នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំសម្របសម្រួលជាន់ខ្ពស់ស្តីពីការអនុវត្តបទអន្តរាគមន៍បង្ការមេរោគអេដស៍ និង ជំងឺអេដស៍ក្នុងចំណោមបុរសស្រឡាញ់បុរស និង ស្រីស្រស់នៅកម្ពុជា ដែលមានការចូលរូមមកពីស្ថាប័នរដ្ឋ ក្រសួងនានា អាជ្ញាធររាជធានីភ្នំពេញ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ក្រុមបុរសស្រឡាញ់បុរស និង ក្រុមស្រីស្រស់ប្រមាណជា ៣០០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះត្រូវបានសហការរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាមួយអង្គការសេវាសង្គមសុខភាពបុរស ដោយមានការឧបត្ថម្ភថវិកា ពីប្រជាជនភ្នាក់ងារអាមេរិk ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោង Flagship ក្រោមការសម្របសម្រួលទាំងបច្ចេកទេស និង ថវិកាដោយអង្គការ KHANA, FHI360 និង PSI ។
គោលបំណងនៃកិច្ចប្រជុំគឺ ធ្វើការកាត់បន្ថយការរើសអើង និង ការមាក់ងាយលើក្រុមបុរសស្រឡាញ់បុរស និង ក្រុមស្រីស្រស់ និង ពង្រឹងការគាំទ្រ តាមរយៈកិច្ចសហប្រតិបត្តិការពីស្ថាប័នពាក់ព័ន្ធ ទៅលើបទអន្តរាគមន៍ និង កម្មវិធីបង្ការ ថែទាំ និង គាំទ្រមេរោគអេដស៏ ជំងឺអេដស៏ក្នុងចំណោមបុរសស្រឡាញ់បុរស និង ក្រុមស្រី ស្រស់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម អៀង មូលី មានប្រសាសន៍ក្នុងកិច្ចប្រជុំថា កន្លងមក ប្រទេសកម្ពុជាបានទទួលជោគជ័យយ៉ាងធំធេង ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង ជំងឺអេដស៍នាពេលកន្លងទៅ ដោយអត្រានៃការឆ្លង បានធ្លាក់ចុះពី ១.៧% ក្នុងឆ្នាំ ១៩៩៨ មកនៅត្រឹម ០.៧ ក្នុងឆ្នាំ ២០១៣ នេះ ។ ប៉ុន្តែជាមួយនឹងភាពជោគជ័យនេះ យើងទាំងអស់គ្នា ត្រូវតែចងចាំថា បញ្ហាមេរោគអេដស៍ និង ជំងឺអេដស៍នេះ នៅតែបន្តរីករាលដាលដល់ប្រជាជនកម្ពុជាទាំងមូល ជាពិសេស ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ ដូចជា ក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ ក្រុមអ្នកធ្វើការនៅកន្លែងសេវាកម្សាន្តសប្បាយ និង អ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ម្ជុល។ ហើយក្នុងចំណោមក្រុមទាំងនេះ ក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ ជាក្រុមដ៏គួរឱ្យព្រួយបារម្ភមួយ ដែលយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា តាមរយៈការសិក្សាប្រុសខ្មែរក្នុងឆ្នាំ ២០១០ របស់អង្គការ FHI360 ផ្តោតលើក្រុមគោលដៅបុរសស្រឡាញ់បុរស និង ស្រីស្រស់បានបង្ហាញថា អត្រាឆ្លងមេរោគអេដស៍ ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ មានរហូតដល់ទៅ ២.១% ។
លោក ជួប សុខចំរើន អនុប្រធានអង្គការ ខាណា និង តំណាងឱ្យសម្ព័ន្ធគម្រោង Flagship ការរើសអើង នៅតែជាបញ្ហាមួយដ៏ចម្បងដែលជះឥទ្ធិពលដល់ក្រុមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ក្នុងការរកសេវាពិសេសសេវាតេស្តឈាមរកមេរោគអេដស៍ និងសេវាពិនិត្យកាមរោគ។ លោកបានបញ្ជាក់ថា តាមរយៈគម្រោង Flagship ផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់គឺផ្តោតលើ បទអន្តរាគមន៍បង្ការ បរិយាសស្វែងរកការគាំទ្រ សម្ភារៈបរិក្ខារ និងការកសាងសមត្ថភាព ដែលជាផ្នែកមួយឈានទៅសម្រេចគោលដៅសូន្យបីជាពិសេស សូន្យគ្មានការចម្លងមេរោគអេដស៍ថ្មី។
ឯកឧត្តម វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និង ជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និង ស្រីស្រស់បានគូសបញ្ជាក់ផងដែរថាកាលពីពេលថ្នីៗកន្លងទៅនេះ មានកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលក្នុងនោះ បានលើកឡើង នូវគោលការណ៍ ៧ ចំណុច ដើម្បីពង្រឹង និង ពង្រីកការអនុវត្ត ការទប់ស្កាត់ ឲ្យកាន់តែមានប្រសិទ្ធភាព ។ ជាពិសេស គោលការណ៍ ៧ ចំណុច ត្រូវបានគាំទ្រយ៉ាងខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលអណត្តិទី ៥ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អ្នកចូលរួមទាំងអស់ ទទួលបានព័ត៌មានបន្ថែមទៀត ស្តីពីមូលហេតុ ឥរិយាបថ ការប្រព្រឹត្ត និង ការប្រឈមទៅនឹងការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជារបស់ក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ ហើយក៏រួមំណែកផងដែរ ដល់ការកាត់បន្ថយការរើសអើងចំពោះក្រុមនេះ នៅក្នុងសង្គមរបស់យើង ។
ជាចុងក្រោយ ឯកឧត្តម អៀង មូលី បានធ្វើការអំពាវនាវ ដល់ស្ថាប័នរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ស្ថាប័នឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញបុរសស្រឡាញ់បុរស និងស្រីស្រស់ និង ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ផ្ទាល់ ឱ្យបន្តចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា។ ឯកឧត្តម ក៏បានអំពាវនាវទៅម្ចាស់ជំនួយឱ្យធ្វើការបន្តផ្តល់ជំនួយទាំងថវិកា និង បច្ចេកទេស ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ឈានទៅសម្រេចនូវ ”គោលដៅសូន្យបី” គឺទី១ គ្មានការចម្លងមេរោគអេដស៍ថ្មី ទី២ គ្មានការស្លាប់ដោយសារជំងឺអេដស៍ និងទី៣ គ្មានការរើសអើង និង មាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និង ជំងឺអេដស៍ នៅត្រឹមឆ្នាំ ២០២០។
ឯកសារសម្រាប់ទាញយក