តាមសេចក្តីជូនដំណឹងពីទីស្តីការគណៈរដ្ឋមន្រ្តីលេខ ២០៤៨ សជណ ចុះថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ៧ ចំណុច ក្នុងការប្រយុទ្ធនឹងជំងឺអេដស៏ ដែលមានដូចខាងក្រោមនេះ៖
១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិលផង ជំរុញ និង លើកទឹកចិត្តឲ្យមានការប្រើស្រោម អនាម័យឲ្យបាន ១០០% ដើម្បីសុវត្ថិភាពក្នុងការរួមភេទ ឲ្យរួចចាកការឆ្លងកាមរោគ និង មេរោគ អេដស៍ ។
២. បញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ និង សុខភាពមាតា ជាចំណុចបន្ថែមនៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។
៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និង ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល ត្រូវសហការគ្នារៀបចំផែនទីបញ្ជាក់ពីភូមិសាស្រ្ត-ចំនួន-អ្នកផ្ទុកមេរោគអេដស៍-ក្រុមជនងាយរងគ្រោះមាន ៖ នារីបំរើសេវាកំសាន្ត-បុរសស្រឡាញ់បុរស-កុមារ កំព្រាដែលឪពុកម្តាយស្លាប់ដោយជំងឺអេដស៍-ជនចំណាកស្រុក ដែលផ្ទុកមេរោគអេដស៍ ចំនួន និង ទីកន្លែង មន្ទីរផ្តល់សេវាព្យាបាលជំងឺអេដស៍ ។
៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវចាត់វិធានការធ្វើឲ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំរាជធានី ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ មានសកម្មភាពឡើងវិញ ។ ក្រសួងសុខាភិបាល ត្រូវណែនាំដល់មន្ទីរសុខាភិបាលខេត្តនីមួយៗ ឲ្យសហការជិតស្និទ្ធជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំខេត្ត ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ។ គណៈកម្មធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តនីមួយៗ ត្រូវពង្រឹងលក្ខណៈជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដែលកំពុងដំណើរការនៅក្នុងខេត្តរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ។
៥. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នា ដើម្បីអនុញ្ញាតឲ្យជនងាយរងគ្រោះដោយជំងឺអេដស៍ ដែលមានជាអាទិ៍៖ នារីបំរើសេវាកំសាន្ត បុរសស្រឡាញ់បុរស អ្នកញៀនគ្រឿងញៀនប្រើម្ជុល អាចទទួលបានសេវាព្យាបាលជំងឺអេដស៍បានយ៉ាងទូលំទូលាយ ។
៦. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា អង្គការយុវជន ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនការអប់រំដល់យុវជន-យុវនារី ឲ្យយល់ដឹងពីគ្រោះថ្នាក់នៃជំងឺអេដស៍ និង វិធីបង្ការ ការពារឲ្យបានទូលំទូលាយ ។
៧. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានតួនាទីដឹកនាំសំរបសំរួល និង តាមដានការអនុវត្តការងារឆ្លើយតបនឹងមេរោគអេដស៏ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ ២០១៤- ២០១៨ ស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:គណ:កម្មការនីតិសម្បទា និង អភិវឌ្ឍន៏កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ មានមុខនាទីដឹកនាំ និង ទទួលខុសត្រូវលើប្រសិទ្ធភាពនៃជំនួយសំរាប់ការឆ្លើយតបនឹងមេរោគអេដស៍ និង ជំងឺ អេដស៍ទូទាំងប្រទេស ។ ក្រសួងមន្ទីរពាក់ព័ន្ធ រាជធានី និង ខេត្ត ត្រូវសហការគ្នារៀបចំកម្មវិធីការងារប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីកែសម្រួសការប្រើប្រាស់ធនធាន ដែលបានទទួលពីគ្រប់មជ្ឍដ្ឋាន ឲ្យបានលទ្ធផលជាក់ស្តែង ប្រសិទ្ធភាព ប្រសិទ្ធិផល និង ឈានទៅធានានិរន្តរភាព ។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
ស.ជ.ណ លេខ ២០៤៨ ស្តីពីគោលនយោបាយ៧ចំនុចក្នុងការប្រយុទ្ធនឹងជំងឺអេដស៏ | 0.68 MB | ![]() |