
នៅថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាតិកា នៃការងារគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានរៀបចំឡើងដោយក្រុមការងារគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម៖
១). ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
២). ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៣). ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤. ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះ ដល់ក្រុមការងារបញ្ចូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយទាំងការងារបង្ការ ព្យាបាល ថែទាំ និងគាំទ្រ។ ដោយរួមបញ្ចូលឯកសារនានា រួមមាន យុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ផែនទីបង្ហាញផ្លូវឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយនិរន្តភាព និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឱ្យគោលនយោបាយនេះ យកទៅអនុវត្ត ទូលំទូលាយ ទាំងផ្នែកសុខាភិបាល និងផ្នែកមិនមែនសុខាភិបាល។
សេចក្តីព្រាងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នឹងគោរពស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីប្រកាសឱ្យអនុវត្តជាឯកសារគោលរបស់ជាតិតែមួយគត់ សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕