
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅវត្តបរសេដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំបរសេដ្ឋ និងឃុំកក់។ អញ្ជើញចូលរួមក្នុងវេទិការួមមានឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក តំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរជំនាញជុំវិញខេត្តកំពង់ស្ពឺ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងកងកម្លាំងទាំង៣ ព្រមទាំងប្រជាពលរដ្ឋពីឃុំបរសេដ្ឋ និងកក់ ចំនួនជាង១០០នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់លោកអភិបាលរងស្រុក និងរបាយ ការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រដ្ឋបាលឃុំបរសេដ្ឋ និងឃុំកក់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងមានកម្មវិធីចុះមកធ្វើវេទិកា សាធារណៈយូរហើយ។ ប៉ុន្តែ បានអាក់ខានដោយសារកូវីដ- ១៩។ យើងបានជួបជុំគ្នាវិញនៅពេលនេះដោយសារកម្ពុជាបានជោគជ័យ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក យើងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដោយឥតគិតថ្លៃជូនប្រជាជនបានប្រមាណ ៩០% បើធៀបនឹងប្រជាពលរដ្ឋជាង១៦លាននាក់។ ដោយ ហេតុនេះហើយទើបយើងមានឱកាសបើកប្រទេសឡើងវិញ។ ប៉ុន្តែ យើងនៅតែទទូចឱ្យមានការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ព្រោះកូវីដមិនទាន់ទៅណាទេ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ដោយសារយើងប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ទើបយើងរៀបចំឱ្យមានកម្មវិធីនៅ ពេលនេះដើម្បីជួប ស្តាប់ និងរកវិធីដោះស្រាយជូនប្រជាជន។ ពួកប្រឆាំងថារបបយើងសព្វថ្ងៃផ្តាច់ការ។ ហើយគេលើកពីរឿងបំណុល។ គេបានទទួលស្គាល់ថាមានការអភិវឌ្ឍ ប៉ុន្តែជំពាក់ បំណុលច្រើនណាស់។ ចំពោះចំណុចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា កាលណាស្រុកកាន់តែមាន គឺមានបំណុលកាន់តែច្រើនហើយ។ បំណុលដែលកម្ពុជាជំពាក់នៅក្នុងកម្រិត ទាបនៅឡើយ ហើយយើងកំពុងតែសងត្រឡប់វិញផងដែរ។ ដូច្នេះ មិនមានផលប៉ះពាល់ដល់សំណងប្រាក់កញ្ចីនោះទេ។
នៅក្នុងវេទិកាសំណួរ ចម្លើយ ប្រជាជន និងអ្នកតំណាងមកពីឃុំទាំងពីរបានលើកឡើងអំពី ១) កង្វល់ដែលប្រជាជនភាគច្រើនមិនទៅវាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ២) កង្វះឯកសារអត្រានុកូលដ្ឋាន ៣) រឿងផ្លូវនៅតាមភូមិរួមតូច ៤) អសន្តិសុខ (ចោរលួច ឆក់) ៥) ការយឺតយ៉ាវក្នុងការទទួលបានប្លង់កម្មសិទ្ធិដីធ្លី ហើយនិងការអាស្រ័យផលនៅអាងទឹក និង៦) ការតបណ្តាញទឹកស្អាតចូលតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិ។
ជាការឆ្លើយតប និងដំណោះស្រាយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអនុញ្ញាតជូន មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធ ធ្វើការពន្យល់ និងបញ្ជាក់ពីវិធីដោះស្រាយ។ ក្នុង ចំណោមសំណួរ និងសំណូមពរទាំង៦ វេទិកាបានពន្យល់ និងដោះស្រាយនៅកន្លែងចំនួន៤ គឺ ឯកសារអត្រានុកូលដ្ឋាន ការកំណត់ទំហំផ្លូវតាមភូមិ ការតបណ្ដាញទឹកស្អាត និងការយឺតយ៉ាវទទួលបានប្លង់កម្មសិទ្ធិដី។ ចំណុច២ ដែលបន្តដោះស្រាយរួមមាន ការចាក់វ៉ាក់សាំងដូសទី៣ និងការអាស្រ័យ ផលនៅអាងស្តុកទឹក។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជារួមមន្ត្រីរបស់យើងចង់បម្រើរាស្រ្ត និងមានឆន្ទៈចង់ដោះស្រាយបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាបណ្ដាញទឹកស្អាត ពេលមានការបំភ្លឺពីរដ្ឋបាលស្រុកធ្វើឱ្យយើងបានធូរ ស្រាល។ រឿងសំខាន់គឺ ដោះស្រាយជូនពួកគាត់។ រឿងចាក់វ៉ាក់សាំង សូមពន្យល់ជូនប្រជាជនថា បើមិនចាក់ដូសទី៣ទេអាចទទួលគ្រោះថ្នាក់ ដោយសារមេរោគថ្មីបំប្លែងខ្លួន។ ចំពោះការអាស្រ័យផលគឺអាចបន្តបាន ប៉ុន្តែមិនអាចចេញបណ្ណកម្មសិទ្ធិជូននោះទេ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។ យើងអត់ហាមឃាត់គណបក្សនយោបាយទេ។ យើងត្រៀមខ្លួនចូលប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យសេរី។ កន្លងមក បញ្ហាគឺមិនទាន់បោះឆ្នោតផងគេប្រកាសថាខ្លួនឯងឈ្នះរួចទៅហើយ។ នៅពេលចាញ់នាំគ្នាតវ៉ាលទ្ធផលឆ្នោត។ បន្ទាប់មក ខ្លួនឯងមិនជាប់ឆ្នោត បែជាចោទថាយើងឯកបក្ស។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំថា បញ្ហាចម្បងគឺសន្តិភាព ការធានាបានសន្តិសុខ និងសុវត្ថិភាព។ ហើយយើងជាអ្នក ទទួលខុសត្រូវក្នុងជួររដ្ឋាភិបាលខិតខំដោះស្រាយសំណូមពរប្រជាជន និងបន្តតាមដានដំណោះស្រាយបញ្ហាដែលនៅសេសសល់ថែមទៀត។