
នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ ជាអនុប្រធាន នាយកខុទ្ទកាល័យ ទីប្រឹក្សា និងអគ្គលេខាធិការ។
កិច្ចប្រជុំនេះប្រព្រឹត្តតាមរបៀបវារៈដូចខាងក្រោម ៖
• មតិស្វាគមន៍ និងបើកកម្មវិធីរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
• ពិនិត្យលើរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៥ សេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ ។
• បូកសរុបលទ្ធផល និងប្រសាសន៍ណែនាំ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
មតិចូលរួម ៖
• ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកពីប្រធានបទ សេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ ។
• ឯកឧត្តមវេជ្ជ ទា ផលា បង្ហាញអំពីបរិបទទូទៅ នៃអង្គការអន្តរជាតិ (UN) មូលនិធិសកល (GF) ស្តីពីចំណាប់អារម្មណ៍រួមនៃការប្រយុទ្ធនឹងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា។
• ឯកឧត្តម ស៊ឹម គឹមសាន ដើម្បីបញ្ចប់ការចម្លងថ្មី គឺស្នើសុំផ្សព្វផ្សាយសារអប់រំស្តីពីវិធានការការពារជំងឺអេដស៍ដល់និស្សិតថ្នាក់ត្រៀមនៅសាកលវិទ្យាល័យឯកជន ឬសមាគមន៍ឧត្តមសិក្សាក្នុងម៉ោងសិក្សា។
• ឯកឧត្តម ស៊ឹម គឹមសែន ក្មេងៗដែលវិជ្ជមាន ហើយមានការបោះបង់ការព្យាបាលច្រើន ត្រូវរកវិធីដើម្បីទប់ស្កាត់ ហើយរាល់កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស សូមអគ្គលេខាធិការធ្វើរបាយការណ៍សង្ខបពីចំណុចសំខាន់ៗ ដាក់ចូលក្នុងតេឡេក្រាមថ្នាក់ដឹកនាំផង ដើម្បីឱ្យថ្នាក់ដឹកនាំបានជ្រាប។
អនុសាសន៍ ៖
១- ពញ្ញាក់អារម្មណ៍ ដល់យុវជន យុវតី តាមសាកលវិទ្យាល័យ និងវិទ្យាល័យ។
២- រៀបចំជួបជាមួយសមាគមន៍ឧត្តមសិក្សា។
៣- រៀបចំកម្មវិធីជាមួយកីឡា
៤- ធ្វើការជាមួយ NCHADS ស្តីពី ការបោះបង់ការតាមដាន (lost follow up) លើកុមារ។
៥- តាមដានការធ្វើតេស្តក្នុងវិស័យឯកជន។
៦- ឯកឧត្តម អគ្គលេខាធិការ ត្រូវរៀបចំកិច្ចប្រជុំពេញអង្គនៅខែមិថុនាខាងមុខ ហើយត្រៀមឯកសារបញ្ជាក់ពីវត្តមានរបស់អ្នកចូលរួមប្រជុំ។
៧- អនុញ្ញាតជូន ឯកឧត្តម ទា ផលា ចូលរួមកិច្ចប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី (PCB) ដោយរៀបចំនូវសេចក្តីថ្លែងការណ៍ ទី១) សម្តែងនូវការរីករាយដែលបានចូលជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី ទី២) កោតសរសើរនូវស្នាដៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីដែលបានអនុវត្តការងារកន្លងមក ទី៣) បច្ចុប្បន្នកម្ពុជាខិតខំអនុវត្តពីវិធានការការពារការរាតត្បាតជំងឺអេដស៍ក្នុងចំណោមយុវវ័យ។