
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ថ្លែងក្នុងឱកាសបិទសិក្ខាសាលាស្តីពីការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយនិរន្តរភាពនៅកម្ពុជា នៅសណ្ឋគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ជាពិសេសចំពោះលោកស្រី Patricia Ongpin នាយិការប្រចាំប្រទេសនៃអង្គការ UNAIDS ដែលបានបន្តគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ព្រមទាំផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់ការរៀបចំសិក្ខាសាលានេះ។
គោលបំណងសិក្ខាសាលាថ្ងៃនេះ ផ្តោតលើការគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសលើការពង្រឹងប្រព័ន្ធប្រទេស នៅខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។