
ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:00នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ ប្រចាំខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករង ខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងជំនួយការបច្ចេកទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះប្រព្រឹត្តតាមរបៀបវារៈដូចខាងក្រោម ៖
១) មតិស្វាគមន៍ និងបើកកម្មវិធីរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
២) បទបង្ហាញរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៣ ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៣) បទបង្ហាញស្តីពីបច្ចុប្បន្នភាពស្ថានភាព និងការឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤) មតិចូលរយមរបស់ថ្នាក់ដឹកនាំ
៥) មតិសំណេះសំណាល បូកសរុបលទ្ធផល និងបិទកម្មវិធីដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
អនុសាសន៍
• ណែនាំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់កម្រិតនៅថ្នាក់ក្រោមជាតិរៀបចំផែនការសកម្មភាព និងថវិកាឱ្យចំគោលដៅ រៀបចំកម្មវិធីផ្សព្វផ្សាយការយល់ដឹងអំពីការយល់ដឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានកាន់តែទូលំទូលាយ ពិនិត្យស្ថានភាពអ្នកផ្ទុកមេរោគអេដស៍ដែលបានទទួលបានបណ្ណក្រីក្រ អ្នកជំងឺ អេដស៍ដែលបោះបង់ការព្យាបាល។
• ត្រៀមរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធណឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ ដោយអញ្ជើញសមាជិក សមាជិកាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជាមួយដៃគូនានា (រួមមានUNAIDS, USAID/PEPFAR, WHO, GFTAM។
• បន្តធ្វើការងារជាមួយ NCHADS/MOH ដើម្បីទទួលទិន្នន័យពីវិស័យឯកជនតាមរយៈលិខិតលេខ០៥៣ អបស.មព ចុះថ្ងៃទី១២ ខែមសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានធ្វើការណែនាំស្នើឱ្យប្រមូលព័ត៌មានអំពីអ្នកធ្វើតេស្តមេរោគអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ដែលទទួលការពិនិត្យ និងព្យាបាលនៅទីកន្លែងមូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជន។
• បន្តសិក្សាគោលនយោបាយបញ្ចប់អេដស៍ ជាពិសេសផ្តោតលើមុំបី៖ ជីវសាស្ត្រ ច្បាប់ អាកប្បកិរិយា។
• សិក្សាពីការបោះបង់ការព្យាបាលជំងឺអេដស៍របស់កុមារ។
• ចេញជាគោលការណ៍ណែនាំអំពីការផ្សព្វផ្សាយឱ្យបានច្បាស់លាស់សម្រាប់ឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់កម្រិតនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព៕