
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជួបជាមួយលោក Mark Edington ប្រធានគ្រប់គ្រងជំនួយមូលនិធិសកល និងលោក Urban Weber ប្រធាននាយកដ្ឋាន (Head of Department – High Impact Asia) នៅទីស្នាក់ការកណ្តាលមូលនិធិសកល នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ យុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ របស់កម្ពុជាក្នុងការបញ្ចប់ជំងឺអេដស៍ និងវឌ្ឍនភាពលើការតាក់តែង គោលនយោបាយជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍។
លោក Edington បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជោគជ័យដែលសម្រេចបាន។ លោកក៏បានទទួលស្គាល់ការដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រីក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបានមានប្រសាសន៍ថា កម្ពុជាគឺជាគំរូសម្រាប់ប្រទេសដទៃទៀត ដើម្បីយកតម្រាប់តាម។ កម្ពុជាបានសម្រេចលើសពីគោលដៅ៩៥-៩៥-៩៥ ចំនួនពីររួចហើយ ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅ៩៥ទីមួយ។