
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី បានទទួលជួបសម្ដែងការគួរសមពីលោក Yukihisa Fujita អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអតីតសមាជិកសភាជប៉ុន។ ជំនួបនេះធ្វើឡើងនៅពេលលោក Yukihisa Fujita មកបំពេញកិច្ចការងារនៅកម្ពុជា។
បន្ទាប់ពីមានមតិស្វាគមន៍ទៅវិញទៅមក និងរំឭកអំពីអនុស្សាវរីយ៍ដែលធ្លាប់ទំនាក់ទំនងការងារក្នុងអតីតកាលមក លោក Yukihisa បានជម្រាបសួរឯកឧត្តមទេសរដ្ឋមន្រ្តីអំពីតួនាទីភារកិច្ចដែលកំពុងបំពេញនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវជប៉ុនថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ជាស្ថាប័នដែលដឹកនាំការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ក្នុងនោះ យើងធ្វើការជាមួយក្រសួងស្ថាប័នរាជធានីខេត្ត និងកៀរគរថវិកាឆ្លើយតបនឹងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាជាប្រទេសដែលបានទទួលជោគជ័យជាងគេមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ លោក Yukihisa បានថ្លែងកោតសរសើរឯកឧត្តមទេសរដ្ឋមន្រ្តីថា បានបំពេញនូវការងារមនុស្សធម៌តាំងពីការកម្ចាត់មីន រហូតដល់ប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅពេលបច្ចុប្បន្ន។
មុននឹងបញ្ចប់ លោក Yukihisa បានជម្រាបសួរឯកឧត្តមទេសរដ្ឋមន្ត្រីអំពីស្ថានភាពនយោបាយបច្ចុប្បន្នមុនពេលឈានទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានត្រៀមរួចជាស្រេចដើម្បីបោះឆ្នោតនាខែកក្កដាខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចដែលមានសម្តេចតេជោជាប្រមុខបានចាត់ឱ្យថ្នាក់ដឹកនាំចុះទៅជួយមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋរៀងរាល់សប្តាហ៍។ ជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកស្រុកបរសេដ្ឋនៃខេត្តកំពង់ស្ពឺ។ បើមានបញ្ហាកើតឡើងនៅមូលដ្ឋានយើងធ្វើការដោះស្រាយ និងកែលម្អ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា សព្វថ្ងៃមានគណបក្សប្រមាណ ២០ចូលរួមក្នុងការបោះឆ្នោត។ វិធីដែលល្អបំផុតរបស់គណបក្សប្រឆាំងគឺចូលរួមក្នុងការបោះឆ្នោត ជាជាងបង្កើតឱ្យមានចលនាបដិវត្តន៍ផ្តួលរំលំរបប។
នៅទីបញ្ចប់ លោក Yukihisa បានមើលឃើញ និងថ្លែងការកោតសរសើរចំពោះនិស្សិត បញ្ញវន្តខ្មែរដែលទទួលបានចំណេះដឹងបទពិសោធន៍ពីបរទេសហើយត្រលប់មកធ្វើការជួយស្រុកវិញ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវជប៉ុនថា កូនប្រុសច្បងរបស់ឯកឧត្តមដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាម៉េរិក ក៏បានត្រលប់មកធ្វើការនៅកម្ពុជាវិញផងដែរ។