
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង៨៖០០ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជា តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ប្រជាជនគន្លឹះ យុវវ័យ និងអ្នករស់នៅជាមួយមេរោគអេដស៍។ កិច្ចប្រជុំពេញអង្គលើកទី២នេះ ធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២៣។
ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍អ្នកចូលរួមទាំងអស់ និងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ដែលទទួលបានការតែងតាំងជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្តក្នុង នីតិកាលទី៧នេះ ហើយបន្ត និងមកដឹកនាំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងគោលបំណងលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងឈានឆ្ពោះទៅកាន់ចីរភាពក្នុងការឆ្លើយតបនាពេលខាងមុខ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាននិងកំពុងដឹកនាំតាក់តែងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះរួមមាន៧ចំណុចដែលនឹងត្រូវដាក់ចេញដើម្បីធានាថា មេរោគអេដស៍នឹងមិនរីករាលដាលបង្កជាគ្រោះថ្នាក់ដល់សុខភាពសាធារណៈផ្សេងទៀត នៅពេលដែលកម្ពុជាឈប់ទទួលហិរញ្ញវត្ថុពីប្រភពខាងក្រៅ ៖
១) គោលនយោបាយទី១ ៖ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
២) គោលនយោបាយទី២ ៖ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការ
៣) គោលនយោបាយទី៣ ៖ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីព្យាបាល
៤) គោលនយោបាយទី៤ ៖ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម
៥) គោលនយោបាយទី៥ ៖ បញ្ចប់ការរើសអើង និងមាក់ងាយ
៦) គោលនយោបាយទី៦ ៖ ចលនាធនធាន
៧) គោលនយោបាយទី៧ ៖ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា យើងក៏បានបញ្ចប់រួចហើយនូវសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ ឆ្នាំ២០២៤-២០២៨ ដែលជាសមិទ្ធផលថ្មីមួយទៀតកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ ផ្តោតលើគោលបំណងធំៗចំនួន ៤ដូចខាងក្រោម ៖
១) ផ្តល់នូវការការពារ ការព្យាបាល ការថែទាំ និងការគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាព តាមរយៈការអនុវត្តវិធីសាស្រ្តពហុវិស័យទូលំទូលាយដែលមានការសម្របសម្រួលបានល្អ
២) ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៃប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ និងបង្កើតបរិយាកាសអំណោយផល សម្រាប់ពួកគាត់ អាចទទួលបានសេវាអេដស៍ ប្រកបដោយប្រសិទ្ធភាព
៣) ធានានូវនិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ ដោយបង្កើនការវិនិយោគក្នុងស្រុក និងការពង្រឹងប្រព័ន្ធប្រទេស (Country system) ដែលគ្រប់គ្រង សម្របសម្រួល និងតាមដានការឆ្លើយតបមេរោគអេដស៍
៤) កសាងសមត្ថភាពស្ថាប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបដែលដឹកនាំសហគមន៍ និងកែលម្អការរួមបញ្ចូលមេរោគអេដស៍ក្នុងវិស័យសុខាភិបាល និងវិស័យមិនមែនសុខភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រគោលនយោបាយជាតិរបស់យើង ដោយបានដាក់ចេញនូវនីតិវិធីជាតិសម្រាប់ប្រើប្រាស់ថវិការដ្ឋនៅថ្នាក់ក្រោមជាតិ និងផ្ដល់ថវិកាសម្រាប់ការងារអេដស៍ដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ទោះជាក្នុងកម្រិតណាក៏ដោយ ដែលនេះជាកត្តាមិនអាចខ្វះបានដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥។
មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យើងបាននិងកំពុងតែធ្វើដំណើររួមគ្នាប្រកបដោយទស្សនវិស័យច្បាស់លាស់ក្នុងក្តីសង្ឃឹមពិតប្រាកដ ឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ យើងអាចធានាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍។ យើងទាំងអស់គ្នាបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រង និងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសយើងមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃ ជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។