អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី១៨ មេសា ២០១៤

នាព្រឹកថ្ងៃទី១៨ មេសា ២០១៤ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) មានការរៀបចំ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម និង លោកជំទាវ ជាសមាជិកគណៈរដ្ឋមន្រ្តី ។
របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន ៖
១. សេចក្តីបព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។
២. សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
៣. សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និង ព្រះរាជអាជ្ញា ។
៤. បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិ ប្បញ្ញត្តិលើ ពិធីសារនៃវិសោធនកម្មលើអនុសញ្ញាអន្តរជាតិស្តីពី សាមញ្ញកម្ម និង ការធ្វើ ឱ្យស៊ីសង្វាក់នៃនីតិវិធីគយ ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនោះផងដែរ។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរ គណៈរដ្ឋមន្រ្តីបានអនុម័តលើសេចក្តីព្រាង ច្បាប់ទាំងបីខាងលើ។
អង្គប្រជុំបានបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់។