
ថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ស្តីពីភាពពាក់ព័ន្ធវិស័យគាំពារសង្គមក្នុងការគាំទ្រដល់ជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍។ ក្នុងកិច្ចពិភាក្សានេះក៏មានការចូលរួមពី ឯកឧត្តម ទា ផលា និងរស់ សីលវ៉ាត់ អនុប្រធាន អ.ជ.ប.ជ.អ។
កិច្ចប្រជុំបានពិនិត្យលើរបាំងអន្តរាគមន៍មួយចំនួនក្នុងការឆ្លើយតបនឹងជំងឺអេដស៍ក្នុងចំនោមក្រុមប្រជាជនគន្លឹះរួមមានស្រ្តីបម្រើសេវាកម្សាន្តសប្បាយ និងក្រុមបុរសស្រលាញភេទដូចគ្នា ដែលប្រទេសជាតិយើងត្រូវជំនះអោយបានដើម្បីអាចធ្វើអោយសម្រេចនូវការគ្រប់គ្រងដោយជោគជ័យលើការរាលដាលមេរោគអេដស៍ ពិសេសធ្វើអោយសម្រេចគោលដៅ៩៥%ទីមួយ តាមរយៈការរកអោយឃើញអ្នកមិនទាន់ដឹងស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនប្រមាណជាង១០០០០នាក់។
លទ្ធផល ៖
១) ព្រមព្រៀងលើលទ្ធភាពប្រើប្រាស់អត្ថប្រយោជន៍គាំពារសង្គមក្នុងការគាំទ្រដល់ការងារឆ្លើយតបនឹងការរាលដាលមេរោគអេដស៍។
២) រៀបចំបញ្ចូលក្នុងសេចក្តីព្រាងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ នូវអន្តរាគមន៍គាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះ ថាជាមធ្យោបាយមួយ ក្នុងការបង្កើនការមកទទួលយកសេវាសុខភាពដែលរួមទាំងការធ្វើតេស្តឈាមរកមេរោគអេដស៍ សម្រាប់ក្រុមប្រជាជនគន្លឹះ។
៣) ត្រៀមរៀបចំកម្មវិធីបញ្ជ្រៀបការផ្សព្វផ្សាយបង្ការអេដស៍ និងការធ្វើតេស្តឈាមរកមេរោគអេដស៍ អមនឹងព្រឹត្តិការណ៍យុទ្ធនាការចុះបញ្ជីផ្តល់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) រឺបណ្ណសមធម៌ដល់ក្រុមស្រ្តីក្នុងសេវាកម្សាន្តទេសចរណ៍ ដែលនឹងរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
៤) អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមនឹងបន្តកិច្ចពិភាក្សាលើកញ្ចប់អត្ថប្រយោជន៍គាំពារសង្គមលំអិតដែលអាចដាក់ចេញជាអន្តរាគមន៍អោយប្រើប្រាស់ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍។