
នារសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៣:០០នាទីរសៀល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន ទីប្រឹក្សា នាយកខុទ្ទកាល័យ អគ្គលេខាធិការ និងប្រធានស្តីទីនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ។
អង្គប្រជុំមានកម្មវត្ថុពិនិត្យ របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស របៀបវារៈនៃកិច្ចប្រជុំពេញអង្គ និងពិនិត្យលើពង្រាងសេចក្តីសម្រេចចិត្តក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ព្រមទាំងពិនិត្យឡើងវិញលើស្ថានភាពនៃការរាលដាលមេរោគអេដស៍ គោលដៅនៃការឆ្លើយតប បទអន្តរាគមន៍ និងសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបញ្ហាឧបសគ្គ និងអនុវត្តផែនការបន្ត។
អង្គប្រជុំសម្រេច ៖
១)- អនុម័តយល់ព្រមលើពង្រាងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២២។
២)- ពិនិត្យ និងកែសម្រួលពង្រាងសេចក្តីសម្រេចចិត្តរបស់អង្គប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដូចខាងក្រោម ៖
• បញ្ជូលចំណុចពាក់ព័ន្ធនឹងការអនុវត្ត តាមអនុសាសន៍របស់ក្រុមការងារយុទ្ធសាស្រ្ត វាយតម្លៃពាក់កណ្តាល អាណត្តិ (Strategies Working group in Mid-Term Review)
• បន្ថែមចំណុចទី៩ ដែលស្នើសុំឱ្យមូលនិធិសកល និងដៃគូអភិវឌ្ឍទាំងអស់ជួយពង្រឹងប្រព័ន្ធជាតិ (Country system) ផ្តួចផ្តើមដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចចីរភាពនៃកម្មវិធីអេដស៍នៅកម្ពុជា។