
នៅរសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង១៤៖០០ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣។ សន្និបាតនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ប្រជាជនគន្លឹះ យុវវ័យ និងអ្នករស់នៅជាមួយមេរោគអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ជាពិសេសទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជាមួយអង្គការដៃគូ ក្នុងការពង្រីកសក្តានុពលនៃអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យ ថាផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមលទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រ ឆ្នាំ២០២៣ ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍នៅថ្នាក់ក្រោមជាតិបានរកឃើញថា រាជធានី ខេត្តដែលមានការឆ្លងមេរាគអេដស៍ថ្មីក្នុងចំណោមក្រុមប្រឈម មាន៦រាជធានី ខេត្តគឺ ៖ រាជធានីភ្នំពេញ ខេត្ត បាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងខេត្តព្រះសីហនុ ដែលមានអត្រាឆ្លងរហូតដល់៧២% នៃការឆ្លងថ្មីនៅទូទាំងប្រទេស។ ក្នុងនោះ ខេត្តតាកែវ និងខេត្តព្រះសីហនុ គឺជាខេត្តពីរក្នុងចំណោមរាជធានី ខេត្ត៤ផ្សេងទៀត ដែលត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគអេដស៍ថ្មីខ្ពស់ជាងគេក្នុងចំណោមប្រជាជនគន្លឹះ (ក្រុមប្រជាជនប្រឈមមុខខ្ពស់) រួមមាន បុរសរួមភេទជាមួយបុរស (MSM) ស្ត្រីបំប្លែងភេទ (TG) អ្នកបម្រើក្នុងសេវាកម្សាន្ត (EW) និងអ្នកប្រើប្រាស់គ្រឿងញៀន (PWID/PWUD)។ តាមការវិភាគក៏បានបង្ហាញថា កំណើននៃការឆ្លងមេរោគអេដស៍ថ្មី គឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស មានចំនួន៧៩%។ ក្នុងនោះ ៨៣%នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬជាក្រុមប្រជាជនគន្លឹះ។ ជាមួយគ្នានេះ ក្រុមបុរសរួមភេទជាមួយបុរសដែលជាយុវវ័យ ចំនួន៥០%ត្រូវបានរកឃើញថា មិនទទួលស្គាល់ថាខ្លួនជាអ្នកប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ឡើយ។ ដូច្នេះ យើងគប្បីត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការពង្រីកសេវាគ្របដណ្តប់ និងអន្តរាគមន៍បង្ការឱ្យបានហ្មត់ចត់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
មុននឹងប្រកាសបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញពីជំនឿថា អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកា ដែលអាចយកទៅប្រើប្រាស់ក្នុងការកែលម្អ និងអនុវត្តកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត របស់ខ្លួនឱ្យបានកាន់តែល្អប្រសើរថែមទៀត។