
ក្រោយបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទស្តីពីវិទ្យាសាស្ត្រមេរោគអេដស៍នៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី (the 12th IAS Conference on HIV Science, in Brisbane, Australia) ចាប់ពីថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ២០២៣។
ប្រតិភូចូលរួមមានថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសង្គមស៊ីវិលចំនួនសរុបចំនួន១៤នាក់។
កិច្ចប្រជុំមានការចូលរួមពីអ្នកនយោបាយ អ្នកបច្ចេកទេសមកពីប្រទេសនានា មានចំនួនជាង ៤ ០០០នាក់។
គោលបំណងនៃសន្និសីទ គឺ ផ្តោតលើការជួបពិភាក្សាគ្នារវាងអ្នកនយោបាយ អ្នកវិទ្យាសាស្ត្រដើម្បីធ្វើសកម្មភាពរួមគ្នាឆ្លើយតបទៅនឹងការមេរោគអេដស៍ និងជំងឺអេដស៍។
លោកស្រី Sharon Lewis ប្រធានសន្និសីទ IAS បានលើកឡើងថា «រយៈពេល ៤០ ឆ្នាំកន្លងមកនៃការស្រាវជ្រាវមេរោគអេដស៍បានបង្រៀនយើងថា វឌ្ឍនភាពកើតឡើងនៅពេលដែលវិទ្យាសាស្ត្រ គោលនយោបាយ និងសកម្មភាពធ្វើរួមគ្នា។ ការទទួលយកនូវភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រចុងក្រោយបង្អស់ និងរបៀបដែលពួកគេអាចបម្រើបានល្អបំផុតដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅជុំវិញពិភពលោកនឹងស្ថិតនៅស្នូលនៃការជជែកពិភាក្សា និងបទបង្ហាញទាំងអស់នៅ IAS 2023។»
ប្រធានបទជាច្រើនត្រូវបានលើកយកមកបង្ហាញ និងពិភាក្សា ដូចជា ថ្នាំបង្ការ និងការព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ ការគ្រប់គ្រង និងការបង្ការការឆ្លងមេរោគអេដស៍ ការដោះស្រាយបញ្ហារើសអើង ការប្រើប្រាស់ឱសថបង្ការមុនការប្រឈមឆ្លងមេរោគអេដស៍ (PrEP) ការកើនឡើងនៃការរួមភេទជាមួយនឹងការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមប្រជាជនគន្លឹះ គោលដៅ ៩៥-៩៥-៩៥ ការឆ្ពោះទៅបញ្ចប់អេដស៍ ការថែទាំបន្តអ្នកជំងឺអេដស៍ វិធីសាស្ត្រថ្មីក្នុងការបង្ការមេរោគអេដស៍ និងការសន្យាហិរញ្ញប្បទានជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានជួបជាមួយលោកស្រី Sharon Lewis និងមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព និងភាពជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ក្រោមមគ្គទេសក៍ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕