
នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន អាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអនុញ្ញាត ឱ្យអ្នក សារព័ត៌មានទូរទស្សន៍បាយ័នធ្វើបទសម្ភាសន៍ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ឆ្នូ ឆ្នាំ២០២១។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាព ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា គឺឈរលើ សសរស្តម្ភចម្បងចំនួនបី ទី១) ភាពជា អ្នកដឹកនាំ និងភាពម្ចាស់ការ ទី២) ភាពជាដែគូ រវាងរាជរដ្ឋាភិបាល ជាមួយអង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល ទី៣) ការវិនិយោគ។
លើសពីនេះទៅទៀត អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាស្ថាប័នសេនាធិការរបស់ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារជាពហុវិស័យ ក្នុងការត្រួតពិនិត្យ និងសម្របសម្រួល ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ផងដែរ។ ដោយហេតុ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ជនរួមជាតិទាំងអស់ឱ្យចូលរួមជាមួយរាជរដា្ឋភិបាលក្នុងចរន្តជាតិតែមួយ ដើម្បីឆោ្ពះ ទៅសម្រេចគោលដៅឆ្នាំ២០២៥ ក្នុងការបញ្ចប់អេដស៍។