
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងងជំងឺអេដស៍ សាលប្រជុំ «ខ» វេលាម៉ោង៨:៣០នាទីព្រឹក។ ក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ បានដំណើរការកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបនឹងជំងឺអេដស៍ឆ្នាំ២០២៣-២០២៨»។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងងជំងឺអេដស៍ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកអ្នកស្រី ជាអនុប្រធាន សមាជិក សមាជិកា លេខាធិការ និងទីប្រឹក្សា ចំនួនសរុប២០រូប។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈ ដូចខាងក្រោម ៖
o កិច្ចស្វាគមន៍បើកកិច្ចប្រជុំ ដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង តាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
o បទបង្ហាញសេចក្តីព្រាង ដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសអន្តរក្រសួង តាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
o កិច្ចពិភាក្សា
o មតិបូកសរុបលទ្ធផលកិច្ចប្រជុំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា
ក្រោយពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល តាមរយៈសេចក្តីសម្រេចលេខ ០០៣ សសរ ចុះថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៣ បង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ សេចក្តីព្រាងគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបនឹងជំងឺអេដស៍ឆ្នាំ២០២៣-២០២៨ ត្រូវបានប្រជុំពិភាក្សា និងរៀបចំជា៣ជំពូក ដោយចែកជាគោលនយោបាយជាតិចំនួន៧ ដូចខាងក្រោម៖
ជំពូកទី១ សេចក្តីផ្តើម
១- ស្ថានភាពរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
២- ស្ថានភាពឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
៣- គម្លាតនៃការឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
៤- ការប្តេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UN) និងសេចក្តីថ្លែងការណ៍អាស៊ានអំពី មេរោគអេដស៍
៥- ការកំណត់នូវអាទិភាពឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជានាឆ្នាំ២០២៥
ជំពូកទី២ គោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ឆ្នាំ២០២៥
១- ទស្សនវិស័យ
២- គោលបំណង
៣- កម្មវត្ថុ
៤- គោលដៅ
៥- គោលការណ៍
គោលនយោបាយជាតិ
• គោលនយោបាយទី១ ភាពជាម្ចាស់ក្នុងការដឹកនាំ គ្រប់គ្រងនិងសម្របសម្រួលយន្តការឆ្លើយតបជាតិ
• គោលនយោបាយទី២ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការឱ្យបានលើសពី៩៥%
• គោលនយោបាយទី៣ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីព្យាបាលឱ្យបានលើសពី៩៥%
• គោលនយោបាយទី៤ ពង្រីកអត្រាគ្របដណ្តប់កម្មវិធីសំណាញ់សុវត្ថិភាពឱ្យបានដល់ក្រុមគោលដៅ
• គោលនយោបាយទី៥ បញ្ចប់ការរើសអើង និងមាក់ងាយ
• គោលនយោបាយទី៦ ចលនាធនធានឆ្លើយតបទៅនឹងសេចក្តីត្រូវការ
• គោលនយោបាយទី៧ ពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាតិឱ្យបានទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ