កម្ពុជាត្រៀមខ្លួនដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ICAAP 13 នៅឆ្នាំ ២០១៧

អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានបើកកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីពិភាក្សាអំពីការត្រៀមខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីអំពី ជម្ងឺអេដស៍ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១៣ នៅឆ្នាំ២០១៧ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជម្ងឺអេដស៍ នៅទីស្នាក់ការនៃអាជ្ញាធរ ក្នុងរាជធានីភ្នំពេញ ។
ការត្រៀមរៀបចំសន្និសីទអន្តរជាតិថ្នាក់តំបន់នេះទើបតែចាប់ផ្តើមលើកឡើងជាគំនិត និងពិភាក្សាអំពីលទ្ធភាពខ្លះៗតែប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់កំណត់កាលបរិចេ្ឆទ ចំនួនមនុស្ស និង ប្រទេស ដែលនឹងត្រូវចូលរួមនោះនៅឡើយទេ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរនេះ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអោយខិតខំប្រមែប្រមូលឯកសារ រូបថត វីដេអូ ដែលជាតម្រូវការចាំបាច់ដើម្បីដាក់បេក្ខភាពរបស់កម្ពុជាក្នុងការរៀបចំសន្និសីទICAAP លើកទី១៣នេះ អោយបានជោគជ័យ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធាន បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ គប្បី ត្រៀមរូបភាពទីតាំងសាលប្រជុំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព័ត៌មានវិទ្យា ពិភាក្សាជាមួយក្រសួងពាក់ ព័ន្ធ ដើម្បីសិក្សាសកម្មភាពក្រៅICAAP និងជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីបំពេញឯកសារចាំបាច់នានា ព្រមទាំងសិក្សាលទ្ធភាពបំរុងទុកទីតាំងសាលប្រជុំ សណ្ឋាគារ ក្នុងករណីដែលបេក្ខភាព របស់កម្ពុជាទទួលបានជោគជ័យ ។ យោងតាមព័ត៌មានក្រៅផ្លូវការ ប្រទេសវៀតណាម ក៏បានត្រៀមដាក់បេក្ខភាពប្រជែងនិងកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទICAAP លើកទី១៣ នាឆ្នាំ២០១៧ នោះដែរ ។ គួររំលឹកថា សន្និសីទអន្តរជាតិ ស្តីអំពីជម្ងឺអេដស៍ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ICAAP) លើកទី១១ បានត្រូវគេប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ កាលពីដើមឆ្នាំ២០១៤ ។