
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមកិច្ចប្រជុំលើកទី៥៣នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីយូអិនអេដស៍ (UNAIDS) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងបានថ្លែងសុន្ទរកថាអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨ និងឈានទៅសម្រេចបានគោលដៅ៩៥-៩៥-៩៥ឱ្យទាន់ពេលវេលា។ កម្ពុជាសម្រេចបានអត្រាឆ្លើយតប៨៦-៩៩-៩៨ រួចហើយនៅដំណាច់ឆ្នាំ២០២២។ ដូច្នេះ យើងនៅតែត្រូវការធ្វើឱ្យសម្រេចគោលដៅ៩៥ដំបូងប៉ុណ្ណោះ។
ដើម្បីធ្វើដូច្នេះបាន កម្ពុជាបាននឹងកំពុងអនុវត្តវិធីសាស្រ្តផ្តោតលើប្រជាជនដូចមានចែងក្នុងយុទ្ធសាស្ត្រជំងឺអេដស៍សកល ឆ្នាំ២០២១- ២០២៦។ ចំណុចនេះត្រូវបានអនុវត្តតាមរយៈវិធីសាស្ត្រ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លើសពីនេះ យុទ្ធសាស្ត្រជាតិទី៦របស់កម្ពុជាសម្រាប់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍ នឹងជួយបំពេញឱ្យសម្រេចបានគោលដៅនៃការបញ្ចប់ជំងឺអេដស៍។
បន្ទាប់ពីបានស្តាប់បទអន្តរាគមន៍របស់សមាជិកទាំងអស់មក នាយិកាប្រតិបត្តិយូអិនអេដស៍ លោកស្រី Winnie Byanyima បានយកឱកាសបូកសរុបសម្តែងការកោតសសើរកម្មវិធីអេដស៍កម្ពុជាដែលគេចាត់ទុកជាជោគជ័យមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសក្នុងការឆ្លើយតបជាពហុវិស័យ។