
លទ្ធផលកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង៩:00នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ ឯកឧត្តមអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយករងខុទ្ទកាល័យ និងប្រធាននាយកដ្ឋានស្តីពីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅបន្ទប់ប្រជុំ “ខ” ។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
1) មតិបើកអង្គប្រជុំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
2) កម្មវត្ថុ នៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២២ ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
3) ខ្លឹមសារនៃកិច្ចប្រជុំក្រុមការងារនិរន្តភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយ ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
4) អនុសាសន៍ណែនាំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
ក្រោយការបង្ហាញ និងពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដូចខាងក្រោម៖
1) ថ្លែងការកោតសរសើរចំពោះលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៨ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
2) សូមបង្កើនការយកចិត្តទុកដាក់អំពីនិន្នាការកើនឡើងនៃការឆ្លងមេរោគអេដស៍ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស (MSM)។
3) សូមអបអរសាទរក្រសួងអប់រំ យុវជន និងកីឡា អំពីការរៀបចំកម្មវិធីសិក្សាអំពីជំងឺអេដស៍ និងសូមលើកទឹកចិត្តឱ្យក្រសួងធ្វើបច្ចុប្បន្នភាពអំពីមេរោគអេដស៍ និងជំងឺអេដស៍រហូតដល់ឆ្នាំ២០២១-២០២២ និងបញ្ចូលការយល់ដឹងអំពីវិធីបង្ការនៃការចម្លងមេរោគអេដស៍។
4) បន្តការងារផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍។
5) ណែនាំដល់រាជធានី ខេត្ត ទាំង១៥ ឱ្យរៀបចំផែនការប្រើប្រាស់ថវិកា៨០លានរៀល និង៦០លានរៀល ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ និងគ្រោងផ្តល់ជូន។
6) ណែនាំដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងរាជធានី ខេត្ត ឱ្យផ្តល់ព័ត៌មានលំអិតអំពីទិន្នន័យមេរោគអេដស៍ និងជំងឺអេដស៍៕