
នៅថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង១០:00នាទីព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញចូលរួមប្រជុំតាមបណ្តាញវីដេអូ កម្មវិធី Zoom ស្តីពីរបាយការណ៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២២ ដែលផ្តោតសំខាន់លើ «វិសមភាពដ៏គ្រោះថ្នាក់» ការដាក់ឱ្យដំណើរការក្នុងតំបន់ពី បាយការណ៍នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដោយអង្គការ UNAIDS។ ឯកឧត្តមអនុប្រធាន ទា ផលា បានអញ្ជើញចូលរួមប្រជុំអមឯកឧត្តមទេសរដ្ឋមន្ត្រី។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានឆ្លើយតបនូវសំនួរដែលទាកទងទៅនឹងហិរញ្ញប្បទានក្នុងស្រុកប្រកបដោយនិរន្តរភាពសម្រាប់ការបង្ការជំងអេដស៍ ៖
តើប្រទេសកម្ពុជា បានវិនិយោគលើកម្មវិធីបង្ការប្រកបដោយសមធម៌ដោយរបៀបណា តើបានផលចំណេញអ្វីខ្លះ?
ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ទំនងជាមិនទាន់សម្រេចគោលដៅ៩៥ ទីមួយ ដោយសារតែសម្រេចបានត្រឹមតែ ៨៤% ប៉ុណ្ណោះ។ នេះក៏ដោយសារតែ៖
១) ក្នុងរយះពេលពីរឆ្នាំចុងក្រោយ កម្ពុជាត្រូវរងផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
២) កម្រឹតនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកម្មវិធីបង្ការសម្រាប់ប្រជាជនគន្លឹះដែលមានហានិភ័យខ្ពស់គឺនៅមិនទាន់គ្រប់គ្រាន់ ដើម្បីកាត់បន្ថយចំនួននៃការឆ្លងថ្មីមកតិចជាង ឬស្មើ៣៦៥ ករណីក្នុងមួយឆ្នាំ។
៣) ការវិនិយោគខាងផ្នែកបង្ការនៅមានកម្រឹត។