
នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់នៃទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រីជា ប្រធាន/អ្នកតំណាងគណៈកម្មាធិ ការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ ខេត្ត បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ទីប្រឹក្សាអង្គការUNAIDS និងLHSS តំណាងអង្គការសង្គមស៊ីវិល រួមជាមួយអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងជំនួយការបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមបណ្តាញវីដេអូ កម្មវិធីZoom។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) របាយការណ៍បច្ចុប្បន្នភាពស្តីពីការគាំទ្រថវិកា និងរដ្ឋបាល ដោយឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
២) របាយការណ៍វឌ្ឍនភាពដោយតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានីភ្នំពេញ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង
៣) បទបង្ហាញស្តីពីនីតិវិធីអនុវត្តថវិកា ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
៤) បទបង្ហាញស្តីពីផែនការសកម្មភាពការងារ និងប្រព័ន្ធតាមដានការអនុវត្តលិខិតលេខ២១៣ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយលោកវេជ្ជបណ្ឌិត ស្រី មុនី ទីប្រឹក្សា អង្គការLHSS
៥) មតិសំណេះសំណាល និងបិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី។