
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះ បានដំណើរការ រយៈពេលមួយព្រឹកពេញ នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំ “D” អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុបប្រមាណ ១៦២រូប។
កិច្ចប្រជុំបានលើកយករបៀបវារៈចំនួនបី មកពិនិត្យ និងពិភាក្សា៖
o បទបង្ហាញ ស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២២ បង្ហាញជូនដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
o បទបង្ហាញ ស្តីពីការរៀបចំសេចក្តីព្រៀងគោលនយោបាយជាតិ បញ្ចប់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបនឹងជំងឺអេដស៍ បង្ហាញជូនដោយ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
o អនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ ។
កិច្ចប្រជុំក៏បានពិនិត្យនូវសមិទ្ធផលសំខាន់ៗកន្លងមក ធៀបនឹងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២២ ជាលទ្ធផល៖
• ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងពង្រីកវិសាលភាពការគាំពារសង្គម និងលើកកម្ពស់ការទទួលបានសេវាសុខភាពសង្គម ដោយសម្រេចផ្តល់កិច្ចគាំពារសង្គមដល់បុគ្គលិកបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ សម្រេចបង្កើតបាននូវក្រុមការងារអន្តរក្រសួង និងក្រុមកសរងារស្ខូលតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ។
• បាន និងកំពុងរៀបចំសេចក្តីព្រាង គោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨
• បានការជំរុញលើកទឹកចិត្តគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត រៀបចំផែនការថវិកាឆ្លើយតបអេដស៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគ្រោង និងអនុវត្តថវិកា សម្រាប់រាជធានី ខេត្ត ទាំង២៥ និងក្រសួង ស្ថាប័ននានា លើផែនការសកម្មភាពឆ្លើយតបមេរោគអេដស៍ ។
• រាជរដ្ឋាភិបាលបានចេញនូវអនុក្រិត្យ លេខ ២៨០ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ស្តីពីវិធានការក្នុងការបង្ការនិងគ្រប់គ្រងការចម្លងមេរោគអេដស៍ ដើម្បីជំរុញការផ្តល់សេវាបង្ការ ថែទាំជំងឺអេដស៍ ក៏ដូចជាកាត់បន្ថយការចម្លងមេរោគអេដស៍ពីមាតាទៅទារក។
• ដើម្បីសម្រេចបាននូវគោលដៅជាតិទាំងបី រាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិការបស់ខ្លួនក្នុងឆ្លើយតបនឹងមេរោគអេដស៍ជាបន្តបន្ទាប់ ដែលក្នុងនោះ បានបង្កើនរហូតដល់ ៧៩% សម្រាប់ឱសថប្រឆាំងមេរោគអេដស៍។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកាទាំងអស់ បានប្តេជ្ញា បន្តរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ ។
កិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៣នេះ បានឯកភាពដាក់ចេញនូវសេចក្តីសម្រច ដូចតទៅ៖
១. ជំរុញយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ (៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ) តាមរយៈការជំរុញការងារបង្ការនៃការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមាន ប្រសិទ្ធភាព និងការជំរុញលើកទឹកចិត្តអ្នកមានការសង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់រហ័ស។
២. ជំរុញក្រសួងទេសចរណ៍បន្តយន្តការជំរុញលើកទឹកចិត្តដល់ គ្រប់គ្រឹះស្ថានកម្សាន្តសប្បាយ សណ្ឋាគារ និងកន្លែងកម្សាន្តនានានៅទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលនយោបាយនៃការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ឱ្យបាន ទូលំទូលាយ។
៣. ជំរុញក្រសួងអប់រំ យុវជន និងកីឡា បង្កើនការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពី មេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានទូលំទូលាយនៅតាមសាលារៀន គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដើម្បីការពារ និងកាត់បន្ថយការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជន។
៤. ជំរុញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានទូលំទូលាយដល់កម្មករ កម្មការិនី និងនិយោជិត នៅតាមរោងចក្រ សហគ្រាស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
៥. ជំរុញមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល បង្កើន និងពង្រីកតំបន់គ្របដណ្តប់នៃសេវាផ្តល់ឱសថការពារមេរោគអេដស៍ជាមុន (PrEP) នៅតាមបណ្តារាជធានី ខេត្ត។