
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៩៖០០ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការប៉ាន់ស្មានអំពីមេរោគអេដស៍ និងគោលដៅ ឆ្នាំ២០២៥ តាមបណ្តាញវីដេអូ កម្មវិធី Microsoft Teams។
កិច្ចប្រជុំនេះមានការចូលរួមពី អ្នកស្រី វេជ្ជបណ្ឌិត ឃិន ចូ (Whin Thin Khin Cho) នាយិកាបណ្តោះអាសន្នអង្គការUNAIDSប្រចាំកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន បច្ចេកទេស និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និង តំណាងប្រជាជនគន្លឹះដែលរងផលប៉ះពាល់ចំនួន ៤២នាក់/គណនី។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានរំឭកថា កម្ពុជា និងប្រទេសដទៃ ទៀតនៅជុំវិញពិភពលោកបានបោះឆ្នោតគាំទ្រ សេចក្តីថ្លែងការណ៍នយោបាយស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ៖ ការបញ្ចប់វិសមភាព និងការ ឈានទៅរកការបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០ កាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំ ២០២១។ សេចក្តីថ្លែង ការណ៍នយោបាយ និងគោលដៅសកលលោក ឆ្នាំ២០២៥ ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំ ទូលាយដល់សមាជិកពេញសិទ្ធិរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមាន ការចូលរួមពីមន្រ្តីជាន់ខ្ពស់ពីក្រសួងនានា អភិបាល២៥រាជធានី ខេត្ត អង្គការសង្គមស៊ីវិល និងប្រជាជនគន្លឹះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា មុនពេល កូវីដ-១៩ Optimaព្រមានយើងថា កម្ពុជានឹង មិនដើរតាមគន្លងក្នុងការកាត់បន្ថយការឆ្លងថ្មីរហូតដល់គោលដៅឆ្នាំ២០២៥នោះឡើយ។ ភ្លាមបន្ទាប់ ពីការចេញផ្សាយOptima នៅឆ្នាំ២០២០ កូវីដ-១៩បានមកដល់ប្រទេសរបស់យើងហើយបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតនូវការដើរថយក្រោយ បន្ថែមទៀត ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ ការវិនិយោគលើវិស័យសុខភាពសាធារណៈ ប្រព័ន្ធត្រៀមបង្ការសម្រាប់សុខាភិបាល និងរោគរាតត្បាត។ ក្រៅពីនេះ នៅក្នុងកម្មវិធី រៃអង្គាសប្រាក់របស់យើងសម្រាប់ការធ្វើលំហាត់មូលនិធិសកល យើងទាំងអស់គ្នាទទួលស្គាល់ថា យើងមិនមានមូលនិធិគ្រប់គ្រាន់សម្រាប់ការបង្ការមេរោគអេដស៍ និងការជួយសង្គមនោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូស បញ្ជាក់ថា នៅលើផែនទីបង្ហាញផ្លូវរបស់យើង ឆ្ពោះទៅកាន់ការឆ្លើយតបប្រកបដោយចីរភាពចំពោះមេរោគអេដស៍ និងជំងឺអេដស៍ ក្រសួង និង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តសេចក្តីជូនដំណឹង លេខ២១៣សជណ ដែលបានដាក់ចេញនៅដើមឆ្នាំ២០១៩។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា យើងកំពុងផ្លាស់ប្តូរឆ្ពោះទៅកាន់ការឆ្លើយតបប្រកប ដោយចីរភាពចំពោះមេរោគអេដស៍ និងជំងឺ អេដស៍។ យើងត្រូវសម្រួចភាពជាអ្នកដឹកនាំ ភាពជាដៃគូ និង ការវិនិយោគរបស់យើង។ ដោយការប្តេជ្ញាចិត្តរបស់យើងក្នុងការចល័តចេញពីភាពពឹងផ្អែកទៅភាពមិនទ្រុឌទ្រោម យើង ត្រូវពិចារណាអំពីផលប៉ះពាល់នៃកូវីដ-១៩ និងកាត់បន្ថយនូវការរំខានដល់សេវាអេដស៍ និងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធ ដោយ “ការអនុវត្តតាមគន្លងថ្មី” ដើម្បីធានាសុវត្ថិភាព ខណៈស្រូបយកធនធានដែលមានស្រាប់។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកុំទុក ចោលនរណាម្នាក់ យើងប្តេជ្ញាអនុវត្តវិធីសាស្រ្ត ផ្តោតលើមនុស្ស ប្រកបដោយថាមវ័ន្ត និងរួម បញ្ចូលគ្នា មិនត្រឹមតែនៅក្នុងកម្មវិធីអេដស៍ដូចជា មជ្ឈមណ្ឌលសេវាកម្មអតិថិជន សេវាកម្មដឹកនាំ ដោយសហគមន៍ និងតាមដានដោយសហគមន៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងកំណែទម្រង់ដែលទូលំ ទូលាយ ដូចជាការដណ្តប់សេវាសុខភាពជាសកល ការគាំពារសង្គម និងកិច្ចខិតខំប្រឹងប្រែងផ្សេង ទៀត របស់ប្រទេសដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។