ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតីបើក កិច្ចប្រជុំពិគ្រោះយោបល់អំពីជំងឺគ្រុនចាញ់ ៖ កិច្ចសន្ទនាប្រចាំប្រទេសឆ្នាំ២០១៤

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឋានៈជាប្រធានគណៈកម្មាធិការសម្របសម្រួល ប្រចាំប្រទេសកម្ពុជា ដែលជាស្ថាប័នសម្របសម្រួលដល់ការដឹកនាំអនុវត្តគម្រោងជំនួយ របស់មូលនិធិសកលប្រចាំកម្ពុជាលើជំងឺអេដស៍ របេង និង គ្រុនចាញ់ បានអញ្ជើញ ជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីជំងឺគ្រុនចាញ់ ៖ កិច្ចសន្ទនាប្រចាំប្រទេសឆ្នាំ ២០១៤ នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ ។
បន្ទាប់ពីសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះអ្នកចូលរួមកិច្ចប្រជុំមក ឯ.ឧ. ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កិច្ចប្រជុំដែលរៀបចំរយៈពេលពីរថ្ងៃនេះ ធ្វើឡើង ដើម្បីពិគ្រោះយោបល់អំពីជំងឺគ្រុនចាញ់ ដែលជាកិច្ចសន្ទនាប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៤ ក្នុងការរកឱ្យឃើញអាទិភាវូបនីយកម្មសកម្មភាពសម្រាប់កំណត់បង្ហាញទស្សនៈ ។ ក្រុម ការងារចំនួន៦ នឹងត្រូវបង្កើតឡើងដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់បង្ហាញទស្សនៈ នោះ ។
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានបន្តថា យើងមានភាពងាយស្រួលដោយ កំណត់បង្ហាញ ទស្សនៈជំងឺរបេងត្រូវបានអនុម័តរួចរាល់ហើយ ដែលអាចផ្តល់ជាបទពិសោធន៍សម្រាប់ជំងឺ គ្រុនចាញ់ ។ ដូច្នេះ កំណត់បង្ហាញទស្សនៈជំងឺគ្រុនចាញ់ពេញលេញមួយនឹងដាក់ស្នើទៅ មូលនិធិសកល ឱ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ អាចនឹងសម្រេចបាន ។
នៅទីបញ្ចប់ឯ.ឧ.ទេសរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យ សមាជិក-សមាជិកាអង្គប្រជុំ ដែលមកពីក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា អង្គភាពថ្នាក់ក្រោមជាតិ តំណាងសហ គមន៍ ប្រជាជនដែលប៉ះពាល់សំខាន់ៗ និង ដៃគូពាក់ព័ន្ធ ផ្តល់នូវធាតុចូលដែលមានសារៈ សំខាន់ដើម្បីរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដ៏កំណាច ធ្វើយ៉ាងណាឱ្យយើង រៀបចំបាននូវកំណត់បង្ហាញទស្សនៈអំពីជំងឺគ្រុនចាញ់ដ៏សមស្រប ក្នុងការធានានូវការ ទទួលបានហិរញ្ញប្បទានពីមូលនិធិសកល សម្រាប់រយៈពេល ៣ឆ្នាំខាងមុខបន្តទៀត ។
ឯ.ឧ. ទេសរដ្ឋមន្រ្តីបានប្រសិទ្ធពរជ័យជូនដល់សមាជិក-សមាជិកអង្គប្រជុំ និងបាន ប្រកាសបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីជំងឺគ្រុនចាញ់ ៖ កិច្ចសន្ទនាប្រចាំប្រទេសឆ្នាំ ២០១៤។
ឯកសារសម្រាប់ទាញយក