
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង៨ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំពិធីសូត្រមន្តទទួលអំណរឆ្នាំថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី ព្រមទាំងជំនួយការបច្ចេកទេសផងដែរ។
បន្ទាប់ពីពិធីសូត្រមន្តប្រោះព្រំពរជ័យសិរីសួស្តីពីព្រះសង្ឃរួចមក មានការរាំរបាំជូនពរ និងរបាំត្រុដិ បណ្ដេញនូវឧបទ្រពទាំងឡាយ ដើម្បីទទួលនូវសេចក្តីសុខសប្បាយ ជ័យមង្គល វិបុលសុខ ព្រមទាំងអំណរសាទរក្នុងឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។