
នាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីធ្លាខាងមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំផ្តល់សាររំលឹកអំពីការបង្ការការចម្លងមេរោគអេដស៍ ដែលជាសារដាស់តឿនក្រើនរំឭកដល់សាធារណជនទូទៅ ពិសេសក្រុមប្រជាពលរដ្ឋប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ជាងគេ ក៏ដូចជាយុវវ័យ កុំឱ្យភ្លេចខ្លួន បាត់បង់ការទទួលខុសត្រូវ ភាពម្ចាស់ការ និងជួយខ្លួនឯងកុំឱ្យឆ្លងមេរោគអេដស៍ក្នុងទិវាអន្តរជាតិនៃក្ដីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអញ្ជើញទស្សនានៅតាមបណ្តាស្តង់តាំងពិពណ៌ដែលមានដូចជា ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមស្រីស្អាត។ នៅចំពោះមុខក្រុមបុរសរួមភេទជាមួយបុរស (MSM) ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្តឱ្យសកម្មជនទាំងនោះខិតខំបន្តយកចិត្តទុកដាក់ ផ្តល់សារឱ្យកាន់តែទូលំទូលាយដល់ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ (TG)។ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់នៅក្នុងទិវានៃក្តីស្រឡាញ់នេះថា៖ នៅពេលពិភពលោក គេប្រារព្ធទិវានៃក្តីស្រឡាញ់ចំពោះគូស្នេហ៍ ក៏ប៉ុន្តែនៅប្រទេសកម្ពុជាយើងប្រារព្ធទិវានេះដើម្បីបង្ហាញក្តីស្រឡាញ់ដល់ឪពុកម្តាយ គ្រូបាធ្យាយ ប្រពន្ធ កូន មិត្តភក្តិ ថ្នាក់ដឹកនាំប្រទេសជាតិជាដើម។ ជាពិសេសយើងចង់សំដែងសេចក្តីស្រឡាញ់ដល់អ្នកផ្ទុកមេរោគអេសដ៍ ដោយអំពាវនាវកុំឱ្យមានការរើសអើង និងទទួលយកអ្នកផ្ទុកមេរោគអេដស៍ថាជាមនុស្សដូចគ្នា ជាបងប្អូនជនរួមជាតិដូចគ្នា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា យើងយកឱកាសនេះ ដើម្បីបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាឡើយ។ យើងស្រឡាញ់រាប់អានអ្នកស្រឡាញ់ភេទដូចគ្នាគ្រប់គ្នា។ អ្វីដែលយើងចង់បាន គឺអ្នកស្រឡាញ់ភេទដូចគ្នា រួចផុតពីការឆ្លងជំងឺអេដស៍ ព្រោះថា អត្រាចម្លងមេរោគអេដស៍ក្នុងក្រុមបុរសរួមភេទជាមួយបុរស មានអត្រាកើនឡើងជាបន្តបន្ទាប់ និងអត្រាខ្ពស់ គឺមានរហូត4% បើធៀបទៅនឹងការឆ្លងក្នុងចំណោមប្រជាជនទូទៅ ដែលមានត្រឹមតែ0.6% តែប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទឹកចិត្តឱ្យក្រុមបុរសរួមភេទជាមួយបុរស បង្កើនការបង្ការកុំឱ្យមានការឆ្លងឱ្យបានខ្លាំងបំផុត ដោយប្រើស្រោមអនាម័យ ឬលេបថ្នាំមុនរួមភេទ (PreP)ជាដើម។ សូមកុំភេ្លចថា បុរសរួមភេទជាមួយបុរសដូចគ្នា ក៏ឆ្លងមេរោគអេដស៍ដែរ ប្រសិនបើគ្មានការការពារ។
នៅក្នុងឱកាសនោះ ក៏មានការចែកជូនអាវយឺត ខិត្តប័ណ្ណអប់រំផ្សព្វផ្យាយពីមេរោគអេដស៍ និងជំងឺ អេដស៍ ផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ និងចែកស្រោមអនាម័យជូនដោយឥតគិតថ្លៃ។
យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ មានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងមានការសហការជាមួយអង្គការដៃគូរជាច្រើនរួមមាន ៖ អង្គការ PSI, AHF, KHANA, FHI៣៦០ រូមជាមួយអង្គការឈូកស។