
ថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំខាល ព.ស.២៥៦៦ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៣:00នាទីរសៀល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ ឯកឧត្តមអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ និងប្រធាននាយកដ្ឋាន នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅបន្ទប់ប្រជុំ “ខ” ។
កិច្ចប្រជុំបានដំណើរការ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. មតិបើកអង្គប្រជុំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២. ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១ ឆ្នាំ២០២៣ លើរបៀបវារៈ ស្តីពីការសិក្សានីតិវិធីនៃការផ្តល់ការគាំពារសង្គមដល់ប្រជាជនគន្លឹះ ដែលគ្រោងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
៣. ការរៀបចំថវិកាជាតិ និងថវិកាគម្រោងមូលនិធិសកល សម្រាប់ឆ្នាំ២០២៤។
៤. ការរៀបចំកិច្ចប្រជុំប្រកាសផ្លូវការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោនយោបាយ លុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលគ្រោងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
៥. អនុសាសន៍ណែនាំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
ជាលទ្ធផល ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដូចខាងក្រោម៖
• ក្រុមប្រឹក្សាបច្ចេកទេស ត្រូវសិក្សា និងកំណត់ឱ្យបានច្បាស់អំពីលេខរបស់ប្រជាជនគន្លឹះ ជាពិសេសក្រុមប្រជាជនគន្លឹះដែលចល័ត គ្មានលំនៅឋានពិតប្រាកដ។ ជាបន្ថែម ក្រុមប្រឹក្សាបច្ចេកទេសត្រូវសិក្សាអំពីនីតិវិធី និងលិខិតបទដ្ឋាគតិយុត្តពាក់ព័ន្ធសម្រាប់ផ្តល់ការគាំពារសង្គមដល់ប្រជាជនគន្លឹះបានសិក្សាហើយ។
• ចាប់ពីឆ្នាំ២០២៤ ការរៀបចំថវិកាជាតិជាកញ្ចប់ដោយឡែក ដោយចូលរួមប្រជុំពិភាក្សាការពារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចក្រសួង ស្ថាប័នដទៃទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ។
• គម្រោងមូលនិធិសកល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រៀមខ្លួនសម្រាប់ដើរតួនាទីជា LIT Lead សម្រាប់គម្រោងប្រយុទ្ធនឹងជំងឺអេដស៍។
• ការរៀបចំគោនយោបាយ លុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោយកិច្ចប្រជុំប្រកាសផ្លូវការក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រោមអធិបតីភាពដ៏ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ហើយ ប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង និងប្រធានក្រុមការងារស្នូល អាចកោះអញ្ជើញសមាជិកប្រជុំតាមតួនាទីរៀងៗខ្លួន។