
នាថៃ្ងព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគាររេជីនស៊ីអង្គរ ក្រុងសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំប្រចាំត្រីមាស នៃរាជធានី ខេត្តអនុវត្តគម្រោងពន្លឿននៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ (FTCI)។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ លោកស្រីនាយកអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីមន្ត្រីរាជការសាខេត្ត តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកផ្ទុកមេរោគអេដស៍ និងតំណាងប្រជាជនគន្លឹះ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជានាពេលកន្លងមក ហើយកម្ពុជាក៏បានប្តេជ្ញាបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំត្រឹមឆ្នាំ២០២៥។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីឱ្យតិចជាង៣០០នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥(តិចជាង១ ករណីឆ្លងមេរោគអេដស៍ថ្មីក្នុងមួយថ្ងៃ) ។
សំណួរដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់យើងទាំងអស់គ្នា គឺតើយើងនឹងកម្ចាត់មេរោគអេដស៍ដោយ របៀបណា និងទទួលបានជោគជ័យដើម្បីសម្រេចបាននូវគោលដៅរបស់យើងមុនឆ្នាំ២០៣០ដោយរបៀបណា? យើងត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ចំនួន៣៖
១- បិទគម្លាតនៃគោលដៅ៩៥ទី១៖ ខណៈពេលដែលយើងមានការវិវឌ្ឍយ៉ាងខ្លាំងក្នុងការកាត់បន្ថយការឆ្លងថ្មីចំពោះស្ត្រី ដូចដែលបានបង្ហាញក្នុងក្រាហ្វ គម្លាតក្នុងការស្វែងរកករណីផ្ទុកមេរោគអេដស៍នៅតែជាបញ្ហា។ គោលដៅ៩៥ទី១របស់យើងបច្ចុប្បន្នគឺបានត្រឹមតែ៨៦% ហើយទិន្នន័យបង្ហាញថាអត្រាកំពុងតែកើនឡើងចំពោះបុរស ដែលភាគច្រើនជាក្រុមគោលដៅរួមទាំង MSM ផងដែរ។ ជាងនេះទៅទៀតជិតពាក់កណ្តាលនៃករណីឆ្លងថ្មីគឺស្ថិតនៅក្នុងចំណោមយុវជនដែលមានអាយុពី១៥-២៤ឆ្នាំ។ ហើយជិតពាក់កណ្តាលនៃកុមារដែលផ្ទុកមេរោគអេដស៍មិនដឹងពីស្ថានភាពរបស់ពួកគេទេ។ ក្នុងការបំពេញគម្លាតនៃគោលដៅ៩៥ទី១ យើងត្រូវកែលម្អការស្វែងរកករណី និងបង្កើនល្បឿនបង្ការដើម្បីពត់ខ្សែកោងនៃការឆ្លងមេរោគអេដស៍ថ្មី។ ពីទិន្នន័យទាំងនេះយើងត្រូវផ្តោតការខិតខំប្រឹងប្រែងរបស់យើងទៅលើក្រុមគោដៅជាយុវវ័យ ហើយរៀបចំឡើងវិញនូវអន្តរាគមន៍របស់យើងជាមួយនឹងការទប់ស្កាត់ជាយុទ្ធសាស្រ្ត និងការស្វែងរកករណីផ្ទុកលើពួកគេ។
២- រក្សាការទទួលបានការព្យាបាលដោយផ្តោតលើសមធម៌៖ ទិន្នន័យថ្មីៗបង្ហាញយើងថា យើងកំពុងធ្វើបានល្អលើការថែទាំនិងការព្យាបាលជាមួយអត្រា៩៩% ក្នុងគោលដៅ៩៥ទីពីរ និង៩៨% ក្នុង៩៥គោលដៅទី៣។ ទោះជាយ៉ាងណាក៏ដោយ កុមារមានហានិភ័យចំពោះភាពមិនស្មើគ្នាបើធៀបនឹងមនុស្សពេញវ័យ។ ជាឧទាហរណ៍មានកុមារត្រឹមតែ៥៩%ប៉ុណ្ណោះដែលទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ធៀបនឹង៩៩%នៃមនុស្សពេញវ័យ។ ជាងនេះទៅទៀតមានកុមារមួយចំនួនតូចដែលផ្ទុកមេរោគអេដស៍ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍និងថ្នាំ dolutegravir នៅថ្ងៃតែមួយ។
៣- រក្សានិរន្តរភាពនិងភាពជាម្ចាស់ប្រទេសឱ្យបានកាន់តែរឹងមាំ៖ នេះគឺជាវិស័យអាទិភាពមួយទៀតដែលយើងបានកំណត់ គឺនិរន្តរភាពនិងភាពជាម្ចាស់របស់រដ្ឋាភិបាល។ គោលដៅសម្រាប់ឆ្នាំ២០៣០ ចំពោះការផ្តល់មូលនិធិក្នុងស្រុកគឺ៥០% ប៉ុន្តែនៅមិនទាន់បានឆ្លើយតបនៅឡើយ។ លើសពីនេះតាមរយៈការពិគ្រោះជាមួយសហគមន៍ យើងឃើញថាមានកន្លែងដើម្បីរីកចម្រើនទាក់ទងនឹងការចូលរួមរបស់សហគមន៍ និងភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបនឹងមេរោគអេដស៍របស់យើង៕