
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២២ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ “D” អគារមិត្តភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការ UNAIDS អង្គការ USAID អង្គការជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុបប្រមាណ ១៦០រូប។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកាទាំងអស់ បាន ប្តេជ្ញាបន្តនូវឆន្ទៈរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានជោគជ័យ តាមរយៈការធ្វើឱ្យសម្រេចនូវគោលគោលការណ៍សូន្យបី (សូន្យនៃការឆ្លង មេរោគអេដស៍ថ្មី សូន្យនៃការមាក់ងាយ និងរើសអើង និងសូន្យនៃការស្លាប់ដោយសារជំងឺអេដស៍) ដោយសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
នៅទីបញ្ចប់ កិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២២ បានផ្តល់អនុសសន៍ដូចខាងក្រោម៖
១. អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រមូលរាល់អនុសាសន៍ទាំងអស់ដែលបានអនុម័តជាគោលការណ៍នៅក្នុងកិច្ចប្រជុំនេះ ដើម្បីយកទៅរៀបចំ និងកែលម្អសម្រាប់ដាក់ចេញនូវគម្រោងផែនការសកម្មភាពនាពេលខាងមុខ។
២. យើងជំរុញលើកទឹកចិត្ត គ្រប់សមាជិកទាំងអស់ ដាក់វិធានការចាំបាច់នានា ធ្វើឱ្យ សម្រេចបានជោគជ័យក្នុងការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
៣.ប្រឹងប្រែងអនុវត្តសេចក្តីសម្រេចចិត្តនៃសម័យប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២២ ដែលទើបបានទទួលការអនុម័តនាពេលនេះ។
៤. ជំរុញ និងលើកទឹកចិត្តក្រសួង ស្ថាប័ន ដែលពុំទាន់បានទទួលថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យលើកសំណើថវិកាជាបន្ទាន់ ក្នុងកញ្ចប់នៃផែនការថវិការបស់ក្រសួង ស្ថាប័នសាមីក្នុងឆ្នាំសារពើពន្ធ២០២៣ ។
៥. បន្តជំរុញការអនុវត្ត រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវ កម្មវិធីគំនិតផ្តួចផ្តើមទីក្រុងរួមគ្នាពន្លឿនការឆ្លើយតបការរីករាលដាលជំងឺអេដស៍ ដែលបាន និងកំពុងដំណើរការ នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
៦. លើកទឹកចិត្តជូនខេត្តចំនួន១១ បន្ថែមទៀត ឱ្យរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
៧. សូមលើកទឹកចិត្តជូនក្រសួងផែនការ ក្រសួងសុខាភិបាល និង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ បន្តធ្វើការសហការ ជំរុញ និង កែសម្រួលនូវកម្មវិធីគ្រួសារក្រីក្រ ដោយផ្តល់ប័ណ្ណក្រីក្រ ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ជាបុគ្គល នៅតាម ART sites និងដាក់បញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធីគ្រួសារក្រីក្រថ្នាក់ជាតិរបស់ក្រសួងផែនការ ។
៨. បន្តរុករកអ្នកដែលមិនទាន់បានមកទទួលសេវាព្យាបាល ឱ្យមកទទួលយកសេវាព្យាបាល បង្កើនការគ្របដណ្តប់ និងផ្តល់អន្តរាគមន៍ឱ្យមានប្រសិទ្ធិភាព ទៅលើក្រុមប្រឈម ពិសេសក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ដោយបង្កើនតំបន់គ្របដណ្តប់កម្មវិធី PrEP។
៩. បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីទទួលបានជំនួយទាំងសម្ភារ ថវិកា និងបច្ចេកទេស សម្រាប់បន្តនីរន្តភាពកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា រហូតសម្រេចបានជោគជ័យក្នុងការបញ្ចប់អេដស៍ជាស្ថាពរ ជាពិសេសគ្រប់គ្រងឱ្យបាន ក្រុមប្រជាជនគន្លឹះ ដែលតម្រូវឱ្យមានកម្មវិធីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចដែលយើងបានធ្វើចំពោះ ក្រុមនារីបម្រើសេវាកម្សាន្តសប្បាយនៅតាមគ្រឹះស្ថាននានាផងដែរ៕
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅ Fresh News