
នៅថ្ងៃចន្ទ-អង្គារ ៧-៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២២ នៅខេត្ត កំពត ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំវិបស្សនា ឆ្នាំ២០២២។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក អ្នកស្រី នាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក/នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងជំនួយការបច្ចេកទេសទាំងអស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងប្រធានកម្មវិធីអេដស៍ខេត្ត កំពត លោកចៅ សង្កាត់ត្រើយកោះ អង្គការសង្គមស៊ីវិល តំណាងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត តំំណាងប្រជាជនប្រឈមមុខខ្ពស់ និងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។
វិបស្សនានេះរៀបចំឡើងដើម្បីពិភាក្សានូវភាពខ្លាំង បញ្ហាប្រឈម និងកាលានុវត្តភាពដែលកើតមាន ឡើងក្នុងពេលអនុវត្តសកម្មភាព និងរកវិធីដោះ ស្រាយដើម្បីឱ្យការអនុវត្តសកម្មភាពឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់កាន់តែប្រសើរ។ ក្នុងនោះ របៀប វារៈដូចខាងក្រោមត្រូវបានធ្វើឡើង ៖
១. បច្ចុប្បន្នភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
២. ការប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការងារ
៣. ការវាយតម្លៃពាក់កណ្តាលអាណត្តិលើផែនការយុទ្ធសាស្ត្រជាតិលើកទី៥
៤. ល្បែងបង្កើនទំនុកចិត្ត (Trust Building Game)
៥. កិច្ចការតាមក្រុមយុទ្ធសាស្រ្តនីមួយៗ (S1, S2, S3, S4 និងM&E)៦. របាយការណ៍បូកសរុបលទ្ធផលនៃវិបស្សនា។
នៅក្នុងពិធីបើកវិបស្សនា ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនថ្នាក់ដឹកនាំនិងមន្ត្រីថា រហូតមក ដល់ឆ្នាំ២០២០ ប្រទេសកម្ពុជាសម្រេចបាន ៨៤-១០០-៩៧ ហើយអ្វីដែលយើងត្រូវផ្តោតសំខាន់ គឺការប្រឹងប្រែងរកគ្រប់មធ្យោបាយសម្រេចឱ្យបានគោលដៅទី១ ដែលនៅឆ្ងាយពីការកំណត់ ហើយអត្រាឆ្លងថ្មីក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទនៅតែជាក្តីបារម្ភរបស់យើងទាំងអស់គ្នា។
ចំពោះប្រធានបទនៃការចូលរួមរបស់សហគមន៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លោក សាន វណ្ឌិន នាយកប្រតិបត្តិអង្គការដៃគូផ្តល់ក្តីមេត្តា (PC) បានធ្វើបទបង្ហាញ ដោយមានការចូលរួមពីលោក ពៅ សុន ចៅសង្កាត់ត្រើយកោះ តំណាងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត តំំណាងប្រជាជនប្រឈមមុខខ្ពស់ និងអ្នកផ្ទុកមេរោគអេដស៍ និងតំណាងអង្គការ HACC។
បន្ទាប់ពីបទបង្ហាញ ការសាកសួរពីអ្នកចូលរួម និងការឆ្លើយតបរបស់វាគ្មិន ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កាកបាទក្រហមកម្ពុជា លោកចៅសង្កាត់ត្រើយកោះ ដែលបានចូលរួមឆ្លើយតបយ៉ាងសកម្ម ប្រកបដោយភាពស្និទ្ធស្នាលកក់ក្តៅក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ និងការចូលរួមដ៏សំខាន់របស់អង្គការសង្គមស៊ីវិលផងដែរ។ ជាមួយគ្នានោះ ឯកឧត្ដមបានប្រគល់ជូននូវផ្ទាំងព័ត៌មានអប់រំផ្សព្វផ្សាយអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលលោកចៅសង្កាត់បានចូលរួមផលិតកាលពី២០ឆ្នាំមុនជាអនុស្សាវរីយ៍។