនាសម្ព័ន្ធឱ្យត្រូវគ្នារវាងក្រុម GMC, GDJ ក្រុមការងារបច្ចេកទេស (Technical working group) ក្រុមប្រឹក្សាបច្ចេកទេស (Technical board ) និងក្រុមប្រឹក្សាគោលនយោបាយ (Policy Board) ព្រមទាំងកែសម្រួល ToR របស់ Technical Working Group។
• ឯ.ឧ. វេជ្ជ. ទា ផលា បានស្នើឯ.ឧ. វេជ្ជ. រស់ សីលវ៉ាត់ បង្ហាញនូវសេចក្តីសម្រេច ០២០ សហវ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយស្តីពីអន្តរាគមន៍ជំនួយសង្គមក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ដែលអាចជាឱកាសផ្តល់អត្ថប្របយោជន៍ដល់អ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ក្នុងនោះឯកឧត្តមបានស្នើគោលគំនិតពិភាក្សាជាមួយឯ.ឧ. កែវ អ៊ូលី តំណាងក្រសួងផែនការក្នុងក្រុមការងារចំពោះកិច្ច ជួយសម្របសម្រួលបញ្ចូលអ្នកផ្ទុកមេរោគអេដស៍ជាប្រជាជនគោលដៅមួយនៃអន្តរាគមន៍ជំនួយសង្គម ហើយនិងធ្វើការជាមួយបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងដៃគូពាក់ព័ន្ធដើម្បីស្វែងរក និងរៀបចំបញ្ជីអ្នកផ្ទុកមេរោគអេដស៍ដែលរស់នៅក្នុងតំបន់បិទខ្ទប់ជូនក្រុមការងារចំពោះកិច្ច។
III)- មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១- ការឧបត្ថម្ភដល់ក្រុមគ្រួសារ ឬបុគ្គលដែលមានអ្នកផ្ទុកមេរោគអេដស៍ មិនត្រូវរក្សាការសម្ងាត់ចំពោះអ្នកផ្តល់សេវា ឬគ្រូពេទ្យព្យាបាលនោះទេ។ ការរក្សាការសម្ងាត់ វាអាស្រ័យទៅតាមលក្ខខណ្ឌ នៃស្ថានភាពសង្គម នៃភូមិសាស្រ្ត បើសង្គមមានការប្រកាន់ ឬមានការរើសអើងខ្លាំង។ ទាក់ទងនឹងអន្តរាគមន៍ជំនួយសង្គម ក្នុងកំឡុងពេលបិទខ្ទប់ ឯ.ឧ. ទេសរដ្ឋមន្ត្រី ឯកភាពដំណើរការការងារដូចការស្នើឡើងក្នុងបទបង្ហាញរបស់ឯ.ឧ. រស់ សីលវ់ាត់។
២- បើអ្នកផ្ទុកមេរោគអេដស៍ គាត់ស្ម័គ្រចិត្ត ហើយលែងបារម្ភណ៍ពីរឿងបិទបាំងផ្ទាល់ខ្លួន មកស្នើសុំជំនួយពីអាជ្ញាធរ ពិសេសក្រុមការងារចំពោះកិច្ច គឺត្រូវផ្តល់ជូនតាមការស្នើសុំរបស់គាត់។
៣- ឯកឧត្តមទេសរដ្ឋមន្ដ្រី បានឯកភាពពីការស្នើសុំរបស់ ឯកឧត្តម ទា ផលា ក្នុងការកែសម្រួលរចនាសម្ព័ន្ធឱ្យត្រូវគ្នារវាងក្រុម GMC, GDJ ក្រុមការងារបច្ចេកទេស (Technical working group) ក្រុមប្រឹក្សាបច្ចេកទេស (Technical board ) និងក្រុមប្រឹក្សាគោលនយោបាយ (Policy Board)។
៤- ឯកឧត្តមទេសរដ្ឋមន្ដ្រី គាំទ្រនូវការកែសម្រួល ToR របស់ GDJ Technical Working Group។ ឯកឧត្តម ទា ផលា ពិនិត្យជាមួយ UNAIDS ធ្វើ ToR ឡើងវិញអំពី GDJ កែប្រែការប្រជុំយ៉ាងតិច៣ខែម្តង។
៥- កិច្ចប្រជុំជាន់ខ្ពស់ (Hight-Level Meeting) ឯកឧត្តម ទា ផលា បញ្ជាក់ជាមួយ UNAIDS ពីការរៀបចំអត្ថបទផ្ញើទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយរៀបចំអត្ថបទជាពីរ មួយវែងសម្រាប់ផ្សព្វផ្សាយ និងមួយទៀតខ្លី សម្រាប់សម្តេចតេជោ អាន រយៈពេល៣នាទី។
៦- ឯកឧត្តមទេសរដ្ឋមន្ដ្រី បានគាំទ្រនូវសំណើរបស់ ឯកឧត្តម អគ្គលេខាធិការ ដែលបានស្នើសុំឱ្យអគ្គលេខាធិការរង ធ្វើបទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំប្រចាំខែ។
៧- សូមផ្តល់ជូនឯកឧត្តម ទា ផលា រៀបចំចាត់ចែងជួបជាមួយក្រុមពិគ្រោះយោបល់ CCM evolution។ ត្រូវដឹងថា កម្ពុជា ចង់បានអ្វី យើងមាន៣ចំណុច ចំណុចទី១)- ឱ្យ CSO ឬ KP ដែលធ្វើការនៅ CCM ជាតំណាងពិតប្រាកដ ទី២)-រាល់ការប្រជុំ CCC សុំឱ្យមានវេទិកាសម្រាប់ពួកគាត់មានសម្លេងពីការអនុវត្ត ពីជំនួយ ពីបញ្ហាប្រឈម និងសំណូមពរ ទី៣)- CSO ឬ KP ធ្វើការជាមួយគណៈកម្មការអេដស៍របស់យើង។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១: ១៨នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
របាយការណ៍កិច្ចប្រជុំរួមប្រចាំខែមេសា ឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ | 2.02 MB | ![]() |