
ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោ២:៣0នាទីរសៀល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចពិភាក្សា ស្តីអំពីការចែករំលែកបទពិសោធន៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាមួយក្រុមការងារបច្ចេកទេសនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តម លោកជំទាវ លោក អ្នកស្រី អ្នកនាងកញ្ញានៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជាអនុប្រធាន អ.ជ.ប.ជ.អ អគ្គលេខាធិការ នាយកខុទ្ទកាល័យ និងដៃគូនានាជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។
លទ្ធផល ៖
១) ការសម្រេចឱ្យបាននូវអត្រាគ្របដណ្តប់សុខភាពជាសកលរួមនឹងការគាំទ្រថវិកាពីរាជរដ្ឋាភិបាល សម្រាប់ការឆ្លើយតបនឹងជំងឺអេដស៍ និងការចូលរួមពីសហគមន៍។
២) ការឈានទៅសម្រេចចីរភាពនៃកម្មវិធីអេដស៍ អ.ជ.ប.ជ.អ និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវរួមគ្នា ពង្រឹងប្រព័ន្ធជាតិ (strengthening country system) ក្នុងការឆ្លើយតបជាពហុវិស័យ ចំពោះការរីករាលដាលនៃមេរោគ អេដស៍ និងជំងឺអេដស៍ ដោយមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ។
៣) ការពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ការ (Leadership and ownership) ពង្រឹងភាពជាដៃគូ (Partnership) និងការវិនិយោគ (Investment) ដោយដាក់មនុស្ស និងសហគមន៍ នៅចំណុចកណ្តាលនៃការឆ្លើយតបនឹងជំងឺអេដស៍។
៤) លើកកម្ពស់ភាពជាម្ចាស់ និងគណនេយ្យភាពនៃបណ្តាញ និងដៃគូពាក់ព័ន្ធនៃភ្នាក់ងាររាជរដ្ឋាភិបាល សង្គមស៊ីវិល និង វិស័យឯកជន។
៥) ការបង្កើតបាននូវ ស្ថាប័នដឹកនាំគ្រប់គ្រង និងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស មានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
៦) អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាអ្នកអនុវត្តនូវគោលនយោបាយរបស់ជាតិ ជាអ្នកដឹកនាំ សម្របសម្រួលការងារ ពិនិត្យតាមដាន និងវាយតម្លៃ ក្រសួង ស្ថាប័ន រាជធានី/ខេត្ត ក្រុង និងអង្គការក្រៅរដ្ឋាភិបាល។
៧) ក្រុមប្រឹក្សាជាតិគាំពារសង្គម បានសហការយ៉ាងជិតស្និទ្ធជាមួយ អ.ជ.ប.ជ.អ ក្នុងការសម្របសម្រួល ការរៀបចំយុទ្ធសាស្រ្ត គោលនយោបាយគាំពារសង្គម កំណត់ពីអត្តសញ្ញាណប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងកម្មវិធីគាំពារសុខភាពមាតា និងទារក។
៨) ការស្នើសុំអន្តរាគមន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ថវិកាជូនខេត្តគោលដៅចំនួន១១ បន្ថែមសម្រាប់ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តចាប់ពីឆ្នាំ២០២៣។
៩) ជំរុញការផ្តល់សេវាបង្ការ ថែទាំ កាត់បន្ថយការចម្លងមេរោគអេដស៍ ពីមាតាទៅទារកឱ្យបានតាមគោលដៅកំណត់។
១០)ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាប្រើប្រាស់ពីវិធីលេបថ្នាំបង្ការទុកជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការចម្លង មេរោគអេដស៍ (Pre-exposure prophylaxis: PrEP) ដល់ប្រជាជនគន្លឹះ។