
រសៀលថ្ងៃពុធ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយជូនលោក លោកស្រី ជាអតីតយុទ្ធជនចំនួន ៦០២ នៅវត្តបសេដ្ឋចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាល អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ប្រធានក្រុមប្រឹក្សាស្រុកបសេដ្ឋ គណៈអភិបាលស្រុក នាយក-នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងទាំង៣ អង្គភាព លោក លោកស្រី មេឃុំទាំង១៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តនិងថ្លែងអំណរគុណដល់ បងប្អូនជាយុទ្ធជនដែលមានវីរៈភាពអង់អាចក្លាហាន បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបូរណភាពជាតិ និងមាតុភូមិ។ អ្នកខ្លះមានជំងឺប្រចាំកាយ អ្នកខ្លះទៀតបានក្លាយខ្លួនជាជនពិការ លើសពីនេះទៅទៀត អ្នកខ្លះបានពលីជីវិតនៅក្នុងសមរភូមិ។ ប្រទេសជាតិមានសុខសន្តិភាព នាំមកនូវការរីកចម្រើន និងការអភិវឌ្ឍន៍។ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពឱ្យស្ថិតនៅគង់វង្សជារៀងរហូត សម្រាប់ក្មេងៗជំនាន់ក្រោយ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី មកចែកជាលើកទីពីរ ដើម្បីបង្គ្រប់ក្នុងម្នាក់ៗឲ្យបានគ្រប់ ៥០,០០០ រៀល ជូនអតីតយុទ្ធជនចំនួន៦០២នាក់។