
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៩:00នាទីព្រឹក ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំប្រកាសសម្រេចស្តីពីការបង្កើតក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ សាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ៤៣១ អ.ជ.ប.ជ.អ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដែលមានសមាសភាពពីក្រសួង សុខាភិបាល និងអង្គការដៃគូ។
ក្រុមការងារមានមុខងារ និងតួនាទី៖
- ប្រមូលឯកសារគតិយុត្ត ពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយជាតិលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
- សម្របសម្រួលប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត ដៃគូជាតិ អន្តរជាតិ និង អង្គការសង្គមស៊ីវិល
- រៀបចំប្រតិទិនការងារ សម្រាប់ការប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
- រៀបចំរបៀបវារៈ ដាក់ជូនក្រុមការងារបច្ចេកទេសអន្តរក្រសួងប្រជុំ និងពិភាក្សា
- រៀបចំឯកសារពាក់ព័ន្ធ ដើម្បីក្រុមការងារបច្ចេកទេសអន្តរក្រសួង យកជាឯកសារយោងក្នុងការពិភាក្សា
- ធ្វើការវិភាគស្ថានភាពរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
- ធ្វើការវិភាគស្ថានភាពឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍
- ធ្វើការវិភាគរកមើលគម្លាតនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍
- ធ្វើការកំណត់អាទិភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍
- រៀបចំកម្មវិធីការងារសម្រាប់ដំណើរការតាក់តែងគោលនយោបាយជាតិលុបបំបាត់អេដស៍ឆ្នាំ២០២៥និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
- រៀបចំសេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់អេដស៍ឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីដាក់ជូនក្រុមការងារបច្ចេកទេសអន្តរក្រសួង ពិភាក្សា
- លើកសំណើផែនការសកម្មភាពនៃគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ជាគន្លឹះមួយចំនួន៖
o កំណត់និយមន័យនៃពាក្យ ”បញ្ចប់អេដស៍”
o កំណត់និយមន័យនៃពាក្យ ”ចីរភាពនៃកម្មវិធីអេដស៍”
o ក្រុមស្នូលគួរលើកជាសេចក្តីព្រាង ឬក៏ចំណុចគោលគន្លឹះជូនក្រុមការងារអន្តរក្រសួង
o ត្រូវឈរលើមូលដ្ឋានសសរស្តម្ភបី៖ ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ
o ផ្តោលើប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអដស៍ និងជំងឺអេដស៍ (គោលការណ៍បីមួយ)៖ ក្រសួង ស្ថាប័ន ដឹកនាំទំនាក់ទំនង សម្របសម្រួល និងក្រសួង ស្ថាប័នអនុវត្តសកម្មភាព (បង្ការ ថែទាំ ព្យាបាល គាំពារ) ដោយផ្តោតសំខាន់លើការងារបង្ការ ដែលគោលដៅ៩៥ ទីមួយ ប្រទេសកម្ពុជាទើបសម្រេចបានត្រឹម ៨៤ភាគរយ
o ពិនិត្យលើលទ្ធភាពផ្តល់ការពារសង្គមដល់ក្រុមប្រជាជនគន្លឹះទទួលបានប័ណ្ណសមធម៌ និងជំរុញការធ្វើតេស្តរកមេរោគអេដស៍
o ការរៀបចំគោលនយោបាយជាតិលុបបំបាត់អេដស៍ឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ត្រូវបញ្ចប់ជាផ្លូវការឱ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕