
រសៀលថ្ងៃអង្គារ ៣កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយជូនលោក លោកស្រី ជាអតីតយុទ្ធជនចំនួន ៦០២ នៅវត្តបសេដ្ឋចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាល អភិបាលនៃគណៈភិបាលស្រុកបសេដ្ឋ ប្រធានក្រុមប្រឹក្សាស្រុកបសេដ្ឋ គណៈអភិបាលស្រុក នាយក-នាយករងរដ្ឋបាល មេបញ្ជាការកងកំលាំងទាំង៣ អង្គភាព លោក លោកស្រីមេឃុំទាំង១៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តនិងថ្លែងអំណរគុណដល់ បង ប្អូនជាយុទ្ធជនដែលបានលះបង់កំលាំងកាយ ចិត្ត ពេលវេលា អ្នកខ្លះធ្លាក់ខ្លួនជាជនពិការ លើសពីនេះទៅទៀតរហូតដល់ពលីជីវិត។
ប្រទេសជាតិមានការរីកចម្រើន និងការអភិវឌ្ឍន៍ នាំមកនូវសុខសន្តិភាព ក៏ដោយសារមានការចូលរួមពីបងប្អូនជាយុទ្ធជន។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបំពាក់មេដាយមាសចំនួន ៦៣ គ្រឿង និងមេដាយប្រាក់ចំនួន ៥៣៩ គ្រឿង ព្រមទាំងបានឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន៦០២នាក់ ក្នុងម្នាក់ៗចំនួន៥០.០០០ រៀល ជាអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី។